
វិភាគដោយ៖ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីងស៊ីឃ្យួរឹធី

តម្លៃមាសកាលពីថ្ងៃសុក្របានកើនឡើងយ៉ាងខ្លាំង ស្របពេលកំពុងមានវិបត្តិធនាគារនៅសហរដ្ឋអាមេរិក ជាមួយតម្លៃខ្ពស់បំផុតក្នុងរយៈពេល ៤ ខែ។ នៅថ្ងៃនោះ តម្លៃមាសបានឡើងពីតម្លៃបើកផ្សារប្រហែល ១ ៩២០ ដុល្លារ (ក្នុង ១ អោនស៍) ដល់តម្លៃខ្ពស់ប្រហែល ១ ៩៨៩ ដុល្លារ។
គេហទំព័រ Reuters បានរាយការណ៍ថា តម្លៃមាសបានកើនឡើងច្រើនជាង ២% កាលពីថ្ងៃសុក្រ ដោយសាររលកនៃវិបត្តិធនាគារ ដែលបានអង្រួនទីផ្សារពិភពលោក និងធ្វើឱ្យមាសស្ថិតនៅលើទិសដៅកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុតក្នុងរយៈពេល ៣ ឆ្នាំ ខណៈដែលការរំពឹងបានពង្រឹងសម្រាប់ធនាគារកណ្តាលដែលមិនសូវមានសកម្មភាពខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណា។
តម្លៃមាសក៏បានកំពុងកើនឡើងដោយសារតែការភ័យខ្លាចថា ព័ត៌មានអវិជ្ជមានទាក់ទងនឹងធនាគារ អាចលេចឡើងនៅចុងសប្តាហ៍ ហើយសង្ឃឹមថា ធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងផ្អាកការដំឡើងអត្រាការប្រាក់របស់ខ្លួននៅសប្តាហ៍ក្រោយ។
សារព័ត៌មាន CNBC ក៏បានរាយការណ៍ទៀតថា ប្រាក់ដុល្លារ និងទីផ្សារភាគហ៊ុនបានធ្លាក់ចុះ ដោយធ្វើឱ្យមាសក្លាយជាការវិនិយោគដ៏ទាក់ទាញ។ ខណៈពេលដែលវាត្រូវបានគេចាត់ទុកថាជាការការពារប្រឆាំងនឹងភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ច តម្លៃមាសនឹងកើនឡើងនៅពេលដែលអត្រាការប្រាក់ត្រូវបានបង្កើន។ នៅពេលដែលតម្លៃមាសបានឡើងដល់តម្លៃ ២ ០០៩ ដុល្លារ ហើយបានធ្លាក់មកវិញនៅប្រហែល ១ ៩៣៥ ដុល្លារ វាបានបង្ហាញនិន្នាការកើនឡើងជាបន្តបន្ទាប់សម្រាប់មាសរួចហើយ។ ដូច្នេះ សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះវិញ វិនិយោគិននិងអ្នកជួញដូរគួរតែពិចារណាលើការជួញដូរមាសក្នុងចន្លោះតម្លៃពី ១ ៩០៥ ដល់ ២ ០០៩ ដុល្លារ ជាមួយនឹងតម្លៃជាមធ្យម ១ ៩៥៦ ដុល្លារ៕
