
យន្តហោះចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ អ្នកក្នុងវិស័យទេសចរណ៍កម្ពុជា បានលើកឡើងថា ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ី នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈចរន្តភ្ញៀវទេសចរ និងវិនិយោគ ខណៈឥណ្ឌូនេស៊ី គឺជាប្រទេសក្នុងតំបន់អាស៊ានដែលមានទំហំសេដ្ឋកិច្ច និងប្រជាជនច្រើនជាងគេ។
ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ជាមួយ លោក Enggartiasto Lukita អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសឥណ្ឌូនេស៊ី នៅទីក្រុងហ្សាការតា កាលពីល្ងាចថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។
ក្នុងជំនួបនោះ លោក សូរស័ក្តិ ស្នើឱ្យលោក Enggartiasto Lukita ជួយជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ទ្វេភាគីឱ្យបោះជំហានទៅមុខកាន់តែលឿន ដោយលោកចង់ឃើញក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ីភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឱ្យបានឆាប់ដើម្បីជួយសម្រួលដល់លំហូរវិនិយោគ និងទេសចរណ៍។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែមីនា ថា ការតភ្ជាប់ជើងហោះហើរត្រង់នឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
សម្រាប់ឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើន និងជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២០ លើពិភពលោក ការតភ្ជាប់នេះនឹងអាចជួយឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី និងតាមរយៈប្រទេសឥណ្ឌូនេស៊ីជាច្រើនផងដែរ។ ជើងហោះហើរផ្ទាល់ ក៏ជួយធ្វើឱ្យទំនាក់ទំនងផ្នែកនយោបាយ និងពាណិជ្ជកម្មកាន់តែល្អផងដែរ។ លោកបន្តថា កន្លងមកក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូនេស៊ី Garuda Airlines ក៏ធ្លាប់មានជើងហោះហើរត្រង់មកកម្ពុជាដែរ ប៉ុន្តែវត្តមានជំងឺកូវីដ ១៩ បានធ្វើឱ្យការហោះហើរក៏ត្រូវផ្អាករហូតមកដល់ពេលនេះ។
លោកថ្លែងថា៖ «ជើងហោះហើរត្រង់រវាងហ្សាការតា-ភ្នំពេញ នឹងផ្តល់នូវភាពវិជ្ជមានជាច្រើន ខណៈទេសចរឥណ្ឌូនេស៊ីចូលចិត្តទៅទស្សនាតំបន់ប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ចំណែកទេសចរកម្ពុជាចូលចិត្តទៅកម្សាន្តនៅកោះបាលី»។
លោកប្រាប់ទៀតថា បើតាមលោកដឹង គឺចាប់ពីអំឡុងចុងខែមេសាទៅ ក្រុមហ៊ុនអាកាសចរណ៍ឯកជន AirAsia នឹងធ្វើការហោះហើរត្រង់រវាងទីក្រុងហ្សាការតា មករាជធានីភ្នំពេញ ក្នុង ១ សប្តាហ៍ ៤ ថ្ងៃ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បាននិយាយថា ឥណ្ឌូនេស៊ី ជាប្រជាជាតិដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់ គឺប្រមាណ ២៧៧ លាននាក់ក្នុងឆ្នាំ ២០២២ (លេខ ៤ លើពិភពលោក) ហេតុនេះបើកម្ពុជាអាចមានជើងហោះហើរត្រង់ជាមួយនឹងអាចនាំមកនូវផលចំណេញច្រើន។ កន្លងមកភ្ញៀវឥណ្ឌូនេស៊ី គឺភាគច្រើនទៅកម្សាន្តនៅខេត្តសៀមរាប និងភ្នំពេញ ប៉ុន្តែក៏មានមួយចំនួនតូចទៅខេត្តព្រះសីហនុដើម្បីធ្វើការ និងលេងល្បែង ផងដែរ។
លោកលើកឡើងថា៖ «ឥណ្ឌូនេស៊ីជាទីផ្សារសំខាន់ដែលត្រូវយកចិត្តទុកដាក់ ខណៈកន្លងមកថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងផ្នែកឯកជនតែងតែយកចិត្តទុកដាក់ខ្លាំង»។
ជាមួយគ្នានោះ លោកក៏បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាសិក្សាទីផ្សារដើម្បីភ្ជាប់ជើងហោះហើរទៅប្រទេសឥណ្ឌូនេស៊ីវិញផងដែរ។
ក្នុងឆ្នាំ ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២ ២៧៦ ៦២៦ នាក់ ក្នុងនោះភ្ញៀវជនជាតិឥណ្ឌូនេស៊ី នៅចំណាត់ថ្នាក់ទី ៦ ដែលមានចំនួនសរុប ៧៥ ៦៥៣ នាក់ កើនឡើង ៧៩៩,៦ ភាគរយបើធៀបនឹងឆ្នាំ ២០២២៕