
ភ្ញៀវទេសចរបរទេសដើរលេងនៅផ្សារ Chatuchak Weekend Market នៅក្នុងទីក្រុងបាងកក។ BKP
ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ លោក អាខម ថឺភិថាយ៉ាផៃស៊ិត (ArkhomTermpittayapaisith) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា នៅឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើងពី ៣ ទៅ ៤ ភាគរយ ហើយគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធត្រូវតែធ្វើការរួមគ្នាដើម្បីធានាបាននូវស្ថិរភាព និងកំណើនសេដ្ឋកិច្ចក្នុងប្រទេស។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះបានលើកឡើងដូចនេះ នៅក្នុងសិក្ខាសាលាស្ដីពីធុរកិច្ចមួយ ដោយលោកបានបន្តថា ប្រទេសដែលមានទំហំសេដ្ឋកិច្ចដ៏ធំទី២ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នៅតែទទួលបានការជ្រោមជ្រែងខ្លាំងពីវិស័យទេសចរណ៍ ខណៈដែលការនាំចេញមានការធ្លាក់ចុះ ដោយសារតែតម្រូវការពិភពលោកកំពុងមានការធ្លាក់ចុះដូចគ្នា។
លោកថ្លែងថា៖ «ចំនួនភ្ញៀវទេសចរបរទេសអាចនឹងកើនដល់ ២៧ លាននាក់នៅឆ្នាំនេះ ពោលគឺកើនឡើងពីឆ្នាំមុនរហូតដល់ទៅ ១១,១៥ លាននាក់»។
រដ្ឋមន្ត្រីដដែលនេះបានបញ្ជាក់ បន្ថែមថា៖ «នៅពេលដែលបញ្ហាអតិផរណាមាន ការធូរស្រាល នោះយើងមិនចាំបាច់បង្កើតគោលនយោបាយរូបិយវត្ថុដែលត្រូវដើរតាមគន្លងការ ផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិកទេ»។
លោកបានបន្តទៀតថា ទិសដៅនៃគោលនយោបាយរបស់ប្រទេសថៃភាគច្រើន នឹងមិនដើរតាមសហរដ្ឋអាមេរិកទេ ពោលគឺត្រូវតែធានាឱ្យបាននូវសេដ្ឋកិច្ចមួយដែលអាចងើបឡើងវិញបានដោយខ្លួនឯង។ ដោយឡែក នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី ២៩ ខែមីនាខាងមុខនេះ ធនាគារកណ្តាលថៃត្រូវបានគេរំពឹងថា នឹងធ្វើការដំឡើងអត្រាការប្រាក់បន្ថែម ទៀត រហូតដល់កម្រិតសមរម្យមួយនៅក្នុងត្រីមាសនេះ។
លោក អាខម បានបញ្ជាក់ម្ដងហើយម្ដងទៀតថា បញ្ហានៅក្នុងវិស័យធនាគារពិភពលោក មិនមានផលប៉ះពាល់ដល់ប្រទេសថៃទេ។ ស្ថានភាពសារពើពន្ធរបស់ប្រទេសថៃមានភាពស្ថិរភាពនៅឡើយដោយសារបំណុលសាធារណៈមានប្រមាណ ៦១,២៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) គិតត្រឹមខែកុម្ភៈ ពោលគឺមិនខ្ពស់ខ្លាំងទេ ហើយបំណុលបរទេសក៏មានកម្រិតទាបផងដែរ។
លោក អាខម បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅ ខាងក្រៅសិក្ខាសាលាថា៖ «ខណៈដែលប្រទេសថៃនឹងត្រូវរៀបចំការបោះឆ្នោតនៅថ្ងៃទី ១៤ ខែឧសភាខាងមុខនេះ ការចំណាយរបស់រដ្ឋាភិបាលគួរតែបន្តរក្សាឱ្យស្ថិតនៅកម្រិតមួយដូចធម្មតា ប៉ុន្តែវាក៏អាចមានផលប៉ះពាល់ខ្លះៗទៅលើគម្រោងវិនិយោគថ្មីៗ មុនពេលដែលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង»។
លោកបានបន្តថា តម្លៃរូបិយប័ណ្ណប្រាក់បាតទំនងជានៅតែមានការប្រែប្រួលចុះឡើងខ្លាំង ដែលនេះគឺដោយសារតែមានកត្តាជំរុញពីខាងក្រៅ ប៉ុន្តែទោះមានការផ្លាស់ប្តូរច្រើនក៏ដោយ ក៏តម្លៃរបស់វាបានស្ថិតក្នុងកម្រិតមួយដែលអាចទទួលយកបាន ដូចដែលយើងបានឃើញកាលពីដើមឆ្នាំ។ លោកបានបន្ថែមថា «ខ្ញុំចង់ឱ្យ តម្លៃប្រាក់បាតមានស្ថិរភាព ប៉ុន្តែយើងមិនគួរមើលតម្លៃ របស់វាជាប្រចាំថ្ងៃនោះទេ»៕