
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ហេង ជីវ័ន
ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគឯកជនសរុប ៣៦ ក្នុងត្រីមាសទី៤ ឆ្នាំ ២០២២ កើនឡើងតិចបំផុតបើធៀបត្រីមាសទី៤ ឆ្នាំ ២០២១ ខណៈចំនួនទុនវិនិយោគបានដាំក្បាលចុះដល់ជិតពាក់កណ្តាល។ នេះ បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ព្រឹត្តិបត្រសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រីមាសទី ៤ ឆ្នាំ ២០២២ ដែលចេញផ្សាយកាលពីដើមសប្តាហ៍នេះបង្ហាញថា ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានសរុប ៣៦ គម្រោង កើន ១ គម្រោង ស្មើ ២,៩ ភាគរយ ខណៈទុនវិនិយោគសរុប ៥៧៣,២៨ លានដុល្លារ ធ្លាក់ចុះ ៤២,៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ៩៩៦,៣៩ លានដុល្លារ។ គម្រោងវិនិយោគទាំង ៣៦ បង្កើតការងារបាន ២៩ ៨៩៦ កន្លែង ធ្លាក់ចុះ ១,៥ ភាគរយ។
យោងតាមឯកសារការធ្លាក់ចុះចំនួនទុនវិនិយោគខាងលើ គឺដោយសារការធ្លាក់ចុះនៃការវិនិយោគលើការផលិតបន្ទះសូឡា ឧស្សាហកម្មកាត់ដេរ និងកសិឧស្សាហកម្ម។ នៅក្នុងចំណោមគម្រោងទាំង ៣៦ គឺ ៩ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស (មានទុនវិនិយោគ ៣៣,២៣ លានដុល្លារ) ចំណែក ២៧ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស (ទុនវិនិយោគ ៥៤០,០៥ លានដុល្លារ)។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ ខែមីនាថា វិបត្តិសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីឥទ្ធិពលនៃជំងឺកូវីដ ១៩ សង្គ្រាមរវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន និងជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗបានធ្វើឱ្យវិនិយោគិនធំៗមិនទាន់សម្រេចចិត្តបញ្ចេញទុនទៅវិនិយោគនៅកន្លែងណាមួយនោះទេ ដើម្បីចៀសវាងហានិភ័យ។ សម្រាប់ស្ថានភាពវិនិយោគ និងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ពិសេសការនាំចេញទំនិញ គឺទទួលរងផលប៉ះពាល់តាំងពីត្រីមាសទី៣ ឆ្នាំ ២០២២។
លោកបន្ថែមថា បើស្ថានភាពដូចមុនឆ្នាំ ២០២០ កម្ពុជានឹងទទួលបានកំណើនវិនិយោគកាន់តែច្រើន ព្រោះបច្ចុប្បន្នកម្ពុជាមានទីផ្សារនាំចេញទៅទីផ្សារអន្តរជាតិកាន់តែច្រើន តាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េ ព្រមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
លោកលើកឡើងថា៖ «ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះកម្ពុជាត្រូវតែខិតខំកែលម្អប្រព័ន្ធច្បាប់ហេដ្ឋា រចនាសម្ព័ន្ធ និងបញ្ហាផ្សេងទៀត ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេសឱ្យបញ្ចេញទុនកាន់តែច្រើនមកបើកអាជីវកម្ម ឬរោងចក្រ/សហគ្រាសនៅកម្ពុជា»។
លោកប្រាប់ទៀតថា ស្ថានភាពនេះអាចនឹងមានសម្ទុះឡើងវិញលឿន បើជម្លោះនៅប្រទេសអ៊ុយក្រែនត្រូវបានដោះស្រាយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ពេលថ្មីៗនេះបាននិយាយថា ទោះបីពេលនេះកម្ពុជាធ្វើការកែទម្រង់ច្បាប់វិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងសមត្ថភាពនៃផលិតកម្មក្នុងស្រុកកាន់តែរឹងមាំ ប៉ុន្តែវិបត្តិអន្តរជាតិកំពុងជះផលអវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចជាតិ ពិសេសការធ្លាក់ចុះបរិមាណនៃទំនិញនាំចេញទៅទីផ្សារអន្តរជាតិ។ យ៉ាងណាក៏ដោយ សកម្មភាពសេដ្ឋកិច្ច និងការវិនិយោគរបស់អ្នកនៅក្នុងស្រុកគឺនៅតែល្អប្រសើរ។
លោកប្រាប់ថា៖ «អ្វីដែលធ្វើឱ្យចំនួនការបណ្តាក់ទុន និងទឹកប្រាក់វិនិយោគធ្លាក់ចុះនៅអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គឺជាឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ខណៈស្ថានភាពក្នុងស្រុក គឺគ្មានបញ្ហាទេ»។
CDC កន្លងមកបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាបានទាក់ទាញការវិនិយោគក្នុងតម្លៃសរុបជាង ៤,៦៨ ពាន់លានដុល្លារ កើន ៧,៥ ភាគរយបើធៀបឆ្នាំ ២០២១។ ការវិនិយោគភាគច្រើនមានប្រភពពីប្រទេសចិន, ជប៉ុន, កោះ Cayman Island, ថៃ និងសិង្ហបុរី។ ភាគច្រើននៃការបណ្តាក់ទុនក្នុងឆ្នាំ ២០២២ គឺស្ថិតនៅក្នុងវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ទេសចរណ៍, រោងចក្រ, វាយនភណ្ឌ, ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំខាន់ៗមួយចំនួនទៀត។
ការព្យាករចុងក្រោយបំផុតរបស់រាជរដ្ឋាភិបាលបង្ហាញថា ក្នុងឆ្នាំ ២០២៣ នេះ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនក្នុងរង្វង់ ៥,៦ ភាគរយ ដោយធ្លាក់ចុះពី ៦,៦ ភាគរយនៃការព្យាករកាលពីអំឡុងខែតុលា ឆ្នាំ ២០២២ ដោយសារភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចសកលដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងការបន្តអូសបន្លាយពេលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩៕