ភ្នំពេញៈ រាជរដ្ឋាភិបាល​កំពុង​មាន​មហិច្ឆតា​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ដែល​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​ឈានមុខ​គេ​លើ​ទីផ្សារ​អន្តរជាតិ ដោយបាន​ស្នើឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា រៀបចំ​កញ្ចប់​ថវិកា​ដើម្បី​ផ្តល់​ទៅ​វិស័យនេះ​ក្នុងការ​ជំរុញ​ការ​ផលិត និង​ការនាំចេញ​។

​ផែនការ​នេះ​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រ​​កាស កាលពី​ថ្ងៃទី ​២៤ ខែមីនា ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងកសិកម្ម​។ លោក​បានស្នើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យ​រៀបចំ​ថវិកា​ដើម្បី​ជំរុញ និង​លើកកម្ពស់​ការផលិត និង​នាំចេញ​។​

​លោក​លើកឡើង​អំពី​របាយ​ការណ៍​របស់លោក ទិ​ត ឌី​ណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថា វិស័យនេះ​នៅ​ខ្វះ​ទុន​តែ ៦ លាន​ដុល្លារ​ទៀត​នោះ​ ការផលិត​គ្រាប់ស្វាយ​​ចន្ទី​នឹង​សម្រេច ១ ១០០ តោន​ថែមទៀត ខណៈ​មាន​ជាង ១ ១៨០ ០០០ ​តោន​រួចហើយ​។​

​លោក​បាន​បន្តថា កម្ពុ​ជាមាន​សមត្ថភាព​ប្រជែង​យក​លេខ ១​ លើ​ពិភពលោក​ក្នុង​ការនាំ​គ្រាប់​ស្វាយចន្ទី​ទៅ​ប្រទេសក្រៅ​។ សព្វថ្ងៃ​កម្ពុជា​បាន​វិ​វ​ឌ្ឍ​ហួស​ពី​ប្រទេស​កូត​ឌី​វ័រ​ហើយ​ក្នុងការ​នាំចេញ​គ្រាប់ស្វាយចន្ទី ខណៈ​កូត​ឌឺ​វ័រ មាន​គ្រាប់ស្វាយចន្ទី​ត្រឹម ១ ១០០ ០០០​ តោន ប៉ុន្តែ​កម្ពុ​ជាមាន​គ្រាប់ស្វាយចន្ទី​ជាង ​១ ១៨០ ០០០ ​តោន​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​ក្ដី​សង្ឃឹមថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារ​ជាតិ​នឹង​សហការ​ជំរុញ​ការងារ​នេះ​។ ត្រូវតែ​ទម្លាក់​ទុន​បន្ថែម​លើ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​ក្នុងប្រទេស ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលនយោបាយ​ស្វាយចន្ទី ដែល​យើង​បានអនុម័ត​កន្លងមក​ឱ្យបាន​ជោគជ័យ ឱ្យ​ក្លាយទៅជា​អ្នកផ្គត់ផ្គង់​»​។​

​លោក មាស សុខ​សេន​សាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៦ ខែមីនា​ថា ក្រសួង​សេដ្ឋកិច្ច​បាន​ត្រៀម​ថវិកា​រួចរាល់​ហើយដោយ​នឹងធ្វើ​តាមរយៈ​ធនាគារ​​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​។​

​លោក​ឱ្យដឹងថា​៖ «​សម្រាប់​កញ្ចប់​ថវិកា​ទៅ​ស្វាយចន្ទី​យើង​ក៏បាន​គិតគូរ​រួចរាល់​ហើយ​ដែរ ដូច្នេះ​យើង​មិនមាន​បញ្ហា​ឡើយ​រឿង​ថវិកា​ដែល​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​បានលើកឡើង​។ ដូច្នេះ​ពេលនេះ​គឺ​យើង​នឹង​រៀបចំ​នីតិ​​វិធី​នានា​ដែល​ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​នឹង​ចាត់​ចែង​លើ​ការងារ​នេះ​»​។​

​លោក ហ៊ុន សែន បាន​លើក​ឡើង​ដែរ​ថា រហូតមកដល់​ពេលនេះ ផ្ទៃដី​ដាំ​ដុះ​ស្វាយចន្ទី​ដែល​មិនទាន់​ទទួលផល​ក៏​កំពុង​កើន​​ឡើង​ដែល​ទាមទារ​ឱ្យមាន​ការ​​វិនិយោគ​លើ​រោងចក្រ​កែច្នៃ និង​ការ​មាន​ទុន​បង្វិល​គ្រប់គ្រាន់ នោះ​វិស័យនេះ​នឹង​កាន់តែ​រីក​ចម្រើន ខណៈ​តម្រូវការ​នៅលើ​ពិភពលោក​ក៏មាន​ច្រើន​។​

​រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​គោលនយោបាយ​ជាតិ​ស្វាយចន្ទី ឆ្នាំ​ ២០២២-២០២៧ សំដៅ​ជំរុញ​ការនាំ​ចេញ​គ្រាប់ស្វាយចន្ទី​ឱ្យមាន​កំណើន​រង្វង់ ២៥ ​ភាគរយ​ត្រឹម​ឆ្នាំ ២០២៧​។

​របាយការណ៍​របស់​ស​មា​គម​ស្វាយចន្ទី​កម្ពុជាបាន​បង្ហាញថា នៅ​ឆ្នាំ​ ២០២២ កម្ពុជា​នាំ​​ចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​ចំនួន ៦៧​ ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរ​ជាតិ មានតម្លៃ ១,០៧៧ ​ពាន់​លាន​ដុល្លារ​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់ពី​អង្ករ​។ គ្រាប់ស្វាយ​ចន្ទី​ភាគច្រើន​ត្រូវបាន​នាំទៅ​វៀតណាម ជប៉ុន និង​ចិន​៕