
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៤ ខែមីនានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានថ្លែងថា ក្នុងឆ្នាំ ២០២២ វិស័យកសិកម្មបានជួបបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និងធ្វើការដោះស្រាយឱ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកបានបញ្ជាក់បន្ថែមថា៖ «បញ្ហាប្រឈមទាំងនោះរួមមាន ទី១ បញ្ហា ថ្លៃដើមផលិតកម្មខ្ពស់ ទី២ បញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនៅមានកម្រិត ដូចជា កង្វះផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពដែលចំណាយទាប ឡសម្ងួត ឃ្លាំងស្តុក ទូត្រជាក់ និងហេដ្ឋារចនាសម្ព័ន្ធ កែច្នៃ និង ទី៣ ពាណិជ្ជូបនីយកម្ម លើកសិផលគន្លឹះនៅមិនទាន់ត្រូវបានជំរុញឱ្យអស់សក្តានុពល»។
លោកបានបន្តទៀតថា តុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយសម្ពាធមកលើធនធានព្រៃឈើ និងជលផល នៅតែជាប្រធានបទមួយដែលត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។ ហើយដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ អង្គសន្និបាតក្រសួងបានដាក់ចេញនូវទស្សនទានទៅអនាគត គឺ ការធានាសន្តិសុខស្បៀង និងនិរន្តរភាពនៃការអភិវឌ្ឍ។
លោកបានគូសបញ្ជាក់ថា៖ «ក្នុងន័យនេះ ការធានាស្ថិរភាពថ្លៃកសិផលក្នុងស្រុក ការកាត់បន្ថយថ្លៃដើម និងការបង្កើនតម្លៃបន្ថែមនៃផលិតផលកសិកម្មសម្រាប់ការនាំចេញ ដោយបង្កើតជាផលិតផលគន្លឹះ ឬ ផលិតផលប្រណីតដើម្បីបង្កើនប្រាក់ចំណូលដល់កសិករ និងអ្នកចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃផលិតផលកសិកម្មទាំងមូល នឹងក្លាយជាគោលដៅអាទិភាព»។
បើតាមលោករដ្ឋមន្រ្តី សកម្មភាពទាំងឡាយក្នុងឆ្នាំ ២០២៣ នឹងត្រូវអនុវត្តជាយុទ្ធសាស្ត្រដើម្បីបម្រើគោលដៅខាងលើ ដូចជាទី ១ កាត់បន្ថយថ្លៃដើម ដោយប្រើពូជសុទ្ធល្អ បច្ចេកទេសទំនើប និងសន្សំសំចៃថាមពល ទី២ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្ម តាមរយៈផ្ទះសំណាញ់សម្រាប់បន្លែដោយប្រើឥណទានមានការប្រាក់ទាប និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធផលិតកម្មទាំងនេះ និង៣ ពាណិជ្ជូបនីយកម្ម តាមរយៈការចងក្រងជាបណ្តាញពីកសិករ ដល់អ្នកកែច្នៃ និងអាជីវករ ហើយជំរុញឱ្យអនុវត្តផលិតកម្មតាមកិច្ចសន្យា ដោយផ្អែកលើផែនការទីផ្សារជាក់លាក់។ ការរៀបចំចងក្រងជាបណ្តាញខាងលើនឹងផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងគោលការណ៍ទីផ្សារសេរី។
លោក ឌិត ទីណា បានមានប្រសាសន៍ទៀតថា ឥណទានការប្រាក់ទាបនឹងត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងការលើកទឹកចិត្ត និងតម្រង់ទិសតួអង្គទាំងឡាយ ដែលអនុវត្តការចងក្រងជាបណ្ដាញពីកសិករដល់ទីផ្សារ និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា។ ពាក់ព័ន្ធនឹងការផ្តល់ឥណទានការប្រាក់ទាប ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានផ្តល់ឥណទានប្រមាណ ៣៨០ លានដុល្លារអាមេរិករួចហើយ ដល់កសិករ និងអ្នកកែច្នៃផលិតផលកសិកម្ម ដែលជាង ៦០ ភាគរយ នៃឥណទាននេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងរង្វង់ត្រឹមតែ ៥ ទៅ ៥,៥ភាគរយប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០២៣នេះ ក្រសួងសង្ឃឹមថា ទំហំឥណទានការប្រាក់ទាបបែបនេះ នឹងកើនឡើង ហើយផ្តល់ចំគោលដៅអាទិភាពដែលបានកំណត់។
ចំពោះតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ ក្រសួងនឹងខិតខំបង្កើតជម្រើសផ្សេងៗ ដោយតម្រង់ទិស គម្រោងអភិវឌ្ឍន៍នានា ឱ្យមកគាំទ្រការបង្វែរមុខរបរប្រជាជន ពីការពឹងពាក់លើធនធានជលផល និងព្រៃឈើ ទៅប្រកបមុខរបរផ្សេងដែលមាននិរន្តរភាពសេដ្ឋកិច្ច៕