ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម បាន​ជូន​ដំណឹង​ដល់​មន្ទីរ​ពាណិជ្ជកម្ម រាជធានី-ខេត្ត ស្តីពី​ការ​បិទ​ស្លាក​ថ្លៃ​លើ​មុខ​ទំនិញ និង​សេវាកម្ម​គ្រប់​ប្រភេទ​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រី​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ ២០២៣។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង ពាណិជ្ជកម្ម ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា បាន​ឱ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្រ្តី​បាន​ណែនាំ​ថា “សូមឱ្យ​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង ទេសចរណ៍ ចូល​រួម​ជាមួយ​គា្ន​ដើម្បី​ដាក់​ជា​តម្លៃ​កុំ​ឱ្យ​ពិបាក​សួរ។

យោង​តាម​អនុសាសន៍​នេះ ក្រសួង ពាណិជ្ជកម្ម បាន​ជូន​ដំណឹង​ដល់​មន្ទីរ​ពាណិជ្ជកម្ម រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​ណែនាំ និង​ផ្សព្វផ្សាយ​បន្ត​ដល់​គ្រប់​អាជីវកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​ទាំងអស់​នូវ​ចំណុច​ត្រូវ​អនុវត្ត​មួយ​ចំនួន​ដូចជា គ្រប់​អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម​ទាំងអស់​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ប្រកាស​ចុះ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧។

ប្រកាស​កាល​ពី​ឆ្នាំ ២០១៧ នោះ​គឺ​ស្តីពី​ការ​បិទស្លាក​ថ្លៃ​លើ​មុខ​ទំនិញ និង​សេវាកម្ម​គ្រប់​ប្រភេទ​ដែល​មាន​អត្ថន័យ​ដូចជា៖ ពាណិជ្ជករ អាជីវករ សេវាករ​ទាំងអស់ ដែល​កំពុង​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម ក្នុង​ប្រទេស​កម្ពុជា ត្រូវ​តែ​បិទ​ស្លាក​ថ្លៃ​លើ​គ្រប់​មុខ​ទំនិញ និង​សេវា​ដែល​តាំង​លក់​ក្នុង​ហាង ឬ​អគារ​លក់​ទំនិញ​របស់​ខ្លួន​ជា​ប្រាក់រៀល លើកលែង​តែ​ហាង ​ឬ​បញ្ជរ​លក់​ទំនិញ​បន្ទាប់​បន្សំ, ក្នុង​ករណី​ទីតាំង​ពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម​មិន​ជាប់ពន្ធ (Duty free shop) ដែល​មាន​កាអ​នុញ្ញាត ដោយ​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវតែ​បិទ​ស្លាកថ្លៃ​ជា​រូបិយប័ណ្ណ​បរទេស ម្ចាស់​ទី​តាំង​ពាណិជ្ជកម្ម អាជីវកម្ម និង សេវាកម្ម​ទាំងនោះ​ត្រូវ​មក​សុំការ​អនុញ្ញាត​ពី​អង្គភាព​ច្រកចេញ-ចូលតែមួយ​រដ្ឋបាល​ខេត្ត, លិខិត​អនុញ្ញាត​បិទស្លាក​ថ្លៃ​ជា​រូបិយប័ណ្ណ​បរទេស មាន​សុពលភាព​រយៈពេល ១ឆ្នាំ។ លិខិត​អនុញ្ញាត​ដែល ហួស​សុពលភាព ចាំបាច់​ត្រូវ​សុំ​ការ​អនុញ្ញាត​សាជាថ្មី ពី​អង្គភាព​ច្រកចេញ-ចូលតែ​មួយ​រដ្ឋបាល​ខេត្ត។

ក្រៅពីនោះ ពាណិជ្ជករ អាជីវករ និងសេវាករ ជា​ម្ចាស់​ហាង​លក់​ទំនិញ​រួចពន្ធ (Duty free shop) ដែល​សុំ​លិខិត​អនុញ្ញាត បិទ​ស្លាកថ្លៃ​ជារូបិយ​ប័ណ្ណ​បរទេស ត្រូវ​មាន​កាតព្វកិច្ច​បង់​កម្រៃ​សេវា​សាធារណ:​ជូនរដ្ឋ, ការ​បិទ​ស្លាកថ្លៃ ត្រូវ​សរសេរ​ជា​ភាសាខ្មែរ​នៅ​ខាង​មុខ ឬ​នៅ​ពី​លើ និង​អក្សរ​អង់គ្លេស​នៅ​បន្ទាប់ ឬ​បន្ទាត់​ខាងក្រោម និង​ភាសា​បរទេស​ទី​៣ នៅ​បន្ទាប់​ទៀត អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​អតិថិជន​របស់​អាជីវកម្ម, ស្ថានីយ/ ដេប៉ូ​លក់រាយ​ប្រេងឥន្ធន:ទាំងអស់ ត្រូវ​មាន​ដាក់តាំង​បង្ហាញ​នៅ​បរិវេណ​ខាងមុខ​ទីតាំង អាជីវកម្ម ឬ កន្លែង​ងាយ​មើល​ឃើញ​ចម្ងាយ​ប្រមាណ​ជា ២០០​ម៉ែត្រ, នាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ឯកជន អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង​និង​បង្ក្រាបការ ក្លែងបន្លំ (ក.ប.ប) និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​រួម​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច ចុះ​ត្រួត​ពិនិត្យ និង​ណែនាំ​អំពី​ការ​បិទ​ស្លាក​ថ្លៃ ជា​រៀងរាល់ខែ។

លើសពីនោះ​ក្រសួង​បាន​បញ្ជាក់​ថា៖ «គ្រប់​អាជីវករ សេវាករ ពាណិជ្ជករ​ទាំង​ឡាយ​ណា ដែល​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំនេះ​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​ជា​ធរមាន»៕