
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន(ឆ្វេង) ក្នុងពិធីចុះហត្ថលេខាជាមួយភាគីវៀតណាម នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រទេសវៀតណាម។ រូបថត ក្រសួងការបរទេស
ភ្នំពេញៈ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី ២០-២២ ខែមីនា ឆ្នាំ២០២៣ កម្ពុជា និងវៀតណាម បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស ភាគីទាំង២បានឯកភាពធ្វើកិច្ចសហប្រតិបត្តិការ និងពន្លឿនការបញ្ចប់ផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០៣០ ក្នុងឆ្នាំនេះ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា លោកប្រាក់ សុខុន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំង២ ដែលបានរីកលូតលាស់កាន់តែរឹងមាំលើគ្រប់វិស័យ និងគ្រប់កម្រិត បើទោះបីជាមានបញ្ហាប្រឈមជាច្រើនដែលមិនធ្លាប់កើតឡើងពីមុនមក ក្នុងតំបន់ និងពិភពលោកក្តី។
តាមរយៈសេចក្តីប្រកាសព័ត៌មាន លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«ការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ការជឿជាក់ទៅវិញទៅមក កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងស្ថិរភាពយូរអង្វែង»។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំលើកទី២០ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ភាគីទាំង២បានពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះ ដែលបានប្រព្រឹត្តទៅកាលពីខែធ្នូ ឆ្នាំ២០២១ ដោយវៀតណាមស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជាក្នុងតំបន់។ ភាគីទាំង២ បានឯកភាពថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជាវិស័យអាទិភាពមួយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំង២។
សូមជម្រាបថា ទោះបីជាមានបញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់១០,៥៧ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ ដែលជាការកើនឡើង១០,៨៨% បើធៀបនឹងឆ្នាំ២០២១។ ដើម្បីរក្សានូវសម្ទុះកើនឡើងនេះ ភាគីទាំង២ បានឯកភាពធ្វើកិច្ចសហប្រតិបត្តិការ និងពន្លឿនការបញ្ចប់ផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០៣០ ក្នុងឆ្នាំនេះ។
ភាគីទាំងបានឯកភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំង២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមានការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពាណិជ្ជកម្ម និងវិនិយោគ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន គមនាគមន៍ វប្បធម៌ កីឡា និងទេសចរណ៍ បញ្ហាព្រំដែន ការពារជាតិ និងសន្តិសុខ ជាដើម។
ជាមួយគ្នានេះ ភាគីទាំង២ ក៏បានឯកភាពអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខារួច រួមទាំងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាម ព្រមទាំងបន្តធ្វើការសម្របសម្រួលដល់ទំនិញឆ្លងកាត់ក្រោមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងទ្វេភាគី តំបន់ និងអន្តរជាតិ ដែលភាគីទាំង២ ជាភាគីនៃកិច្ចព្រមព្រៀងទាំងនោះ។ ជាពិសេសកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)។
ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ ភាគីទាំង២បានលើកទឹកចិត្តឱ្យធុរជននានានៃប្រទេសទាំង២ស្វែងរកកាលានុវត្តភាពបន្ថែមសម្រាប់ការអភិវឌ្ឍរួមនៅតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាម ក្នុងទឹកដីកម្ពុជា តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសាធារណការ ភាគីវៀតណាម បានបញ្ជាក់ពីឆន្ទៈក្នុងការសិក្សាជាមួយកម្ពុជាអំពីលទ្ធភាពនៃការបង្កើតខ្សែរថភ្លើងភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ។ ភាគីវៀតណាម ក៏បានឯកភាពធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីកំណត់នូវចំណុចតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបាយ-ហូជីមិញ។
អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកហុង វណ្ណៈ បាននិយាយថា កិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង នឹងធ្វើឱ្យមានសុខដុមនីយកម្មនៅតាមតំបន់ព្រំដែន ដែលធ្វើឱ្យពលរដ្ឋនៃប្រទេសទាំង២ អាចប្រកបរបរទទួលទានដោយមិនមានការព្រួយបារម្ភ។ ម្យ៉ាងទៀត វៀតណាមមិនត្រឹមតែជាអ្នកជិតខាងកម្ពុជាទេ តែជាដៃគូវិនិយោគ មួយដ៏ធំរបស់កម្ពុជាផងដែរ។
លោកថា៖«ការអភិវឌ្ឍលើវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម វៀតណាម បានដើរមុនកម្ពុជា យូរឆ្នាំមកហើយ ដោយប្រទេសនេះ ក៏ជាអ្នកផ្គត់ផ្គង់[ផលិតផល]កសិកម្ម ដែលកែច្នៃរួចដ៏ធំទៅកាន់ពិភពលោក។ ដូចនេះ កម្ពុជា អាចរៀនសូត្របានច្រើនពីបច្ចេកទេសកសិកម្មពីវៀតណាមបាន នៅពេលយើងមានការចុះកិច្ចព្រមព្រៀងច្រើនជាមួយគ្នា»៕