ភ្នំពេញៈ ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX) បាន​ស្វា​គម​​ន៍​ការចុះបញ្ជី​ភាគហ៊ុន​សញ្ញា​បណ្ណ​បៃតង​នាពេលខាងមុខ​របស់​ក្រុមហ៊ុន Green Sustainable Venture (Cambodia)-(GSV) ដែល​គ្រោង​នឹង​ចុះបញ្ជី ហើយ​ក្លាយជា​ក្រុម​ហ៊ុន​ទី​ ២ លើ​ការចុះបញ្ជី​សញ្ញា​បណ្ណ​បៃតង​។​

CSX កាលពី​ថ្ងៃទី​ ៧ ខែមីនា ឆ្នាំ​ ២០២៣ បានអនុម័ត​លទ្ធ​ភាពស្របច្បាប់​លើ​ការដាក់​ពាក្យសុំ​ចុះបញ្ជី​សញ្ញា​បណ្ណ​បៃ​​តង​របស់​ក្រុមហ៊ុន GSV ដើម្បី​ចុះបញ្ជី​ជា​ផ្លូវការ ប៉ុន្តែ​ក្រុមហ៊ុន​ចាំបាច់​ត្រូវ​ទទួលបាន​ការយល់​ព្រម​លើ​ការបោះ​ផ្សាយ​លក់​ជា​លើកដំបូង​ជា​សាធារណៈ​ពី​និ​យ​តករ​មូល​ប​ត្រ​កម្ពុជា​ (SERC) និង​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវការ​ចុះបញ្ជី​បន្ថែមទៀត​របស់ CSX​។​

​លោក ហុង សុ​ហួរ អគ្គនាយក CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២២ ខែមីនា​ថា ការ​អនុម័ត​ការត្រួតពិនិត្យ​ភាពស្រប​ច្បាប់​លើ​ការដាក់​ពាក្យស្នើសុំ​ចុះបញ្ជី​របស់​ក្រុមហ៊ុន GSV គឺជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ​ដើម្បី​ត្រៀមខ្លួន និង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវការ​បន្ថែមទៀត​ពី SERC និង CSX​។​

​លោក​ថ្លែងថា​៖ «​យើង​ស្វា​គម​ន៍​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដោយសារ​ក្រុមហ៊ុន​នេះ​អនុវត្តតាម​បេសកកម្ម​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុង​ការកសាង​សង្គម​អា​​ជីវ​កម្ម​បៃតង​។ ការចុះបញ្ជី​ក្រុម​ហ៊ុន នឹង​បញ្ជាក់ថា ពួកគេ​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​គោរព​ដល់​បរិស្ថាន​»​។​

​លោក​បន្តថា​៖ «​ដោយមាន​ការចូលរួម​ច្រើន​ពី​ក្រុមហ៊ុន​ឯក​ជន​លើ​ការចុះបញ្ជី​សញ្ញា​បណ្ណ​បៃតង​នឹង​ដើរតួនាទី​ជា​គំរូ​មួយ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ឱ្យ​ចុះបញ្ជី ហើយ​អាច​ស្វែង​រក​មូលនិធិ​បន្ថែមទៀត​សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​តាមរយៈ​ទីផ្សារ​មូលធន​»​។​

​បើតាម CSX ក្រុមហ៊ុន GSV គឺជា​ក្រុមហ៊ុន​ចុះបញ្ជី​មូល​ប​ត្រ​សញ្ញា​បណ្ណ​ទី ​១០ ​ដែល​ទទួល​​បានការ​យល់ព្រម​ជា​គោល​ការ​ណ៍​លើ​ការត្រួតពិនិត្យ​ភាពស្រប​ច្បាប់​លើ​ការដាក់​ពាក្យសុំ​ចុះ​បញ្ជី ហើយ​វា​ជា​ក្រុមហ៊ុន​ទី ​២ ដែល​ចេញ​សញ្ញា​បណ្ណ​បៃតង​។ ក្រុមហ៊ុន​នេះ​បាន​បង្កើត​ក្នុង​ឆ្នាំ​ ២០០៩ ជាមួយនឹង​អាជីវកម្ម​ចម្បង​របស់ខ្លួន​ក្នុង​ការផលិត​អគ្គិសនី​ដោយ​ប្រើ​ថាមពល​ពន្លឺ​​សូ​ឡា ដែលមាន​កម្លាំង​ ២០ ​មេ​​ហ្គា​វ៉ា​ត់ ហើយ​មាន​ទីតាំងនៅ​ខេត្តស្វាយរៀង​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​ SERC ដែល​បាន​ចូលរួម​វេទិកា​ 38th ACMF Chairs Meeting នៅ​ទីក្រុង Yogyakarta ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​ ២០ ខែមីនា បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២១ ខែមីនា ថា ប្រទេស​អាស៊ាន​ទាំងអស់ សូម​អបអរសាទរ​ដល់ក​ម្ពុ​ជា​សម្រាប់​ការលើកកម្ពស់​ការចេញ​សញ្ញា​បណ្ណ​សង្គម​បៃតង និង​និរន្តរ​ភាព​អាស៊ាន​។​

​លោក​ប្រាប់ថា ប្រទេស​សមា​ជិ​ក​ទាំង​ ១០ បាន​ពិភាក្សា​គ្នាច្រើន​ក្នុងការ​ជំរុញ​ការចេញ​មូល​ប​ត្រ​បៃតង​ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​។​

​លោក​ថ្លែងថា​៖ «​ក្នុង​កិច្ចប្រជុំ​នោះ យើង​ទទួល​បានការ​សា​​ទរ​ផងដែរ​ពី​មេដឹកនាំ​អាស៊ាន​ទាំងអស់​ចំពោះ​សមិទ្ធផល​ដែល​យើង​សម្រេចបាន​កន្លងមក ទោះបី​ការចេញ​នេះ​មាន​ទំហំ​តូច ប៉ុន្តែ​វា​ជា​គោលដៅ​ដែល​តម្រូវឱ្យមាន​ការចូល​រួមទាំង​អស់​គ្នា​។ នៅ​ឆ្នាំ ២០២៣ យើង​ក៏មាន​ការចេញ​សញ្ញា​បណ្ណ​បៃ​​តង​ផងដែរ ខណៈ​ធនាគារ​អេ​ស៊ី​លីដា​កំពុង​រៀបចំ​ដើម្បី​ចេញ​សញ្ញា​បណ្ណ​នេះ​»​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​នៃ​កិច្ចប្រជុំ ACMF លើក​ទី​ ៣៨ ក្រោម​ស្តង់ដា​សង្គម និង​និរន្តរភាព​នៃ​សញ្ញា​​បណ្ណ​បៃតង​អាស៊ាន ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ ២០១៧ និង​ ២០១៨ គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ ​២០២៣​ ទឹកប្រាក់​ចំនួន ៣៨,០៦​ ពាន់​លាន​ដុល្លារ​ត្រូវ​បានចេញ​ក្រោម​ស្លាក​សញ្ញា​បណ្ណ បៃតង សង្គម ឬ​និរន្តរភាព​អាស៊ាន​៕