
ស្រ្ដីម្នាក់ឈរមើលការដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ Samsung នាពេលកន្លងទៅ។ រូបថត ហុង មិនា
ភ្នំពេញៈ កម្ពុជាបានបញ្ចេញប្រាក់ប្រមាណជាង ៩០០ លានដុល្លារលើការនាំចូលគ្រឿងអេឡិចត្រូនិក កាលពីឆ្នាំ ២០២២ កើនឡើងជិត ១/៣ បើធៀបនឹងឆ្នាំ ២០២១ ដោយក្នុងនោះត្រីមាសទី៤ មានតម្លៃរហូតដល់ជិត ២៥៩ លានដុល្លារ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០២២ គឺកម្ពុជាបាននាំចូលគ្រឿងអេឡិចត្រូនិកក្នុងតម្លៃសរុប ៩០៤,៣១ លានដុល្លារកើនឡើង ៣៣,២ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមានចំនួន ៦៧៨,៩២ លានដុល្លារ។
ប្រសិនបើបំបែកតាមត្រីមាស គឺត្រីមាសទី១ ឆ្នាំ ២០២២ មានចំនួន ១៩៦,៩ លានដុល្លារ កើនឡើង ២៩,៥៦ ភាគរយធៀបត្រីមាសទី ១ ឆ្នាំ ២០២១, ត្រីមាសទី២ ចំនួន ១៩៩,៣៥ លានដុល្លារ កើន ៤០,១ ភាគរយ, ត្រីមាសទី ៣ ចំនួន ២៤៩,៣៥ លានដុល្លារ កើន ២៦,១២ ភាគរយ និងត្រីមាសទី ៤ មាន ២៥៨,៧១ លានដុល្លារ កើន ៣៨,៣៨ ភាគរយ។
ដោយឡែកបើផ្អែកលើតារាងស្ថិតិនាំចូលទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺទឹកប្រាក់នៃការនាំចូលគ្រឿងអេឡិចត្រូនិកស្មើនឹង ៣,០២ ភាគរយនៃការនាំចូលទំនិញពីទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២៩ ៩៤១,៦ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ២៧ ខែមីនាថា ការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមត្ថភាពនៃការប្រើប្រាស់បច្ចេកវិទ្យាតាមក្រសួងស្ថាប័ន រួមទាំងផ្នែកឯកជនបានធ្វើឱ្យតម្រូវការគ្រឿងអេឡិចត្រូនិកនៅកម្ពុជាកើនឡើងជាលំដាប់។ គ្រឿងអេឡិចត្រូនិកមិនត្រឹមតែជួយសម្រួលឱ្យការងារកាន់តែងាយស្រួល និងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យចំណេញថវិកាផងដែរ។ លោកបន្តថា វត្តមានជំងឺកូវីដ ១៩ ក៏ជាចំណែកជួយជំរុញឱ្យការប្រើប្រាស់គ្រឿងអេឡិចត្រូនិកនៅកម្ពុជាមានបរិមាណកាន់តែច្រើនផងដែរ។
លោកបន្ថែមថា៖ «ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះការនាំចូលគ្រឿងអេឡិចត្រូនិកនឹងមានកាន់តែច្រើនថែមទៀតពេលខាងមុខ។ កំណើនទឹកប្រាក់នាំចូលគ្រឿងអេឡិចត្រូនិកក៏បញ្ជាក់ពីកំណើនប្រាក់ចំណូលនៅតាមគ្រួសារកម្ពុជាផងដែរ»។
លោកបន្ថែមថា គ្រឿងអេឡិចត្រូនិកក៏ចូលរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពផលិតកម្មសម្រាប់បំពេញតម្រូវការក្នុងស្រុក និងនាំចេញ។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បាននិយាយថា ចំនួនប្រជាជនកម្ពុជាដែលប្រើប្រាស់គ្រឿងអេឡិចត្រូនិកបានកើនឡើងជាបន្តបន្ទាប់ ពិសេសទូរស័ព្ទស្មាតហ្វូន។ គ្រឿងអេឡិចត្រូនិកក្លាយជាឧបករណ៍កាន់តែចាំបាច់សម្រាប់មនុស្សស្ទើរគ្រប់រូប។ នៅពេលប្រទេសមួយប្រើគ្រឿងអេឡិចត្រូនិកច្រើនវាក៏ជាសក្តានុពលមួយក្នុងការទាក់ទាញឱ្យម្ចាស់គម្រោងធំៗចូលមកបណ្តាក់ទុនផងដែរ។
លោកប្រាប់ថា៖ «បើនិយាយពីចំនួន និងសមត្ថភាពនៃការប្រើប្រាស់គ្រឿងអេឡិចត្រូនិកនៅកម្ពុជាពេលបច្ចុប្បន្នធៀបនឹងប្រទេសជិតខាង គឺកម្ពុជាមានកម្រិតទាបជាងគេ ប៉ុន្តែតាមរយៈការខិតខំ ខ្ញុំរំពឹងថា ការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងអេឡិចត្រូនិកនៅកម្ពុជានឹងមានចំនួនកាន់តែច្រើននៅពេលខាងមុខ»។
លោកបន្តថា ខណៈរដ្ឋាភិបាលកំពុងជំរុញឱ្យប្រជាជនកម្ពុជាសិក្សា និងស្វែងយល់ពីបច្ចេកវិទ្យាកាន់តែច្រើន តម្រូវការគ្រឿងអេឡិចត្រូនិកក៏នឹងមានកាន់តែច្រើនដែរ។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពីថ្ងៃទី ២៦-២៨ ខែមីនា ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះមានបំណងរួមចំណែកអនុវត្តគោលនយោបាយ និងផែនទីបង្ហាញផ្លូវរបស់រដ្ឋាភិបាល ដោយអនុលោមតាមក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥ និងសម្រាប់កម្ពុជាត្រៀមខ្លួនក្នុងការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
ទន្ទឹមនឹងការចំណាយរបស់កម្ពុជាទៅលើការនាំចូលគ្រឿងអេឡិចត្រូនិកក្នុងឆ្នាំ ២០២២ កម្ពុជាក៏បាននាំចេញប្រភេទទំនិញស្ថិតក្នុងលេខកូដ ២ ខ្ទង់ (HS ២ ខ្ទង់) ៨៥ ដែលរួមមាន ម៉ាស៊ីននិងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, ឧបករណ៍ថត ព្រមទាំងឧបករណ៍ថតមួយចំនួនទៀតក្នុងតម្លៃសរុប ១ ៩៩៨,១៩៦ លានដុល្លារកើន ៨៤,៨ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ដែលមាន ១ ០៨១,០៩៩ លានដុល្លារ៕