
អ្នកស្រី ហួន ផល្លី បានធំធាត់ឡើងដោយឃើញឪពុករបស់គាត់បើកអាជីវកម្មផលិតស្បែកជើងដោយដៃ ក៏បានសម្រេចចិត្តដើរតាមគន្លងរបស់ឪពុកគាត់និងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួននៅខេត្តកណ្តាល។
ដោយទទួលបានការបំផុសគំនិតពីភាពជោគជ័យរបស់ឪពុកគាត់, ម្តាយកូន ២ ដ៏មានទេពកោសល្យរូបនេះ បានបើកអាជីវកម្មមួយឈ្មោះ Khmer Corp ដែលផលិតស្បែកជើងបុរស និងនារីស្អាតៗសម្រាប់ទីផ្សារក្នុងស្រុក និងលក់តាមអនឡាញ។
អ្នកស្រី ផល្លី អាយុ ៣២ ឆ្នាំថ្លែងថា៖ «ខ្ញុំបានរៀនធ្វើស្បែកជើងតពីឪពុករបស់ខ្ញុំ និងតាមរយៈការមើលវីដេអូក្នុង YouTube។ ឪពុករបស់ខ្ញុំត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងសហគមន៍ ដោយសារស្នាដៃផលិតស្បែកជើងធ្វើដោយដៃរបស់គាត់ ប៉ុន្តែខ្ញុំមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលគាត់បានបិទហាងរបស់គាត់ឈប់ផលិតទៀត។ ដូច្នេះខ្ញុំក៏សម្រេចចិត្តបន្តកេរ្តិ៍ដំណែលរបស់គាត់»។
សហគ្រិនស្ត្រីដែលបង្កើតជំនួញដោយខ្លួនឯងនេះ បានប្រើប្រាស់ប្រាក់សន្សំនិងកម្ចីពីធនាគារ ដើម្បីដំណើរការអាជីវកម្មរបស់ខ្លួន។
ភាពជោគជ័យរបស់គាត់បានធ្វើឱ្យមានការចាប់អារម្មណ៍ពីការសហការរួមគ្នារវាងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ និង Lady Saving Group ក្នុងការផ្តល់ប្រាក់កម្ចីឥតការប្រាក់ដល់សហគ្រិនខ្នាតតូចចំនួន ៥ នាក់, ជាផ្នែកមួយនៃគម្រោង ទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន ដែលបានចាប់ផ្តើមនៅឆ្នាំនេះ។ ហើយលោកស្រីផល្លីគឺសហគ្រិនស្ត្រីទី៤ ដែលទទួលបានកម្ចីនេះ។
សុវណ្ណាភូមិ ឡាយហ្វ៍ ជាមួយភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងទំនុកចិត្ត បានចាប់ផ្តើមយុទ្ធនាការ CSR របស់ខ្លួនដោយបានឧបត្ថម្ភកម្មវិធីរត់ប្រណាំងស្ត្រី`«Women Run 10k 2023» ក្នុងទិវាអន្តរជាតិនារី ៨ មីនា។

ពិធីរត់ប្រណាំងនោះត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ស្ត្រីក្នុងភាពជាអ្នកដឹកនាំ» ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយសុវណ្ណាភូមិ ឡាយហ្វ៍បានសន្យាថានឹងចូលរួមវិភាគទានចំនួន ៤ ០០០ រៀល សម្រាប់ការចុះឈ្មោះចូលរួមរត់ម្នាក់ ដើម្បីផ្តល់មូលនិធិដល់គម្រោងគំនិតផ្តួចផ្តើម CSR របស់ខ្លួន ដើម្បីជួយដល់សហគ្រិនស្ត្រីដែលបើកអាជីវកម្មខ្នាតតូច។
អ្នករត់ប្រណាំងប្រមាណ ១ ៦០០ នាក់ បានចូលរួមក្នុងការរត់ប្រណាំងចម្ងាយ១០គីឡូម៉ែត្រ ដែលបានប្រារព្ធធ្វើឡើងនៅសួនច្បារវត្តបទុមវតី មហាវិថីសុធារស រាជធានីភ្នំពេញ ក្នុងនោះក៏មានការរត់កម្សាន្តលក្ខណៈគ្រួសារ និងកុមារក្នុងចម្ងាយ ៤ គីឡូម៉ែត្រផងដែរ។
លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ មានប្រសាសន៍ថា ៖«យើងទទួលស្គាល់ថាការផ្តល់ហិរញ្ញប្បទានដល់សហគ្រិនស្ត្រីអាចបង្កើតនូវឥទ្ធិទ្វេគុណដ៏អស្ចារ្យព្រោះវានឹងធ្វើឱ្យពួកគេរឹងមាំ និងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចក្នុងស្រុក និងសង្គមជាតិ។
«ជាមួយការគាំទ្រដ៏ត្រឹមត្រូវនេះ ថ្នាក់ដឹកនាំសហគ្រិនស្ត្រី អាចនាំមកនូវការផ្លាស់ប្តូរនៅកម្រិតមូលដ្ឋាន តាមរយៈការបង្កើតការងារ»។
សុវណ្ណាភូមិ ឡាយហ្វ៍បានសហការជាមួយ Lady Saving Group ដែលជាផ្នែកមួយនៃអង្គការមិនស្វែងរកប្រាក់ចំណេញ Women Entrepreneurs Act ដើម្បីគាំទ្រដល់សហគ្រិនស្ត្រី។

សុវណ្ណាភូមិ ឡាយហ្វ៍នឹងផ្តល់ថវិកាចំនួន ២ ០០០ ដុល្លារសម្រាប់គម្រោង CSR ដែលក្នុងនោះ ៥០០ ដុល្លារនឹងផ្តល់ទៅឱ្យ Lady Saving Group ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពដែលកំពុងដំណើរការរបស់ខ្លួន ខណៈសហគ្រិនដែលត្រូវបានជ្រើសរើសនឹងទទួលបានប្រាក់កម្ចីចំនួន ៣០០ ដុល្លារដោយគ្មានការប្រាក់។ស្ត្រីដែលទទួលបានកម្ចីនឹងត្រូវសងប្រាក់វិញក្នុងរយៈពេល ១០ ខែ ដោយប្រាក់នោះត្រូវចែកចាយឡើងវិញទៅឱ្យសហគ្រិនស្ត្រីដែលចាប់ផ្តើមអាជីវកម្មខ្លួនឯងផ្សេងទៀត ដូចអ្នកស្រីផល្លីនេះ។
អ្នកស្រីផល្លី ដែលផលិតស្បែកជើងពីផ្ទះរបស់គាត់ នៅភូមិព្រែកក្របៅ ៣ ខណ្ឌខ្សាច់កណ្តាល និងមានបុគ្គលិកចំនួន ៤ នាក់ បានលើកឡើងថា៖ «ខ្ញុំត្រូវបានលើកទឹកចិត្ត ដែល Lady Saving Group ផ្តល់កម្ចីឥតការប្រាក់ដល់ខ្ញុំ ប្រាក់នេះនឹងផ្តល់ឱ្យខ្ញុំនូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ ហើយខ្ញុំអាចប្រើថវិកានេះទៅទិញវត្ថុធាតុដើមបន្ថែម ដើម្បីបង្កើនការផលិតស្បែកជើងរបស់ខ្ញុំ។មហិច្ឆតារបស់ខ្ញុំគឺចង់ឱ្យទីផ្សារលក់ទំនិញធ្វើដោយដៃរបស់ខ្ញុំរីកសុះសាយនៅទូទាំងប្រទេសកម្ពុជា»។
Lady Saving Group កំពុងធ្វើការឆ្ពោះទៅរកការកែលម្អសុខុមាលភាពរបស់សហគ្រិនស្ត្រី ដោយរៀបចំកម្មវិធីបណ្តុះបណ្តាលជាប្រចាំស្តីពីភាពជាអ្នកដឹកនាំ និងភាពជាសហគ្រិន ផ្តល់ការណែនាំ និងបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុជាដើម។

អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្ន សហស្ថាបនិក និងជាប្រធានផ្នែកយុទ្ធសាស្ត្រនិងកម្មវិធីនៃ Lady Saving Group បានមានប្រសាសន៍ថា៖«ការចូលរួមពីវិស័យឯកជន គឺចាំបាច់ណាស់ក្នុងការនាំមកនូវធនធាន និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីពង្រឹងការចូលរួមរបស់ស្ត្រីបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ចរបស់យើង។ ការចូលរួមរបស់ពួកគេគឺជាជំហានឆ្ពោះទៅមុខដ៏ធំមួយសម្រាប់ស្ត្រីដែលបង្កើតអាជីវកម្មដោយខ្លួនឯង ដែលពួកគេតែងប្រឈមហានិភ័យនៅលើទីផ្សារ»។
សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ជូនការបញ្ចុះតម្លៃពិសេសរហូតដល់ ២០ ភាគរយ លើផលិតផលដ៏ពេញនិយមរបស់ខ្លួនគឺ SMILE Life Solutions សម្រាប់អ្នកចូលរួមទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ។
ការផ្តល់ជូននេះមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣៕
