​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា បាន​អំពាវនាវ​ទៅដល់​ប្រជា​ពល​​រដ្ឋ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​មុននឹង​ផ្ទេរប្រាក់ ទៅ​ស្ថាប័ន​ណាមួយ ដើម្បី​ចៀសវាង​ការ​ឆបោក​ប្រាក់​តាម​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ទូរស័ព្ទ ស្របពេល​សមា​គម​ហិរញ្ញវត្ថុ​កម្ពុជា មានការ​​បារម្ភ​ពី​ករណី​ឆបោក​តាមបែប​ថ្មី​នេះ​។​

​នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃទី​ ២២ មីនា ឆ្នាំ ​២០២៣​។ ធនាគារជាតិ​នៃ​កម្ពុជា លើកឡើងថា ថ្មីៗ​នេះ ធនាគារជាតិ​បាន​សង្កេតឃើញថា មាន​ជនខិលខូច​បាន​ឆបោក​ប្រាក់​ជនរងគ្រោះ ដោយបាន​ប្រើប្រាស់​គ្រប់​រូបភាព​នៅតាម​បណ្តាញ​សង្គម​ដូចជា Telegram, Facebook និង TikTok ជាដើម ដោយ​ក្លែងបន្លំ​ជា​សមាជិក​ណា​ម្នាក់​នៃ​គ្រួសារ ឬ​ញាតិសន្ដាន មិត្តភក្ដិ ថ្នាក់ដឹកនាំ​ស្ថាប័ន របស់​ជនរងគ្រោះ​ដែល​ពួកគេ​បាន​លួច​ហ៊ែ​ក​ចូល រួច​ផ្ញើ​សារ​ជា​អក្សរ ឬ​ជា​សំឡេង ទៅ​ខ្ចីប្រាក់​។

​ធនាគារជាតិ​បញ្ជាក់ថា​៖ «​សូម​ស្នើឱ្យ​សា​ធា​រណ​ជន​រក្សា​សុវត្ថិភាព​ព័ត៌មាន​នៃ​គណនី​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន និង​ស្វែងយល់​ពី​ការប្រើ​​ប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល ព្រមទាំង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ មុនពេល​ផ្ទេរប្រាក់ តាម​កម្មវិធី​ទូរស័ព្ទ​ចល័ត ឬ​តាម​គណនី ឬ​តាមរយៈ​ភ្នាក់ងារ​ដោយ​ត្រូវ​ផ្ទៀងផ្ទាត់​តាម​ម​ធ្យោ​បាយ​ដែល​អាចធ្វើ​ទៅបាន ក្នុងការ​បញ្ជាក់​ពី​លេខ​ទូរស័ព្ទ លេខ​គណនី និង​អត្តសញ្ញាណ​អ្នក​ទទួល​ប្រាក់​ជាដើម​ឱ្យបាន​ត្រឹមត្រូវ និង​ច្បាស់លាស់​»​។​

​ទាក់ទង​នឹង​ករណីនេះ លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមា​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​(CMA) ឱ្យដឹងថា សមាគម​មីក្រូ​ហិរញ្ញ​​វត្ថុ​កម្ពុជា​ក៏បាន​ឃើញ​ករណី​ឆបោក​ប្រាក់ តាម​បណ្ដាញ​សង្គម​នេះ​ផងដែរ ហើយ​វា​មានការ​ផ្ទុះ​ឡើង​ច្រើន​ក្នុងអំឡុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ដែល​ក្រោយមក​មានការ​អន្ត​រាគ​មន៍ ពី​អាជ្ញាធរ និង​រួមទាំង​ការជូនដំណឹង​ពី​បណ្ដា​សមាគម ធនាគារ ឬ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​ទៅ ឃើញថា មាន​ភាពស្ងប់ស្ងាត់​បន្តិច​។

​ប៉ុន្តែ​មួយរយៈ​ក្រោយ​មកនេះ ឃើញថា ករណី​ឆបោក​ទាំងអស់នេះ​បាន​បន្ត​កើត​ឡើងវិញ​ម្ដងទៀត ដែល​កន្លងមក​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា រួមទាំង​សមាជិក​ជាង​ ១២៦​ ផ្សេងទៀត តែង​ផ្សព្វផ្សាយ​ជាប្រចាំ​ទៅដល់​អតិថិជន និង​សាធារណជន តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ​នានា​ពី​បញ្ហា​ទាំង​នេះ​។ បញ្ហា​ករណី​ឆបោក​ដែល​កំពុង​កើតឡើង​នេះ វា​ជា​ក្ដី​ព្រួយ​បារម្ភ​របស់​សមាគម​មីក្រូ​ហិរញ្ញ​​វត្ថុ​កម្ពុជា ដោយសារ វា​ធ្វើឱ្យប៉ះពាល់​ទៅដល់​ជីវភាព​ពល​រដ្ឋ ធ្វើឱ្យ​បាត់បង់​នូវ​ថវិកា និង​ចំណូល បើ​ពួកគាត់​ត្រូវបាន​គេ​ឆបោក​នោះ​។

​លោក កាំ​ង តុង​ងី បាន​សំណូមពរ​ទៅកាន់​ពលរដ្ឋ​ដែល​រងគ្រោះ ត្រូវ​ប្ដឹង និង​រាយការណ៍​ព័ត៌មាន​ទៅកាន់​អាជ្ញាធរ ពីព្រោះ​កន្លងមក​អាជ្ញាធរ​ក៏មាន​ចំណាត់ការ​មួយចំនួន​ទៅលើ​ក្រុម​ឧក្រិដ្ឋជន​ទាំង​អស់នោះ​ដែរ​។ «​យើង​មានការ​ព្រួយបារម្ភ​ច្រើន​ពី​បញ្ហា​ទាំង​អស់នេះ ហើយ​ទន្ទឹម​ហ្នឹង​នេះ ដោយសារ​ឧក្រិដ្ឋជន​ទាំងអស់នោះ ពេលខ្លះ​បាន​បន្លំ​ខ្លួន​ថា ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ជា​អី​ទៅទៀត អ៊ីចឹង​អាហ្នឹង​វា​ធ្វើឱ្យ​ទំនុកចិត្ត​សាធារណៈជន​ទៅលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើង​ហ្នឹង​វា​អាច​ប្រឈម​នឹង​ការធ្លាក់ចុះ បើសិន​ពលរដ្ឋ​យើង​មិនអាច​បែងចែក​រវាង​ពួកឧក្រិដ្ឋជន​ជាមួយនឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់​»​។​

​លោក​កាំ​ង តុង​ងី​ថា ជាទូទៅ​អាជ្ញាធរ​តែងតែ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ប៉ុន្តែ​ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ជាង​នេះ គឺមាន​តែ​ការយល់ដឹង​របស់​ប្រជា​ពល​​រដ្ឋ​ខ្លួនឯង ទើប​ជា​ដំណោះស្រាយ​ដែលមាន​ប្រសិទ្ធភាព​បំផុត រួម​ជាមួយ​ការបង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ផងដែរ​៕