​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ក្រសួង​ក​សិ​កម្ម​ឱ្យ​ជំរុញ​បន្ថែម​ការផលិត​ពូជ​​សុទ្ធ​ស្រូវ​ផ្ការំដួល​ឱ្យ​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ ហើយ​លោក​ក៏បាន​ប្រកាស​ផ្ដល់​ម៉ាស៊ីន​ស្ទូងស្រូវ​ចំនួន​ ១០០​ គ្រឿង​ដល់​ក្រសួងកសិកម្ម ដើម្បី​ចែកជូន​សហគមន៍​កសិក​ម្ម​ដែល​ផលិត​ស្រូវពូជ​ផងដែរ​។​

​នៅក្នុង​ពិធី​ស​ន្និ​បាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឆ្នាំ ​២០២២ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២៣ កាលពី​ថ្ងៃទី ​២៤ ខែមីនា លោក ​ហ៊ុន សែន បាន​ថ្លែងថា​៖ «​ចំពោះ​ការផលិត​ពូជ​ស្រូវ​ខ្ញុំ​សូម​ណែនាំ​ឱ្យ​ជំរុញ​បន្ថែម​ការផលិត​ពូជ​សុទ្ធ​ផ្ការំដួល​ឱ្យ​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ​។ ដូច្នេះ​ការងារ​នេះ​ខ្ញុំ​សូម​ផ្ដល់​ម៉ាស៊ីន​ស្ទូងស្រូវ​ចំនួន​ ១០០ គ្រឿង​ដល់​ក្រសួងកសិកម្ម ដើម្បី​ចែកជូន​សហគមន៍​កសិក​ម្ម​ដែល​ផលិត​ស្រូវពូជ​»​។​

​លោក​ថ្លែងថា ដោយសារ​កត្តា​ពូជស្រូវ​នេះ​សំខាន់ ទើប​ម៉ាស៊ីន​ស្ទូងស្រូវ​ទាំង ​១០០​ គ្រឿង​នេះ​ត្រូវដាក់​ទៅកាន់​តំបន់​ផលិត​ពូជ​ស្រូវ​ដើម្បី​បើកទូលាយ​ឱ្យ​ប្រជា​​ពលរដ្ឋ​អាច​ដាំ​ដុះ​។ ពូជស្រូវ​នេះ​មិនមែន​គ្រាន់តែ​ជា​តម្រូវការ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅក្រៅ​ស្រុក​ក៏មាន​តម្រូវការ​ផងដែរ ហើយ​ត្រូវ​បន្ត​នៅក្នុង​ដំណើរ​ផលិត​ពូជស្រូវ​នេះ​។​

​លោក​ ហ៊ុន សែន លើកឡើងថា ការអភិវឌ្ឍ​ពូជ​សុទ្ធ​ទាំង​រុក្ខជាតិ​និង​សត្វ​ដែល​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ ធន់​នឹង​អាកាសធាតុ ធន់​នឹង​សមាសភាព​ចង្រៃ និង​មាន​ផលិតភាព​ខ្ពស់​គឺជា​កត្តាចាំបាច់​ដែល​ក្រសួងកសិកម្ម​រុក្ខា​ប្រ​មា​ញ់ និង​នេសាទ​ត្រូវ​វិនិយោគ​។​

ពាក់ព័ន្ធ​ការស្រាវជ្រាវ​ពូជ​ល្អៗ លោក​បាន​ណែនាំ​ដល់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ត្រូវ​យកចិត្តទុកដាក់ និង​ជំរុញ​ការអនុវត្ត​ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ​(CARDI) និង​វិស័យ​ឯក​ជន ហើយ​ត្រូវ​ផ្តល់​ការលើកទឹកចិត្ត​តាមរយៈ​ការចុះបញ្ជី​ពូជ​ឱ្យបាន​ទាន់ពេលវេលា​។​

​ក្រៅពីនេះ លោក ហ៊ុន សែន បាន​ណែនាំ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​វិស័យ​កសិកម្ម​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​ព្រមទាំង​ធន់​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ហើយ​ថា ការ​អភិវឌ្ឍ​កសិកម្ម​ត្រូវតែមាន​ផែន​ការច្បាស់​លាស់​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង​។​

​លោក​ថ្លែងថា ក្រសួង​ពាណិជ្ជ​​កម្ម​ត្រូវ​ជួយ​វាយតម្លៃ​ជាប្រចាំ​នូវ​តម្រូវការ​ទីផ្សារ និង​សហការ​សម្របសម្រួល​ទីផ្សារ​សម្រាប់​កសិផល​ទាំង​ក្នុង និង​ក្រៅ​ប្រ​ទេស​។ លោក​ថា ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​បរិ​យា​ប័ន្ន ត្រូវ​ផ្តល់​អាទិភាព​ទៅលើ​គ្រួសារ​ក្រីក្រ​ឱ្យ​ទទួលបាន​លទ្ធភាព​ក្នុងការ​ប្រកបមុខរប​រ​កសិកម្ម​ប្រកបដោយ​ស្ថិរភាព​តាមបែប​ប្រពលវប្បកម្ម​។​

​ចំពោះ​ចីរភាព លោក​ណែនាំ​ឱ្យ​ក្រសួងកសិកម្ម​បន្ត​យកចិត្ត​​ទុកដាក់​លើ​ការថែរក្សា​គុណភាព​ដី និង​សន្សំសំចៃ​ការប្រើប្រាស់​ទឹក​ដោយ​ប្រើ​ប្រព័ន្ធ​ស្រោចស្រព​មាន​ប្រសិទ្ធភាព​ខ្ពស់​ផ្នែក​ថាមពល​។​

​ចំពោះ​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ លោក​ហ៊ុន សែន ណែនាំ​ដល់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ត្រូវ​រៀបចំ​ផែនការ​ថែរក្សា​ទឹក​សម្រាប់​រដូវប្រាំង និង​ព្យាករ​ទឹកជំនន់​ឱ្យបាន​ទាន់ពេល​។​ជាមួយគ្នា​នោះ លោក​ក៏បាន​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការរៀបចំ​ផែន​ការ និង​ការអនុវត្ត​គំនិត​ផ្ដួចផ្ដើម​ប៉ូល​សេដ្ឋកិច្ច​ទី ​៤ នៅ​ភាគ​ពាយព្យ​ដោយ​ផ្សារភ្ជាប់​នឹង​ច្រក​មច្ឆា និង​អង្ករ ដើម្បី​កៀរគរ​វិនិយោគ​ក្នុង និង​ក្រៅប្រទេស​មក​ចូលរួម​ជំរុញ​ផលិតកម្ម ការកែ​​ច្នៃ និង​ការនាំចេញ​កសិផល វារីវប្បកម្ម និង​បសុសត្វ​ទៅកាន់​ទីផ្សារ​ចិន និង​អន្តរជាតិ​។​

​លោក ហ៊ុន សែន បាន​ណែនាំ​មន្ត្រី​ថា​៖ «​ត្រូវ​រៀបចំ​ឱ្យបាន​ហ្មត់​​ចត់​នូវ​ផែនការ​ជ្រើសរើស និង​ចាត់​បញ្ជូន​មន្ត្រី​កសិកម្ម​ទៅតាម​ឃុំ​សង្កាត់​នៅ​ទូទាំងប្រទេស​ឱ្យបាន​ឆាប់​បំផុត បន្ទាប់ពី​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា​។ ត្រូវ​រួមគ្នា​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ស្វាយចន្ទី​ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​អធិរាជ​ចន្ទី​។ ដើម្បី​ស្រប​គោលដៅ​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ត្រួតពិនិត្យ​តួនាទី​ភារកិច្ច​របស់ខ្លួន និង​អនុវត្ត​ការងារ​ប្រកបដោយ​សហ​ថាមពល​ពោលគឺ​ត្រូវ​ស្ថិតក្នុង​ជីវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​»​។​

​លោក ​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្លែង​ក្នុង​ពិធី​នោះ​ថា ក្នុង​ឆ្នាំ​ ២០២២ កន្លងទៅ ផលិត​កម្ម​ដំណាំ​សម្រេចបាន​ ៣៤ ​លាន​តោន ក្នុងនោះ​ដំណាំ​ស្រូវ​ជាង ​១១​ លាន​តោន​ដែលមាន​អតិរេក​ ៦ ​លាន​តោន​។ សម្រាប់​ដំ​​ណាំ​សាកវប្បកម្ម​វិញ ផលិត​បាន​ ៤,៤ លាន​តោន និង​ដំណាំ​ឧស្សាហកម្ម​ ១៨​ លាន​តោន​។

​លោក​បាន​បន្តថា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ជា​ផ្លូវការ​ផលិតផល​កសិក​ម្ម​ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជិត ៥ ០០០ ​លាន​ដុល្លារ​អាមេរិក​ស្មើនឹង​ប្រមាណ ​៨,៦​ លាន​តោន​ទៅកាន់​ទិសដៅ ​៧៤ ​ប្រទេស​ដែល​កើន​​ឡើង​ ៧,៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។​ក្នុងនោះ​ការនាំចេញ​អង្ករ​សម្រេចបាន​ ៦៣ ៧០០០​ តោន​កើនឡើង ​៣,២៣ ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០២១ និង​ក​សិ​ផល​ក្រៅពី​អង្ករ​បាន​ ៥,៧៨ ​លាន​តោន​កើនឡើង​ ១១,៦​ ភាគ​រយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។​

​លោក​ ឌិ​ត ទីណា បាន​បញ្ជាក់ថា​៖ «​ជារួម​វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ ២២,២ ​ភាគរយ​ក្នុង​ផលិតផល​សរុប​ក្នុងស្រុក​។ ក្រសួង​បាន​បញ្ចេញ​ពូជស្រូវ​ថ្មី​ ២ ​ប្រភេទ ​គឺ​ចំប៉ីស​ ៧០ និង​ក​ង្រី​ដែល​ទើប​បង្កាត់​បាន​។ ពូជ​ចំប៉ីស​ ៧០ គឺជា​ប្រភេទ​ពូជស្រូវ​ស្រាល​ដែលមាន​អាយុកាល ​៩៣ ​ដល់​ ៩៧ ​ថ្ងៃ មាន​គ្រាប់​អង្ក​រស​ថ្លា និង​ក្លិនក្រអូប​ឈ្ងុយ និង​ផ្ដល់​ទិន្នផល​ជា​មធ្យម​ពី​ ៣,២ ​ដល់ ៤,៩​ តោន​ក្នុង​ ១ ​ហិកតា​។​

​លោក​បន្ថែមថា​៖ «​ឯ​ពូ​ជក​ង្រី​កាន់​តែមាន​ប្រភេទ​ស្រាល​ជាងនេះទៅទៀត​ដែលមាន​អាយុកាល​ខ្លី​បំផុត​គឺ​ត្រឹម​ ៧៨ ដល់​ ៨៤ ​ថ្ងៃ​ប៉ុណ្ណោះ ជា​ស្រូវ​មិន​ប្រកាន់​រដូវ ផ្តល់​ទិន្នផល​មធ្យម ​៤,៣​ ដល់​ ៧,១​ តោន​ក្នុង​ ១ ​ហិកតា​»៕