ភ្នំពេញៈ សមាគម​តំណាង​វិស័យ​ស្រូវ​អង្ករ និង​អ្នក​នាំចេញ​បាន​សាទរ​ចំពោះ​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ទម្លាក់​ទុន ១០០ លាន​ដុល្លារ​នាពេល​ខាង​​មុខ​ក្នុងទិសដៅ​ជំរុញ​ការផលិត និង​ការប្រមូល​ទិញស្រូវ​ដើម្បី​ជំរុញ​ការនាំចេញ​។​

​កាលពី​ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ​ ២០២៣ ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​នឹង​ទម្លាក់​ទុន​ ១០០ ​លាន​ដុល្លារ​ដល់​វិស័យ​ស្រូវ​ដើម្បី​បង្កើត​ផលិតភាព និង​ទីផ្សារ​។ លោក​បន្តថា វិស័យ​កសិកម្ម​បាន​ជួយ​បន្ថយ​ភាព​តានតឹង​ផ្នែក​សេដ្ឋ​កិច្ច បញ្ចៀស​វិបត្តិ​ស្បៀងអាហារ និង​អតិផរណា​តម្លៃ​ស្បៀង​ដែល​បណ្តាលមកពី​វិបត្តិ​កូ​វីដ​ ១៩ និង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ រដ្ឋា​ភិ​​បាល​កម្ពុជា​បាន​ខិតខំ​ជំរុញ​ជា​បន្តបន្ទាប់​ក្នុងការ​កែច្នៃ​ស្រូវ​អង្ករ និង​ពង្រីក​ទីផ្សារ​នៅលើ​ពិភពលោក​។​

​បើទោះបី​ពិភពលោក​ជួប​នូវ​ការ​ប្រែ​​ប្រួល​យ៉ាងណា ក៏​កម្ពុជា​មិនមាន​ការខ្វះ​​ខាត​ស្បៀង​ឡើយ ដោយ​ក្នុង​១​ឆ្នាំ​កម្ពុជា​សល់​ស្រូវ​រហូតដល់ ៦​លាន​តោន​។​

​លោក​ថ្លែងថា​៖ «​យើង​នឹង​ទម្លាក់​ទុន​សម្រាប់​បញ្ហា​ស្រូវ ១០០ ​លាន​ដុល្លារ នៅពេល​ខាងមុខនេះ​។ យើង​នឹង​ទម្លាក់​ទុន ១០០ ​លាន​សម្រាប់​ទីផ្សារ​ស្រូវ​»​។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង​ក​សិ​​កម្ម បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ក្រសួង​នឹង​បន្ត​ការអនុវត្ត​នៃ​ការផ្តល់​ឥណទាន​ការ​​ប្រា​ក់ទាប ដែល​ត្រូវ​ប្រើប្រាស់​ជាម​ធ្យោ​បាយ​លើកទឹកចិត្ត និង​តម្រង់ទិស​តួអង្គ​ទាំងឡាយ​ដែល​ចង់​ចងក្រង​ជា​បណ្តាញ​ពី​កសិករ​ដល់ទី​ផ្សារ និង​អនុវត្ត​ផលិត​​កម្ម​តាម​កិច្ចសន្យា​។ លោក​បន្តថា ពាក់​ព័ន្ធ​នឹង​ការផ្តល់​ឥណទាន​ការប្រាក់​ទាប​នេះ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​ក​សិ​កម្ម បានផ្តល់​ឥណទាន​ប្រមាណ ៣៨០​ លាន​ដុល្លារ​រួចហើយ​ដល់​កសិករ​នៅក្នុង​ឆ្នាំ ២០២២ ទាំង​កសិករ ទាំង​អ្នក​កែ​ច្នៃ ដែល ៦០ ​ភាគរយ​នៃ​ឥណទាន​មានការ​ប្រាក់​ទាប​ប្រចាំឆ្នាំ​ក្នុង​រង្វង់​តែ ៥​ ទៅ ៥,៥​ ភាគរយ​ប៉ុណ្ណោះ​។​

​លោក​ថ្លែងថា​៖ «​ក្នុង​ឆ្នាំ ​២០២៣ នេះ ក្រសួង​សង្ឃឹមថា ទំហំ​ឥណទាន​ការ​​ប្រាក់​ទាប​នឹង​កើនឡើង ហើយ​ផ្តល់​ចំ​គោលដៅ​អាទិភាព​ដែល​បានកំណត់​»​។​

​លោក មាស សុខ​សេន​សាន្ត អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ ខែមីនា ថា ក្រសួង​របស់លោក​បាន​ត្រៀម​កញ្ចប់​ថវិកា​នេះ​រួចហើយ​ដើម្បី​ផ្តល់ទៅឱ្យ​វិស័យ​ស្រូវ​អង្ករ​ធ្វើជា​ទុន​បង្វិល​។

លោក​ប្រាប់ថា​៖ «​សម្រាប់​កញ្ចប់​ថវិកា​នេះ​គឺ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ត្រៀម​រួច​រាល់​អស់ហើយ​។ ដូច្នេះ​ធនាគារ​អភិ​វឌ្ឍន៍​ជនបទ និង​កសិកម្ម នឹងធ្វើ​ការ​លើ​ការងារ​ចាត់ចែង​ថវិកា​នេះ​»​។​

​លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបញ្ចេញ​ទុន​បន្ថែម​របស់​រដ្ឋា​ភិ​​បាល គឺជា​ការជួយជ្រោមជ្រែង និង​យក​ចិត្ត​ទុកដាក់​បន្ថែមទៀត​របស់​រដ្ឋាភិបាល​លើ​វិស័យ​ស្រូវ​អង្ករ ពិសេស​ទុន​នេះ​នឹង​ជួយ​រក្សាបាន​នូវ​និរន្តរភាព​ថ្លៃ និង​ផ្តល់​លទ្ធភាព​បន្ថែម​ដល់​ផ្នែក​ឯកជន​ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​ទីផ្សារ​ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​។​

​លោក​និយាយថា​៖ «​ទុន​ហ្នឹង ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដល់​ផ្នែក​ឯក​​ជន​ដែលជា​អ្នក​ផលិត និង​នាំចេញ ព្រោះ​បញ្ហា​កង្វះ​ទុន​ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ​បានធ្វើឱ្យ​តម្លៃ​ស្រូវ​មិនមាន​ស្ថិរភាព ដូច្នេះ​ទុន​ដែល​រដ្ឋា​ភិ​​បាល​គ្រោង​ទម្លាក់​នេះ​គឺ​ពិតជា​សំខាន់​ខ្លាំងណាស់​ដែល​នឹង​ធ្វើឱ្យ​កសិផល​មានតម្លៃ​ល្អ និង​មាន​ស្ថិរភាព​។ ទុន​នេះ​គឺជា​សញ្ញា​មួយ​ពិសេស​ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​ក្នុង​ការជួយ​លើកកម្ពស់​វិស័យនេះ​កាន់តែខ្លាំង​ថែម​ទៀត ជាពិសេស​ការនាំចេញ​នឹង​កាន់​តែមាន​កំណើន​»​។​

​បើ​យោងតាម​លោក សុ​ឃាំង គិត​មកដល់ពេលនេះ​ការនាំចេញ​អង្ករ​កម្ពុជា​នៅ​បន្ត​រក្សាបាន​កំណើន ខណៈ​តម្រូវ​​ការ​ក៏​កើនឡើង​ដែរ​។​

​លោក សុង សារ៉ន អគ្គនាយក​ក្រុម​ហ៊ុន Amru Rice យល់ឃើញថា ទុន​នឹង​ផ្តល់​លទ្ធភាព​ដល់​ក្រុមហ៊ុននាំចេញ​ដែល​តែងមាន​បញ្ហា​កង្វះ​ទុន​នៅពេល​រដូវ​ប្រមូល​ផល អាច​បង្កើន​ការទិញ​ស្រូវ​ពី​ប្រជាកសិករ​យកមក​ស្តុក​ទុក និង​កិន​ដើម្បី​នាំចេញ​។​

​លោក​ប្រាប់ថា​៖ «​យើង​សង្កេតឃើញថា រាជរដ្ឋាភិបាល​តែង​យកចិត្តទុកដាក់​ក្នុង​ការជួយ​លើកកម្ពស់​វិស័យ​ស្រូវ​អង្ករ ដោយសារ​កន្លងមក​យើង​តែង​ជួប​បញ្ហា​កង្វះ​ទុន​ដើម្បី​ប្រមូល​ទិញស្រូវ​ពី​ប្រជា​កសិករ ដែល​ធ្វើឱ្យមាន​ការកកស្ទះ និង តម្លៃ​ក៏​ចុះថោក​។ កន្លងមក​ផ្នែក​ឯកជន​ក៏បាន​រួមគ្នា​ធ្វើការ​ជាមួយ​ក្រសួង​ក​សិ​​កម្ម​ដើម្បី​ជួយ​កសិករ​។ ទុន​ដែល​រដ្ឋា​ភិ​បាល​គ្រោង​បញ្ចេញ​នេះ​នឹង​ជួយ​លើក​កម្ពស់​វិស័យនេះ​ថែមទៀត ពិសេស​រក្សាបាន​ស្ថិរភាព​ថ្លៃ​ជូន​ប្រជាពលរដ្ឋ​»​។​

​យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល ​២ ​ខែ ដើមឆ្នាំ​ ២០២៣ កម្ពុជា​តាមរយៈ​ក្រុមហ៊ុននាំចេញ​អង្ករ ៤០​ បាន​នាំចេញ​អង្ករ​ជិត ១០ ​ម៉ឺន​តោន គិត​ជា​ប្រាក់ ៧២,៦៧​ លាន​ដុល្លារ​ទៅកាន់​ទីផ្សារ​ចំនួន ៣៨​ ប្រទេស​៕