អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានរៀបចំវេទិកាពិភាក្សា ក្រុមការងារ “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច លើបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងពន្ធដាររបស់វិស័យឯកជន ដែលក្នុងនោះវិស័យឯកជនបានលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗចំនួន ១២ ចំណុច ដើម្បីពិភាក្សា និងរកដំណោះស្រាយរួមគ្នា។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា បញ្ហាប្រឈមទាំង ១២ចំណុច ដែលលើកឡើងដោយផ្នែកឯកជនមានទាក់ទងនឹងបញ្ហាមួយចំនួនដូចជា ទី១ ការផ្ទេរភាគហ៊ុន និងការយកពន្ធលើចំណេញដែលកើតចេញពីការផ្ទេរភាគហ៊ុន ទី២ ការប្រគល់-ទទួលលិខិតជូនដំណឹងនានាពីអគ្គនាយកដ្ឋានពន្ធដារទៅអ្នកជាប់ពន្ធទី៣ ការបង្វិលសងអាករលើតម្លៃបន្ថែម (VAT Refund)ទី៤ ពន្ធលើអត្ថប្រយោជន៍បន្ថែមលើពន្ធលើប្រាក់បៀវត្ស និងពន្ធកាត់ទុកបង់ជួសទី៥ ការលក់ក្រៅដែនកម្ពុជា ឬស្ថិតក្នុងតំបន់ត្រួតពិនិត្យគយ ទី៦ ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៧០១ ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ស្តីពីការចុះបញ្ជី សារពើពន្ធ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ ទី៧ លេខទូរស័ព្ទ ឬអ៊ីមែលរបស់អ្នកជាប់ពន្ធដែលបានផ្ដល់ក្នុងប្រព័ន្ធចុះបញ្ជីមិនអាចទំនាក់ទំនងបាន និងករណី ប្រធានក្រុមហ៊ុន ឬអ្នកតំណាងយឺតយ៉ាវក្នុងការចូលមកបង្ហាញខ្លួន ដើម្បីថតរូប និងស្កែនម្រាមដៃនៅអគ្គនាយកដ្ឋានពន្ធដារតាមកាលបរិច្ឆេទកំណត់។

ចំណែកបញ្ហាប្រឈម ទី៨ ការគិតពន្ធលើសមាជិកក្រុមប្រឹក្សាភិបាល និងតំណាងម្ចាស់ភាគហ៊ុន ទី៩ វិធានសារពើពន្ធសម្រាប់ប្រាក់សោធន ទី១០ ការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកជាប់ពន្ធតូច ឬសហគ្រាសដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ ទី១១ ការបញ្ចូលភាគហ៊ុនិកបន្ថែមរបស់អ្នកជាប់ពន្ធតូច ឬសហគ្រាសដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ ឬ សហគ្រាសឯកបុគ្គលនិង ទី១២ កាតព្វកិច្ចសារពើពន្ធ និងគណនេយ្យក្នុងគោលដៅសារពើពន្ធសម្រាប់សហគ្រាសដែលត្រូវផ្ទេរពីប្រភេទ អ្នកជាប់ពន្ធតូច ទៅជាអ្នកជាប់ពន្ធមធ្យម។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងនៅក្នុងសេចក្តីប្រកាសថា អគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជនក្នុងការងារ "ឃ" មានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ដោយបានដោះស្រាយនូវបញ្ហាប្រឈមជាច្រើនទាក់ទិននឹងពន្ធដារ។

លោកបានគូសបញ្ជាក់ថា៖«វឌ្ឍភាពនៃរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មីកាន់តែរំកិលទៅមុខ ដែលអាចធានាបាននូវភាពប្រទាក់ក្រឡាគ្នាជាមួយនឹងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាននិងជាការធ្វើបច្ចុប្បន្នភាពសេចក្ដីព្រាងច្បាប់នេះឱ្យឆ្លើយតបនឹងការរីកចម្រើននៃសង្គមសេដ្ឋកិច្ច ព្រមទាំងធានាបាននូវភាពច្បាស់លាស់ ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសង្គតិភាពនៃការគ្រប់គ្រងប្រមូល ចំណូលពន្ធ ព្រមទាំងដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ»។ លោកបានបន្តថា ផ្នែកឯកជននៃក្រុមការងារ "ឃ” បានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែល បានគូសបញ្ជាក់ថា បញ្ហាប្រឈមទាំង ១២ ចំណុចនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បានធ្វើការដោះស្រាយនូវបញ្ហាប្រឈមរបស់ផ្នែកឯកជន និងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីដោះស្រាយនូវបញ្ហាផ្សេងៗដែលនៅសេសសល់៕