ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិ​ត ទីណា បាន​ស្នើឱ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ (EuroCham) ជួយ​ពិនិត្យ​លទ្ធភាព​ធនាគារ​នៅ​អឺរ៉ុប​ដើម្បី​ជួយ​ឱ្យ​កម្ពុជា​អាច​ទទួលបាន​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប និង​ព្យា​យាម​ផ្តល់នូវ​ស្តង់ដា​ដែល​ជួយ​ឱ្យ​ផលិតផល​កសិកម្ម​កម្ពុ​ជា​នាំទៅ​ទីផ្សារ​អឺរ៉ុប​កាន់តែច្រើន​។​

​សំណើ​នេះ​បានលើកឡើង​ក្នុងឱកាស​នៃ​ជំនួប​ទ្វេភាគី​រវាង​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ជាមួយ​លោក Tassilo Brinzer ប្រធានសភា​ពាណិជ្ជ​កម្ម​អឺរ៉ុប ​(EuroCham) ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​ ២៧ ខែមីនា នៅ​ទីស្តីការ​ក្រសួងកសិកម្ម​។​

​នៅក្នុង​ឱកាស​នោះ​លោក ឌិ​ត​ ទីណា បាន​សម្តែង​ការស្វាគមន៍​ចំពោះ​សមាសភាព​ប្រធាន និង​អនុប្រធាន​ថ្មី​នៃ EuroCham និង​បាន​ថ្លែងអំណរគុណ​ចំពោះ EuroCham ដែល​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​វិស័យ​ក​សិ​កម្ម​កម្ពុជា​។ តាមរយៈ​ជំនួប​ខាងលើ​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​មានការ​ជំរុញ​ការធ្វើ​កសិកម្ម​ល្អ ​(GAP) និង​ផ្តោតលើ​មុខ​ដំណាំ​គន្លឹះ​ឱ្យមាន​គុណភាព​ខ្ពស់ ព្រមទាំង​និរន្តរ​ភាព​កសិកម្ម​។

​លោក​ថ្លែងថា​៖ «​ក្រសួងកសិកម្ម​នឹង​ត្រៀមខ្លួន​ក្នុង​ការជួយ​ជំរុញ និង​គាំទ្រ​ដល់​វិស័យ​ឯកជន ពិសេស​ការផ្តល់​អ្នកបច្ចេកទេស​ដើម្បី​បង្រៀន​កសិករ​ឱ្យ​ផលិត​កសិផល​ស្របតាម​ស្តង់ដារ​បស់​ទីផ្សារ​អឺរ៉ុប តាមរយៈ​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ​(Contract Farming) ​ដោយមាន​ការធានា​។ បន្ថែម​លើ​នេះ​ខ្ញុំ​ក៏​ស្នើឱ្យ EuroCham ពិនិត្យ​លទ្ធភាព​ធនាគារ​អឺរ៉ុប ក្នុងការ​ទទួលបាន​ប្រាក់កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប និង​ព្យាយាម​ផ្តល់​ស្តង់ដា​ដែល​អាច​នាំ​ចូលទៅ​អឺរ៉ុប​បាន​»​។

​លោក សុខ យ៉​ន អនុប្រធាន​សមា​គម​សុវត្ថិភាព បន្លែ ត្រី សាច់ បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​កាលពី​ថ្ងៃទី​ ២៧ ខែមីនា​ថា បើទោះបី​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ការ​​ជំរុញ​ការ​បង្កបង្កើនផល ប៉ុន្តែ​ទិដ្ឋភាព​ជាក់ស្តែង គឺ​ការដាំដុះ​ហាក់​មិនសូវមាន​សម្ទុះ​ទេ ព្រោះ​ផល​ដែល​ប្រមូលបាន​គឺមាន​តម្លៃ​ទាប​។ តម្លៃ​ទាប​នេះ ក៏​អាចមកពី​មានការ​នាំចូល​ច្រើន​ពី​ប្រ​ទេស​ជិតខាង ខណៈ​បច្ចេកទេស​នៃ​ការដាំដុះ ថែទាំ និង​ការជ្រើសរើស​ពូជ ក៏​នៅមានកម្រិត​។

លោក​បន្ថែមថា បើ​កសិករ​អាច​ទទួល​បាន​ការជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស ទុន ជាពិសេស​ទីផ្សារ​កាន់តែ​ប្រសើរ​នោះ ការដាំដុះ​ដំណាំ​កសិកម្ម​នឹងមាន​សម្ទុះ​ថែមទៀត ព្រម​ទាំង​អាចឈាន​ទៅដល់​ការនាំ​ចេញទៅ​ក្រៅប្រទេស​កាន់តែច្រើន​។​

​លោក​ប្រាប់ថា​៖ «​បញ្ហា​ទីផ្សារ គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឱ្យ​ការដាំដុះ​កសិកម្ម​កម្ពុជា​មិនសូវ​បាន​តម្លៃ​ខ្ពស់​។ សម្រាប់​គុណភាព​កសិផល​កម្ពុជា គឺ​ល្អ​អាច​ទទួលយកបាន​»​។​

​លោក​លើកឡើង​ទៀតថា ក្រៅពី​បញ្ហា​ទាំងអស់​ខាងលើ ប្រជាកសិករ និង​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ក៏​តែង​ជួប​បញ្ហា​ទាក់ទង​នឹង​ភាពលំបាក​នៃ​ការទទួលបាន​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​(​លក្ខខណ្ឌ​នៃ​ទ្រព្យ​បញ្ចាំ​) ព្រមទាំង​មាន​អត្រា​ការប្រាក់​ខ្ពស់​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក ឌិ​ត​ ទីណា ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងកសិកម្ម កាលពី​សប្តាហ៍​មុន​បាន​លើកឡើងថា ក្រសួង​នឹង​បន្ត​អនុវត្ត​ការផ្តល់​ឥណទាន​ការប្រាក់​ទាប ដែលជា​មធ្យោបាយ​លើកទឹកចិត្ត និង​តម្រង់ទិស​តួអង្គ​ទាំងឡាយ​ដែល​ចង់​ចងក្រង​ជា​បណ្តាញ​ពី​កសិករ​ដល់ទី​ផ្សារ និង​អនុវត្ត​ផលិតកម្ម​តាម​កិច្ច​​សន្យា​។

លោក​បន្តថា ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ឥណទាន​ការប្រាក់​ទាប ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានផ្តល់​ឥណទាន​ប្រមាណ ៣៨០ ​លាន​ដុល្លារ​រួចហើយ​ដល់​កសិករ​នៅ​ឆ្នាំ​ ២០២២ ទាំង​កសិករ និង​អ្នក​កែច្នៃ​ដែល ៦០ ​ភាគរយ​នៃ​ឥណទាន​មានការ​ប្រាក់​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៥-៥,៥ ភាគរយ​។​

​លោក​ថ្លែងថា​៖ «​ក្នុង​ឆ្នាំ​ ២០២៣ នេះ ក្រសួង​សង្ឃឹមថា ទំហំ​ឥណទាន​ការ​​ប្រាក់​ទាប​នឹង​កើនឡើង ហើយ​ផ្តល់​ចំ​គោលដៅ​អាទិភាព​ដែល​កំណត់​»​។​

​ក្រសួងកសិកម្មប៉ាន់​ស្មានថា រយៈ​ពេល​ ១១ ខែ ឆ្នាំ ២០២២ កម្ពុជា​រកចំណូលបាន ៣ ៣៦២,៤០១​ លាន​ដុល្លារ​។ ក្នុងចំណោម​ចំណូល​ខាងលើ មាន ៤៧៨,០២៨​ លាន​ដុល្លារ​បាន​ពី​ការនាំចេញ​អង្ករ​, ៥៩១,៤៦​ លាន​ដុល្លារ​បាន​ពី​នាំចេញ​ស្រូវ និង​ចំនួន ២ ២៩២,៩១ ​លាន​ដុល្លារ​ពី​ការនាំ​ចេញ​កសិផល​ក្រៅពី​ស្រូវ​​អង្ករ​៕