
កម្មករកំពុងរៀបចំចេកនៅចម្ការ ១ កន្លែង នៅស្រុកឈូក ខេត្តកំពត កាលពីឆ្នាំ ២០១៩។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ត្រូវរំពឹងថានឹងបន្តបង្ហាញសញ្ញាវិជ្ជមានបន្ថែមទៀត ខណៈថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មនៃប្រទេសទាំង ២ បានជួបពិភាក្សាគ្នាក្នុងន័យពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាកាន់តែខ្លាំងបន្ថែមទៀត។
ជំនួបនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមីនា កន្លងមកនៅទីស្តីការក្រសួងពាណិជ្ជកម្ម រវាងលោក កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម ជាមួយនឹងលោក Chu Thang Trungអគ្គនាយករងអាជ្ញាធរឧបាស្រ័យពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
ជាកិច្ចចាប់ផ្តើម លោក កឹម ស៊ីថន បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកទស្សនកិច្ចការងារនៅប្រទេសកម្ពុជារបស់ក្រុមគណៈប្រតិភូវៀតណាម ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សំដៅធ្វើការរួមគ្នាក្នុងការគាំទ្រ និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបានលើកឡើងថា៖«ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងមានក្ដីសង្ឃឹមយ៉ាងមុតមាំថាតាមរយៈទស្សនកិច្ចនេះនឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំង២កាន់តែល្អប្រសើរបន្ថែមទៀត ក៏ដូចជាចូលរួមចំណែកជំរុញប្រសិទ្ធភាពការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ផងដែរ»។
លោក Chu Thang Trung បានប្រាប់ថា លោក និងសហការីពិតជាមានក្តីរីករាយចំពោះដំណើរទស្សនកិច្ចស្វែងយល់ពីខ្សែចង្វាក់ផលិតកម្មមួយចំនួននៅកម្ពុជា ដែលមានដូចជា ការផលិត ការរក្សាទុក ការវេចខ្ចប់ និងការនាំចេញជាដើម។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៦ ខែមីនាថា ទោះបីចរន្តនៃការនាំចេញ-នាំចូលទំនិញ របស់កម្ពុជាជាមួយប្រទេសជាច្រើនលើពិភពលោកបានធ្លាក់ចុះនារយៈពេលប៉ុន្មានខែចុងក្រោយនេះដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកក៏ទំហំទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងវៀតណាម មិនធ្លាក់ចុះនោះឡើយ។ ភាពវិជ្ជមាននេះគឺដោយសារប្រទេសទាំង ២ មានព្រំដែនជាប់គ្នា មានទំនាក់ទំនងការទូតល្អ ស្របពេលដែលសមត្ថភាពផលិតកម្មរបស់កម្ពុជា(ពិសេសកសិផល) បានកើនឡើងជាបន្តបន្ទាប់។
លោកនិយាយថា៖«ផ្អែកលើកត្តាភូមិសាស្ត្រ និងទំនាក់ទំនងការទូត ទំហំទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសទាំង ២ នឹងកើនឡើងជាបន្តបន្ទាប់»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងខែមករា-កុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបាននាំទំនិញទៅប្រទេសវៀតណាម ក្នុងទឹកប្រាក់សរុប ៤៩១,១៨លានដុល្លារ កើនឡើង ៣៦,១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ចំណែកទំនិញដែលវៀតណាម នាំមកកម្ពុជាមានចំនួន ៥៩៣,៥៥៧លានដុល្លារ កើនឡើង ០,៧ភាគរយ។ ជាសរុបទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-វៀតណាម រយៈពេល ២ខែឆ្នាំ២០២៣ មានចំនួនសរុប ១ ០៨៤,៧៣៧លានដុល្លារ កើនឡើង ១៤,២ភាគរយ។ផ្អែកតាមស្ថិតិខាងលើ គឺកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ១០២,៣៧៧លានដុល្លារ។
ទាក់ទងនឹងឱនភាពជញ្ជីងពាណិជ្ជកម្មកម្ពុជា អ្នកជំនាញសេដ្ឋកិច្ចខាងលើបានអះអាងថា ដោយសារវៀតណាមមានសេដ្ឋកិច្ច និងប្រជាជនច្រើនដូច្នេះសមត្ថភាពផលិតកម្មរបស់គេ គឺប្រាកដជាខ្ពស់ជាងកម្ពុជា។ ទោះយ៉ាងណា កម្ពុជាក៏ត្រូវខិតខំបន្ថែមទៀតក្នុងការសម្រាំងផលិតផលរបស់ខ្លួនដែលមានតម្លូវការខ្ពស់នៅទីផ្សារវៀតណាម ដើម្បីកាន់បន្ថយគម្លាតនេះ។
ក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦ ១៣៥,៧៦លានដុល្លារ កើនឡើង ១៩,៦ភាគរយធៀបឆ្នាំ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅវៀតណាម មានទឹកប្រាក់ ២ ១៦៨,៦១៩លានដុល្លារ កើនឡើង ៩,២ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣ ៩៦៧,១៤១៣លានដុល្លារ កើនឡើង ២៦,២ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕