ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ណែនាំ​មន្ត្រី​ឱ្យ​យកចិត្តទុកដាក់​លើ​សហ​គម​ន៍​កសិកម្ម ដោយ​ផ្តល់​ការគាំទ្រ​ទាំង​បច្ចេកទេស និង​សេដ្ឋកិច្ច ក្នុងការ​ចងក្រង​សហគមន៍ និង​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ឱ្យបាន​ល្អ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​តាំងពី​អ្នក​ផលិត​រហូតដល់​ទីផ្សារ​។​

​ក្នុងនោះ​ត្រូវធ្វើ​ការកំណត់​ទីផ្សារ និង​មាន​ផែន​ការផលិត​ច្បាស់លាស់​តាម​កិច្ចសន្យា​ព្រោះ​ការងារ​នេះ​នឹង​ជួយ​ដល់​កសិករ ដែល​មិនទាន់មាន​ទីផ្សារ​និង​គ្មាន​ខ្សែបណ្តាញ​។​ការណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការ​ងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឆ្នាំ​ ២០២២ និង​លើក​ទិស​ដៅ​ឆ្នាំ ​២០២៣ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​ថ្ងៃទី​ ២១ ​មីនា​។​

​សម្រាប់​កិច្ចពិភាក្សា លោក​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​យកចិត្ត​ទុកដាក់​លើ​ចំណុច​គន្លឹះ​មួយចំនួន ដោយ​ក្នុងនោះ​ត្រូវ​ផ្តោតលើ​ការអភិវឌ្ឍ​ធនធាន​ទាំង​ក្នុង​និង​ក្រៅ​ក្រសួង​ដើម្បី​ទទួលបាន​ធនធាន​ប្រកបដោយ​សក្តានុពល​ពិតប្រាកដ​។ ត្រូវ​ជំរុញ​ការ​ស្រាវ​ជ្រាវ​បច្ចេកទេស ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដោយ​ត្រូវ​គិតពី​ការបន្ថយ​ចំណាយ​បង្កើន​ផលចំណេញ មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ដោយ​មិន​ប្រកួតប្រជែង​បរិមាណ​តែ​គិតពី​គុណភាព​ជាសំខាន់​។

​លើសពីនេះ​លោក ឌិ​ត ទីណា បញ្ជាក់ថា​៖ «​ត្រូវ​យកចិត្តទុកដាក់​លើ​សហគមន៍​កសិកម្ម ដោយ​ផ្តល់​ការគាំទ្រ​ទាំង​បច្ចេកទេស​និង​សេដ្ឋកិច្ច ក្នុងការ​ចងក្រង​សហគមន៍​និង​មាន​ក្បាលម៉ាស៊ីន​ដឹក​នាំឱ្យ​បានល្អ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​តាំងពី​អ្នក​ផលិត​រហូត​ទីផ្សារ ដោយ​ក្នុងនោះ​ត្រូវ​ធ្វើការ​កំណត់​ទីផ្សារ និង​មាន​ផែន​ការផលិត​ច្បាស់លាស់​តាម​កិច្ចសន្យា​»​។

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី បាន​រំឭក​និង​លើក​ទឹក​ចិត្ត​ដល់​អង្គសន្និបាត​ប្រើប្រាស់​ពេលវេលា​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ពិភាក្សា​ប្រមូល​ធាតុ​ចូលក្នុង​ការរៀបចំ​គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។

​លោក​ថា សន្និបាត គឺជា​ការចូលរួម​សមូហភាព​ពី​ថ្នាក់ដឹកនាំ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​សហ​គម​ន៍ កសិករ​រួមគ្នា​កំណត់​ទិស​ដៅ​កសិកម្ម ដោយ​មិន​គ្រាន់តែ​ជាការ​បូកសរុប​នោះទេ ហើយ​ការ​បូកសរុប​ទៀតសោត គឺ​ត្រូវ​ចេញ​ជា​លទ្ធផល​ស្តាប់​បាន យល់បាន និង​ចាំបាន ដោយ​ឱ្យ​សា​ធា​រណ​ជន​ដឹង​ពី​សមិទ្ធផល​ក្រសួង​សម្រេចបាន និង​ចូលរួម​អបអរ​សាទរ​។ បើតាម​លោក ឌិ​ត​ទីណា គោលនយោបាយ​កសិកម្ម​នឹង​ជួយ​ឱ្យ​វិស័យ​ឯកជន​ដឹង​ពីអ្វី​ដែល​ត្រូវធ្វើ ត្រូវ​វិនិយោគ ហើយ​សម្រាប់​មន្ត្រី​ដឹង​ពី​ផែន​ការដែល​ត្រូវអនុវត្ត​និង​គោលដៅ​ដែល​ត្រូវ​សម្រេច​។

​បន្ថែម​ពីលើ​នេះ​ទៀត ត្រូវ​ពិនិត្យ​លើ​ការផ្តល់សេវា​សា​ធា​រណៈ​ដល់​ក្រុម​អ្នក​ផលិត ដោយ​បង្កលក្ខណៈ​ងាយស្រួល​និង​គាំទ្រ​ក្នុង​ការជំរុញ​ការនាំចេញ ស្រប​តាម​គោលនយោបាយ និង​ស្ថាន​ភាពជាក់ស្តែង​។​

​ចំណែក​ការកសាង​ផែនការ​សម្រាប់​ឆ្នាំ​ ២០២៤ នាពេលខាងមុខ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ពី​អាទិភាព​សំខាន់​របស់​ក្រសួង​គឺ​នៅតែ​បន្ត​ផ្តោតលើ​សន្តិសុខ​ស្បៀង ដោយ​រកបាន​ចំណូល មាន​ចំណេញ និង​បន្ត​ការផលិត​សម្រាប់​ការផ្គត់ផ្គង់​ក្នុងស្រុក​គឺមាន​លទ្ធភាព​គ្រប់គ្រង​ក្នុង​ខ្សែ​​ចង្វាក់​ផលិតកម្ម​ទាំងមូល​។

​មួយវិញទៀត គឺ​និរន្តរភាព​គឺ​ការ​ពិនិត្យ​ថែរក្សា​ធនធាន​ដែលមាន​ស្រាប់ ដូចជា​ធនធាន​ដី ការប្រើ​​ប្រាស់​នូវ​វិទ្យាសាស្ត្រ​ដើម្បី​បន្ថយ​ចំណាយ បង្កើន​តម្លៃបន្ថែម និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​៕