ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​រក​ចំណូល​បាន​ប្រមាណ ១ ៨៥៣ ពាន់​លាន​រៀល​នៅក្នុង​ខែមករា ឆ្នាំ​ ២០២៣ ដែល​ស្មើនឹង​ ៧,១៦​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣ ខណៈ​ការអនុវត្ត​ចំ​​ណាយ​សរុប​ថ្នាក់ជាតិ​សម្រេចបាន ១ ០៨៨ ពាន់​លាន​រៀល ស្មើ ៣,១៣ ​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣​។ សេដ្ឋវិទូ​បានលើកឡើង​ថា ចំណូល និង​ចំណាយ​កំពុង​ឆ្លុះបញ្ចាំង​អំពី​ការជំរុញ​សកម្មភាព​សេដ្ឋកិច្ច ចំពេល​ភាព​តានតឹង​ផ្នែក​សេដ្ឋ​កិច្ច​សកល និង​ក្នុង​តំបន់​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​កាលពី​ថ្ងៃទី ​២០ ខែមីនា ការអនុវត្ត​ថវិកា​ថ្នាក់ជាតិ ទទួលបាន​អតិរេក​សរុប ៧៦៥ ពាន់​លាន​រៀល​។ ការអនុវត្ត​ចំ​ណូ​ល​ក្នុងប្រទេស​សរុប​ថ្នាក់​ជាតិ​មាន​ចំនួន ១ ៨៥៣ ​ពាន់​លាន​រៀល ស្មើ ៧,១៦​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ ​២០២៣ កើន ១១,២០​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០២២ ដែល​ក្នុងនោះ​ចំណូល​សារ​ពើ​ពន្ធ បាន ១ ៧៥៤​ ពាន់​លាន​រៀល ស្មើ ៧,៤៩​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២៣ កើន ៨,៦៧ ​ភាគរយ​។​

​ខណៈ​ចំណូល​មិនមែន​សារ​ពើ​ពន្ធ​សម្រេចបាន ១០០ ​ពាន់​លាន​រៀល ស្មើ ៤,៦៥​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣ កើន ៨៨,៦៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២២​។ ការអនុវត្ត​ចំណាយ​សរុប​ថ្នាក់ជាតិ សម្រេចបាន ១ ០៨៨ ​ពាន់​លាន​រៀល ស្មើនឹង ៣,១៣​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញ​​វត្ថុ​ឆ្នាំ​ ២០២៣ ដែល​ក្នុងនោះ ចំណាយ​មូល​ពន្ធ សម្រេចបាន ២៩៧ ​ពាន់​លាន​រៀល ថយចុះ ៥៤,៩០ ​ភាគរយ រីឯ​ចំណាយ​ចរន្ត សម្រេចបាន ៧៩១ ​ពាន់​លាន​រៀល កើនឡើង ៨៣១ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​អនុវត្ត​ដូចគ្នា​ឆ្នាំ​ ២០២២​។

«​ជារួម​ការអនុវត្ត​ចំណាយ​សម្រាប់​ឆ្នាំ​ ២០២២ គឺ​នៅ​បន្ត​រក្សា​នូវ​គោលការណ៍​រឹតបន្តឹង​ចំ​ណាយ​មិនចាំបាច់​នានា និង​វិភា​ជ​ថវិកា​សម្រាប់​អនុវត្ត​ឱ្យចំ​មុខសញ្ញា​ប្រកបដោយ​បុ​រេ​សកម្ម បន្ត​ដោះស្រាយ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ​ ១៩ ឱ្យបាន​ទាន់ពេលវេលា​។ រាជរដ្ឋាភិបាល​បន្ត​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ហិ​រញ្ញ​ប្ប​ទាន​សរុប​ថ្នាក់ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត និង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ឆ្លើយ​​តប​នឹង​តម្រូវការ​នៃ​ការអនុវត្ត​ថវិការដ្ឋ​បាន​ទាន់ពេលវេលា​។

ជាក់ស្តែង​ការអនុវត្ត​ហិរញ្ញ​ប្ប​ទាន​ពី​បរទេស​សរុប​ថ្នាក់ជាតិ សម្រេចបាន ១៤១ ​ពាន់​លាន​រៀល ស្មើ ២,២​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​ ២០២៣ ស្របពេល​ប្រាក់​បញ្ញើ​រដ្ឋាភិបាល​សរុប​មាន​ ៣៣​ ពាន់​លាន​រៀល​»​។ នេះ​បើ​យោងតាម​ក្រសួង​។​

​លោក Anthony Galliano នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cambodian Investment Management Co Ltd បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ២២ ខែមីនា​ថា ល្បឿន​នៃ​ការ​បង្កើន​ការប្រមូល​ចំណូល​ពន្ធ​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុង​​ក្រោយនេះ​ដែលមាន​ភាពល្អ​ប្រសើរ​នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​នៅ​ឆ្នាំ​ ២០២៣​ នេះ​ដែល​រដ្ឋា​ភិ​បាល​បាន​ព្យាករ​សេណារីយោ​នេះ​តាំងពី​ចុងឆ្នាំ​ ២០២២​។​

​ទោះយ៉ាងណា​លោក​អះអាងថា ការប្រមូល​ចំណូល​ពន្ធ​បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្តងទៀត ដោយសារ​ការអនុវត្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុងការ​បំពេញ​ចំណូល​ពន្ធ​ជាតិ​បាន​យ៉ាង​ល្អ ពិសេស​ចំណូល​មិនមែន​សារពើពន្ធ​កំពុង​កើន​ឡើង ដែលជា​ធម្មតា​គឺ​ចំណូល​តែងតែ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ចំណូល​ពន្ធ​នៅក្នុង​ថវិកា​ចំណូល​ជាតិ​៕