សៀមរាបៈ ប្រធានសភា​ពាណិជ្ជកម្ម​មណ្ឌល​សៀមរាប-ឧត្តរមានជ័យ លោក​ហ៊ុយ ភៀវ បាន​បញ្ជាក់ថា អគ្គកុងស៊ុល​ចិន ប្រចាំ​ខេត្ត​សៀមរាប បាន​សន្យាថា នឹងធ្វើ​សហប្រតិបត្តិការ​ជាមួយ​សភាពាណិជ្ជកម្ម​មណ្ឌល​ខេត្ត​សៀមរាប-ឧត្តរមានជ័យ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​មួយនេះ​។ នេះ​បើ​យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប។​

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពេលដែល​ដឹកនាំ​សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​មណ្ឌល​សៀមរាប-ឧត្តរមានជ័យ ដើម្បី​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក​លី ជីជៀ (Lui Zhi Jie) អគ្គ​កុងស៊ុល​ចិន ប្រចាំ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃទី ២៣ ខែមីនា​នេះ។​

​ក្នុងឱកាស​នោះ លោក​ហ៊ុយ ភៀវ​បានលើកឡើង​ពី​សក្តានុពល​ជាច្រើន​របស់​ខេត្ត​សៀមរាប ដូចជា​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម ជាដើម ដែលជា​សក្តានុពល​ស្នូល​របស់​ខេត្ត​សៀមរាប​។ នៅ​សៀមរាប វិស័យ​កសិកម្ម មាន​ដំឡូង​មី និង​ស្វាយចន្ទី ហើយ​ត្រូវបាន​ស្នើសុំ​ខាង​ភាគី​ចិន​ឱ្យមក​វិនិយោគ​វិស័យ​កសិកម្ម​នេះ​ផង ប្រសិនបើ​មាន​អ្នក​វិនិយោគិន​មក។

​ចំពោះ​វិស័យ​ទេសចរណ៍​វិញ គឺ​សុំ​ជួយ​ឱ្យ​អ្នកទេសចរ​ចិន​មក​ទស្សនា​ខេត្ត​សៀមរាប និង​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​អ្នកទេសចរ​ឱ្យបាន​ច្រើន​ផងដែរ។

​លោក​ហ៊ុយ ភៀវ​បាន​បញ្ជាក់ថា​៖ «​និយាយឱ្យចំ​ខាង​ភាគី​ចិន​គាត់​គាំទ្រ និង​ទទួលយក​អ្វីដែល​យើង​ចង់​សហការ​។ គាត់​និង​ជំរុញ​សហការ​ជាមួយ​យើង”។ ក្រៅពី​វិស័យ​ទេសចរណ៍​ដ៏មាន​វិស័យ​កសិកម្ម ក៏ជា​ផ្នែកមួយ​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ផងដែរ​។ អភិបាល​ខេត្ត​សៀមរាប លោក​ទៀ សីហា ក៏​ធ្លាប់បាន​ជំរុញ​ដល់​វិស័យ​ឯកជន​ស្វែងយល់​បន្ថែម​អំពី​ឱកាស​វិនិយោគ​លើ​វិស័យ​ការងារ ដូចជា​ការបង្កើត​រោងចក្រ​ផ្សេងៗ​ជាដើម​ផងដែរ​។ នេះបើ​យោងតាម​ប្រភព​ដដែល​នេះ៕​