
លោក ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ២៦ ខែមីនា។ រូបថត AKP
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យផ្នែកពាក់ព័ន្ធរួមគ្នាបង្កើនមូលនិធិសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងន័យដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យមានសមត្ថភាពគ្រប់គ្រាន់ស្របនឹងការវិវឌ្ឍនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
ការថ្លែងនេះធ្វើឡើងក្នុងឱកាស លោក ហ៊ុន សែន អញ្ជើញជាអធិបតីនៃពិធីបើកទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣។
បើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នេះជាលើកទី១ ហើយដែលកម្ពុជារៀបចំទិវានេះ ដោយមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៨ ខែមីនា ឆ្នាំ ២០២៣ ខណៈទិវាជាតិនេះនឹងរួមចំណែកជំរុញការអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល ដោយអនុលោមតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា ២០២១-២០៣៥ និងសម្រាប់ប្រទេសកម្ពុជា ក្នុងការត្រៀមខ្លួនក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លោក ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រព័ន្ធអេកូឡូស៊ីសម្រាប់បណ្តុះបណ្តាលវគ្គធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាអាទិ៍ វិនិយោគិនគ្រាប់ពូជក្នុងស្រុក មូលនិធិទុនឯកជន មូលនិធិបណ្តាក់ទុន មជ្ឈមណ្ឌលគាំទ្រវគ្គធុរកិច្ច និងធុរកិច្ចថ្មី និងកន្លែងធ្វើការរួមគ្នា។ លោកបានបន្តថា ជាមួយនេះគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក៏បានចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍប្រព័ន្ធនវានុវត្តន៍ជាតិ តាមរយៈការបង្កើតនូវកម្មវិធីបណ្តុះបណ្តាល ជាពិសេសសម្រាប់មុខជំនាញពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM) ដោយបង្កើតការិយាល័យទំនាក់ទំនងផ្ទាល់នឹងសហគ្រាស និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលគាំទ្រនូវវគ្គធុរកិច្ច និងធុរកិច្ចថ្មី។
លោកបានថ្លែងថា៖ «រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍមូលធនមនុស្ស លើមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា (STEM) តាមរយៈការលើកទឹកចិត្តយុវជនជំនាន់ក្រោយឱ្យជ្រើសរើសមុខជំនាញ STEM ការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលនៅគ្រប់កម្រិត ការអនុវត្តនូវយុទ្ធសាស្ត្រទាក់ទាញ និងរក្សាបុគ្គលឆ្នើម ការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍ និងការបង្កើតមូលនិធិស្រាវជ្រាវជាតិ សម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។
លោកបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាឱ្យបន្តបង្កើនមជ្ឈមណ្ឌលគាំទ្រនូវវគ្គធុរកិច្ច និងធុរកិច្ចថ្មី សំដៅរួមចំណែកដល់ការលើកកម្ពស់សហគ្រិនភាព និងវគ្គធុរកិច្ចនៅកម្ពុជា និងសូមលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិចូលរួមផ្តល់នូវគ្រាប់ពូជមូលធនដល់សហគ្រិន និងធុរជន តាមរយៈការដើរតួនាទីជាវិនិយោគិនគ្រាប់ពូជ និងការបង្កើតមូលនិធិទុនឯកជន និងមូលនិធិបណ្តាក់ទុនជាដើម»។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ បានឱ្យដឹងថា ទោះបីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាវិស័យថ្មី ប៉ុន្តែក្រសួងតាំងចិត្តសហការជាមួយបណ្តាក្រសួង-ស្ថាប័ន និងគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យវិស័យនេះបោះជំហានទៅមុខប្រកបដោយប្រសិទ្ធភាព។ ការរីកចម្រើននៃវិស័យបច្ចេកវិទ្យា នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការផ្តល់នូវភាពវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។
លោកអះអាងថា៖ «ថ្វីដ្បិតតែវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ជាវិស័យថ្មី និងជាបេសកកម្មដំបូងមួយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏ដោយ ក៏ការតាំងចិត្តរបស់ខ្លួន មានកម្រិតខ្ពស់មានធ្លុងសាមគ្គីឯកភាពរឹងមាំ មានការគាំទ្រពីរាជរដ្ឋាភិបាល និងបណ្តាក្រសួង ស្ថាប័ន និងផ្នែកពាក់ព័ន្ធ ក៏ដូចជាក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានពួតដៃគ្នា សហការគ្នាល្អ ខិតខំពុះពារដោះស្រាយបញ្ហាប្រឈមនានា»។
យោងតាមលោករដ្ឋមន្ត្រី បច្ចុប្បន្នក្រសួងរបស់លោកកំពុងបានរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការផ្ទេរបច្ចេកវិទ្យា និងសេចក្តីព្រាងអនុក្រឹត្យមួយចំនួនដូចជា សម្រាប់ជាការចូលរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យនាពេលអនាគត។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែមីនា ថា បច្ចុប្បន្ននេះស្ថានភាពនៃការបណ្តុះបណ្តាលធនធានមនុស្សនៅប្រទេសកម្ពុជាក្នុងផ្នែកបច្ចេកវិទ្យាកំពុងបោះជំហានទៅមុខយ៉ាងល្អ ដោយការបណ្តុះបណ្តាលអាចចែកចេញជា ២ គឺការបណ្តុះបណ្តាលរបស់គ្រឹះស្ថានរដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ខណៈវិស័យឯកជនក៏បានរួមចំណែកយ៉ាងច្រើនដែរតាមរយៈការបណ្តុះបណ្តាលសិស្ស-និស្សិតនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងការបណ្តុះបណ្តាលដោយផ្ទាល់នៅតាមស្ថាប័នកន្លែងធ្វើការ ឬទៅក្រៅប្រទេសជាដើម។
លោកបានអះអាងថា៖ «ប្រសិនបើរដ្ឋាភិបាល និងវិស័យឯកជនមានមូលនិធិសម្រាប់ប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យាកាន់តែច្រើននោះ វឌ្ឍនភាពក្នុងវិស័យនេះប្រាកដជានឹងបោះជំហានទៅមុខកាន់តែលឿនស្របតាមនិន្នាការពិភពលោកនៃសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០»។
ទោះជាយ៉ាងណា លោកអះអាងថា សម្រាប់សមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាធៀបនឹងប្រទេសក្នុងតំបន់ គឺអាចស្ថិតក្រោមគេបន្តិច ប៉ុន្តែកម្ពុជាកំពុងខិតខំបោះជំហានឱ្យដើរទាន់ប្រទេសនានាក្នុងតំបន់នាពេលខាងមុខ៕