ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​ចាស់ និង​លើក​ទិសដៅ​ការ​​ងារ​ឆ្នាំ​ថ្មី​របស់​ក្រសួងកសិកម្ម កាលពីពេល​ថ្មីៗ​នេះ បាន​ថ្លែងថា ក្នុង​ឆ្នាំ​ ២០២៣ នេះ ក្រសួង​សង្ឃឹមថា ទំហំ​ឥណទាន​ការ​​ប្រា​ក់ទាប នឹង​កើនឡើង ហើយ​ផ្តល់​ចំ​គោលដៅ​អាទិភាព​ដែល​បានកំណត់ នៅក្នុង​វិស័យ​កសិកម្ម​។​

​លោកថ្លែងថា​៖ «​ឥណទាន​ការប្រាក់​ទាប​នឹងត្រូវ​បាន​ប្រើ​ប្រាស់​ជា​មធ្យោបាយ​ក្នុងការ​លើកទឹកចិត្ត និង​តម្រង់ទិស​តួអង្គ ទាំងឡាយ​ដល់​ការអនុវត្ត​ការ​ច្រង​ក្រង​ជា​បណ្ដាញ​ពី​កសិករ​ដល់ទី​ផ្សារ និង​ការអនុវត្ត​ផលិតកម្ម​តាម​កិច្ចសន្យា​។ ពាក់ព័ន្ធ​នឹង​ការផ្តល់​ឥណទាន​ការប្រាក់​ទាប ធនាគារ​អភិ​វឌ្ឍន៍​ជនបទ និង​កសិកម្ម​បានផ្តល់​ឥណទាន​ប្រមាណ ​៣៨០ ​លាន​ដុល្លារ​អាមេរិក​រួចហើយ​ដល់​កសិករ និង​អ្នក​កែច្នៃ​ផលិត​ផល​កសិកម្ម​ដល់​ជាង ៦០ ​ភាគ​​រយ នៃ​ឥណទាន​នេះ ដែលមាន​អត្រា​ការប្រាក់​ប្រចាំឆ្នាំ​ក្នុង​រង្វង់​ត្រឹម​ ៥ ទៅ​ ៥,៥​ ភាគរយ​ប៉ុណ្ណោះ​»​។

​លោក កៅ ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) នៅក្នុង​ពិធី​សម្ពោធ​បើក​សាខា​ថ្មី​របស់លោក នៅ​ខេត្ត​បាត់​​ដំបង ធ្លាប់បាន​លើកឡើងថា ក្នុង​គោលបំណង​ផ្តល់​សេវា​ធនាគារ​ពេញលេញ​តាម​បណ្តា​ខេត្ត ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាកសិករ ឱ្យ​កាន់តែ​ងាយ​ស្រួល​ជាង​មុន ក្នុង​ការទទួល​បាន​ឥណទាន​មានការ​ប្រាក់​ទាប​។​

​លោកថ្លែងថា​៖ «​ដោយ​ទទួល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​អាណា​ព្យា​បាល ធនាគារ ARDB បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​ជា​ការិយាល័យ​ចល័ត​ចំនួន ១៥ នៅតាម​បណ្តា​ខេត្ត ដើម្បី​ផ្តល់​សេវា​ធនាគារ​ជូន​ប្រជាកសិករ សហគមន៍​កសិកម្ម រោង​ម៉ាស៊ីន​កិនស្រូវ សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​​ឧស្សាហកម្ម ឱ្យទទួល​​បាន​កម្ចី​ដែលមាន​អត្រា​ការ​ប្រា​ក់ទាប ដើម្បី​ជំរុញ​ការ​អភិ​​វ​ឌ្ឍ​វិស័យ​កសិកម្ម​ឱ្យមាន​ភាព​​រីកចម្រើន​»​។​

​លោក កៅ ថាច បាន​បន្តថា លើសពីនេះ ដើម្បី​ពង្រីក​វិសាល​ភាព​ការទូទាត់​អន្តរ​ធនាគារ ធនាគារ ARDB បានទទួល​ការអនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា ចូល​ជា​សមាជិក​ប្រព័ន្ធ​បាគង ដែលមាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ចំនួន ៤៦ ជា​សមាជិក​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់ឱ្យដឹង​ដែរ​ថា អត្រា​ការ​ប្រាក់​ប្រចាំឆ្នាំ​ក្នុង​រង្វង់​ត្រឹម ៥​ ទៅ ៥,៥​ភាគរយ​របស់​ធនាគា​រ​​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​នាពេល​បច្ចុប្បន្ន​នេះ ជា​អត្រា​ការប្រាក់​មួយ​ស្ថិតនៅក្នុង​កម្រិត​មធ្យម ដែល​អាច​ទទួល​យកបាន ខុសពី​ធនាគារ​ពា​​ណិ​ជ្ជ​ផ្សេងៗ​ទៀត ដែលមាន​អត្រា​ការប្រាក់​ខ្ពស់​។​

​លោក​ថ្លែងថា បច្ចុប្បន្ននេះ ការទទួលប្រាក់​បញ្ញើ​ផ្សេងៗ​ពី​អតិថិជន គឺ​ធនាគារ​បាន​ដំឡើង​អត្រា​ការប្រាក់​ដល់​ជាង​ ៨ ​ភាគ​​រយ​ទៅហើយ ដែល​នេះ​ជា​ក្តី​បារម្ភ​មួយ​សម្រាប់​អ្នក​ដែល​ត្រូវការ​ទុន​។​

​លោក​បញ្ជាក់ថា​៖ «​ការយក​ចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់ទុន​ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ សម្រាប់​ជួយ​ដល់​វិស័យ​កសិកម្ម​នេះ គឺ​រឿងនេះ​ល្អ​ណាស់ ដែល​អាច​រុញ​ការអភិវឌ្ឍ​ដល់​វិស័យ​កសិកម្ម​ទំនើប ហើយ​ការធ្វើ​កសិកម្ម​​ទំនើប​នេះ យើង​ត្រូវការ​តាំងពី​ទុន បច្ចេកវិទ្យា ធនធានមនុស្ស​»​។​

​លោក លឹម ហេង ថ្លែងថា រដ្ឋាភិបាល​គួរតែ​លើកទឹកចិត្ត និង​ទាក់ទាញ​អ្នកវិនិយោគ នៅក្នុង​វិស័យ​កសិកម្ម​នេះ តាម​​រយៈ​អ្នកមាន​ក្នុងស្រុក និង​អ្នក​​វិនិយោគ​ពី​ក្រៅប្រទេស​តាម​រយៈ​ការលើកលែង​ពន្ធ​ផ្សេងៗ​ឱ្យបាន ខណៈ​កន្លងទៅ​នៅក្នុង​ច្បាប់​វិនិយោគ​ថ្មី ការលើក​ទឹក​ចិត្ត​ផ្នែក​ពន្ធចំពោះ​វិស័យនេះ​នៅមានកម្រិត​នៅឡើយ​។

​លោក​រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម​ថ្លែងថា ក្នុង​ឆ្នាំ​ ២០២២ ​កន្លងទៅ ផលិតកម្ម​ដំណាំ​សម្រេចបាន​ចំនួន ៣៤,៧១​ លាន​តោន ក្នុងនោះ ដំណាំ​​ស្រូវ​ចំនួន ១១,៦២​ លាន​តោន ដោយមាន​អតិរេក ៦,២៩​ លាន​តោន ដំណាំ​សាកវប្បកម្ម​ចំនួន ៤,៤២​ លាន​តោន និង​ដំណាំ​ឧស្សាហកម្ម​ចំនួន ១៨,៦៧​ លាន​តោន​។ កម្ពុជា​បាន​នាំចេញ​ជា​ផ្លូវការ​នូវ​ផលិតផល​កសិកម្ម ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជិត ៥​ ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ ៨,៦​ លាន​តោន ទៅកាន់​ទិស​​ដៅ ​៧៤ ​ប្រទេស កើនឡើង ៧,៨​ ភាគរយ ធៀប​ឆ្នាំ​ ២០២១៕