​ភ្នំពេញៈ លោក​ ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ព្រមាន​ថា នឹងធ្វើ​ការផាកពិន័យ​ចំពោះ​ម្ចាស់​អាជីវកម្ម​ដែល​មិន​បិទ​ស្លាក​តម្លៃ​លើ​ផលិតផល និង​សេវាកម្ម​របស់ខ្លួន តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​។ ការបញ្ជាក់​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ពាណិជ្ជ​កម្ម បានចេញ​សេចក្ដីជូនដំណឹង​មួយ​ក្រើនរំឭក​ដល់​អាជីវករ សេវាករ និង​ពាណិជ្ជករ​ទាំងអស់ ឱ្យ​បិទ​ស្លាក​តម្លៃ​លើ​ទំនិញ ឬ​សេវាកម្ម​គ្រប់​ប្រភេទ​កាលពី​សប្ដាហ៍​មុន​។ លោក​ថា ម្ចាស់​អាជីវកម្ម​ដែល​មិន​គោរព​តាម​ការណែនាំ​អាច​នឹងរង​ការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ពី​ ៥ ​ម៉ឺន​រៀល ដល់​ ៥​ សែន​រៀល​។​

​លោក ​ប៉ែន សុ​វិជាតិ​ មាន​ប្រ​សាសន៍​ថា សេចក្តីជូនដំណឹង​រប​ស់​ក្រសួងពាណិជ្ជកម្ម​កន្លង​ទៅ គឺជា​ការ​ដាស់តឿន​ក្រើនរំឭក​បន្ថែម ដល់ អាជីវករ សេវាករ និង​ពាណិជ្ជករ​ទាំងអស់​ត្រូវ​បិទ​ស្លាក​តម្លៃ​លើ​ទំនិញ និង​សេវាកម្ម​គ្រប់​ប្រភេទ​ដែល​បានដាក់​លក់​នៅតាម​ហាង​ឬ​អគារ​លក់ទំនិញ​របស់​ខ្លួន​។ ប្រកាស​នោះ គឺ​ណែ​នាំឱ្យ​អាជីវករ នៅ​ហាង​ធំៗ ដូចជា​ផ្សារ​ទំនើប និង​បណ្តា​ផ្សារ​ធំ​នានា​ផ្សេងទៀត ត្រូវ​បិទ​ស្លាក​តម្លៃ​លើ​ទំនិញ​និង​សេវាកម្ម​គ្រប់​ប្រភេទ ដែល​បានដាក់​លក់​នៅតាម​ហា​ង ឬ​អគារ​លក់ទំនិញ​របស់​ខ្លួន​ជា​ប្រាក់រៀល ហើយ​អាច​បិទ​ជា​ប្រាក់​ដុល្លារ​នៅ​ខាងក្រោម​បាន​ដោយ​អត្រា​ការប្រាក់​កំណត់ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។

​លោក​បញ្ជាក់ថា​៖ «​ការធ្វើ​បែបនេះ​ក្នុង​គោលដៅ​ការពារ​កេរ្តិ៍ឈ្មោះ​កម្ពុជា នៅពេល​ដែលមាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា ឃើញ​ពី​ស្លាក​តម្លៃ​ជាក់លាក់​លើ​ផលិតផល ឬ​សេវាកម្ម អាច​បង្កលក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​។ ម្យ៉ាងវិញទៀត វា​ក៏​ជាការ​លើកស្ទួយ​ភាពត្រឹមត្រូវ និង​តម្លាភាព​របស់​ធុរកិច្ច​កម្ពុជា និង​លើកស្ទួយ​ប្រាក់​រៀល​យើង​ផងដែរ​»​។​

​លោក ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប ឱ្យដឹងថា កប​ប ចេញ​សេចក្តី​​ណែនាំ​ដល់​ប្រធាន​សាខា ក​.​ប​.​ប​. រាជធានី ខេត្ត​ទាំងអស់ អនុវត្ត​នូវ​សកម្មភាព​មួយចំនួន​ដូចជា ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ពាណិជ្ជករ អាជីវករ សេវាករ នៅតាម​បណ្តា​ផ្សារ ផ្សារ​ទំនើប ផ្ទះ​លក់ទំនិញ អំពី​ការបិទ​ស្លាក​តម្លៃ​លើ​មុខទំនិញ​និង​សេវា​របស់ខ្លួន​ឱ្យបាន​ត្រឹម​​ត្រូវ​តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូន​ដំណឹង ចុះ​ថ្ងៃទី ​២២ ខែមីនា ឆ្នាំ ​២០២៣ និង​ប្រកាស​ចុះ​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០១៧​។ ប្រធាន​សាខា ក​.​ប​.​ប រាជធានី ខេត្ត​ទាំង​អស់ នឹង​ថតចម្លង សេចក្តី​ជូន​​ដំណឹង និង​ប្រកាស​នេះ ចែក​​ជូន​ដល់​ពាណិជ្ជករ អាជីវករ សេវាករ​ទាំងនោះ​ផងដែរ​។​

​លោក​ព្រមាន​ថា​៖ «​ក្នុងករណី​ទទួលបាន​ការណែនាំ​ម្តង​ហើយ នៅតែ​មិន​គោរព​តាម​ត្រូវ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ឱ្យ​អនុវត្តតាម​សេចក្តីជូនដំណឹង និង​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​ជាដាច់ខាត​។ ក្នុងករណី​ធ្វើ​កិច្ចសន្យា​ហើយ នៅតែ​មិន​គោរព​តាម​សូម​អនុវត្ត​វិធានការ​ពិន័យ​អន្តរការណ៍ តាម​នីតិវិធី​ច្បាប់ ដោយ​មិន​លើកលែង​»​។​

​លោក តាំង សុជាតិ ប្រធាន​ក្រុមហ៊ុន អិ​ម​ជី​ផេ​ស៊ី​ហ្វិ​កឯ​.​ក ដែលជា​ក្រុមហ៊ុន​ផលិត​ក្រដាស​ពី​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច ថ្លែងថា ការណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម ចំពោះ​ការបិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល ទៅលើ​ទំនិញ ឬ​សេវាកម្ម​នានា​នោះ នឹង​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន ពិសេស​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​តែម្តង​ខណៈដែល​កន្លងទៅ លោក​ហាក់​មាន​ភាព​មន្ទិល​ច្រើន​លើ​ការដាក់​ស្លាក​តម្លៃ​ជា​ប្រាក់​ដុល្លារ ដោយសារតែ​បញ្ហា​អត្រា​ប្តូរប្រាក់​។

​លោក​ថា​៖ «​ដោយសារតែ​អត្រា​ប្តូរ​មិនមាន​ភាពទៀងទាត់ ពេលខ្លះ​ធ្វើឱ្យ​អ្នកទិញ​មាន​បញ្ហា​ច្រើន នៅពេលដែល​ផលិតផល​នោះ​ដាក់លក់​ជា​ប្រាក់​ដុល្លារ​។ ខ្ញុំ​ពិតជា​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​ខ្លាំងណាស់ ព្រោះ​វា​មិន​ត្រឹមតែ​បង្ក​ភាពងាយស្រួល​ដល់​អ្នកទិញ​ទេ ថែមទាំង​អាច​លើកស្ទួយ​ប្រាក់រៀល​ខ្មែរ​ឱ្យមាន​ការ​ចរាចរកាន់តែច្រើន​ទៀតផង​»៕