
ABA បានប្រកាសនូវជោគជ័យរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី (LTC) ដោយធនាគារ ABA បានផ្តល់ហិរញ្ញប្បទាន និងសម្របសម្រួលដល់ការបញ្ជាទិញឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញ (ដូចទៅនឹងយន្តហោះពិត)របស់យន្តហោះប្រភេទ Airbus A320 ដំបូងបង្អស់នៅកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនៃឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញនេះ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣។
ក្នុងនាមជាបុត្រសម្ពន្ធមួយ នៃធនាគារជាតិកាណាដា ABA បានផ្តល់ហិរញ្ញប្បទាននិងដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលដល់កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Canadian Aviation Electronics និង មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ីដើម្បីទិញឧបករណ៍ហាត់បញ្ជាការហោះហើរនេះ។
មជ្ឈមណ្ឌលបណ្តុះបណ្តាល ឡានម៉ីបានទិញឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញ CAE-TSP 1000XR ដើម្បីបន្តបណ្តុះបណ្តាលបុគ្គលិកអាកាសចរណ៍ របស់ក្រុមហ៊ុនអាកាសចរណ៍នានាដែលមានការិយាល័យនៅកម្ពុជា រួមទាំងក្រុមហ៊ុនអាកាសចរណ៍ឡានម៉ី (ដែលជាបុត្រសម្ពន្ធនៃក្រុមហ៊ុន Lanmei Aviation Group) ផងដែរ។
ឧបករណ៍នេះនឹងជួយសម្រួលដល់សិស្សដែលបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់អាកាសយានិក និងកម្មវិធីថែទាំយន្តហោះបានពេញលេញ និងជួយឆ្លើយតបទៅនឹងកំណើននៃតម្រូវការអ្នកបើកយន្តហោះនិងអាកាសយានិកជំនាញៗ នៅក្នុងប្រទេស និងក៏ដូចជាតំបន់អាស៊ាន។
ប្រធានគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ី លោក កាពីទែន Goh Chee Hong បានបញ្ជាក់ថា ឧបករណ៍នេះផ្តល់បរិយាកាសប្រកបដោយសុវត្ថិភាពនិងការគ្រប់គ្រងពេញលេញសម្រាប់អាកាសយានិក ក្នុងការអនុវត្ត និងបំពេញជំនាញបញ្ជាការហោះហើររបស់ពួកគេដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ឬក្រុមអាកាសយានិកណាឡើយ។
លោកកាពីទែន Goh មានបន្ថែមថា "ការនាំយក (ទិញ) ឧបករណ៍អាកាសចរណ៍ដែលមានតម្លៃថ្លៃមកកម្ពុជា គឺជាកិច្ចការដ៏លំបាកមួយ ដែលទាមទារមិនត្រឹមតែការធានាពីធនាគារមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាការធានាពីធនាគារមួយ ដែលគេអាចជឿជាក់ និងទុកចិត្តបាន។យើងមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានធ្វើការជាមួយធនាគារ ABA ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងដ៏សំខាន់នេះសម្រេចឡើងបាន” ។
លោក Askhat Azhikhanov, នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “ធនាគារ ABA មានមោទនភាពដែលបានឃើញការរីកចម្រើនក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។ យើងជឿជាក់ថា ការគាំទ្ររបស់ ABA លើគម្រោងនេះនឹងជួយដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ីក្នុងការបណ្តុះជំនាញដែលជាតម្រូវការដើម្បីទ្រទ្រង់ដល់ការរីកចម្រើនក្នុងវិស័យនេះឲ្យបានយូរអង្វែងតទៅ។
"ធនាគារ ABA បានសម្របសម្រួលកិច្ចព្រមព្រៀងរវាងមជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ីនិងក្រុមហ៊ុន Canadian Aviation Electronics ដោយបានធ្វើកិច្ចការជាច្រើនដំណាក់កាល និងជាមួយភាគីក្រុមហ៊ុនជាច្រើនទៀត រហូតទទួលបានជោគជ័យ ដែលឈានដល់ការសម្ពោធឧបករណ៍នេះជាផ្លូវការនៅថ្ងៃនេះ។ ទាំងអស់នេះបង្ហាញពីភាពគួរឲ្យជឿទុកចិត្តបានរបស់ ABA ដោយធនាគារយើងខ្ញុំមានសេវាហិរញ្ញប្បទានពាណិជ្ជកម្មនិងការសម្រួលផ្នែកឥណទានសម្រាប់កិច្ចការជំនួញធំៗ និងមានលក្ខណៈស្មុគស្មាញ សំដៅរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ។
វិស័យអាកាសចរណ៍កម្ពុជាមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រជាពលរដ្ឋកម្ពុជាបង្ហាញការចំណាប់អារម្មណ៍លើការងារក្នុងវិស័យអាកាសចរណ៍ រួមទាំងការបណ្តុះបណ្ដាល ដើម្បីក្លាយជាអ្នកបើកបរយន្តហោះ(អាកាសយានិក) អាជីពផងដែរ។ ធនាគារ ABA គាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃវិស័យអាកាសចរណ៍របស់កម្ពុជា តាមរយៈការសម្របសម្រួលការវិនិយោគនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលឡានម៉ីក្នុងការដំឡើងឧបករណ៍ហាត់បញ្ជាការហោះហើរពេញលេញម៉ាក CAE នេះ។
ធនាគារ ABA ត្រូវបានចាត់ទុកជា ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។