ភ្នំពេញៈ កម្ពុ​ជាមាន​ផែនការ​វិនិយោគ​លើ​ការដាំដុះ​ស្រូវ​នៅ​ប្រទេស​គុយបា ដើម្បី​ជួយ​ពង្រីក​ការចែក​ចាយ​អង្ករ​កម្ពុជា និង​ផ្តល់​លទ្ធភាព​ដល់​ប្រទេស​នេះ​ក្នុង​ការពង្រឹង​សន្តិសុខ​ស្បៀង​របស់ខ្លួន​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​កម្ពុជា​។​

​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង​ផែនការ​នេះ​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​កាលពី​ថ្ងៃទី​ ២៤ ខែមីនា​។​

​លោក​បានឱ្យដឹងថា ក្រសួង​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​ជំរុញ​ឱកាស​វិនិយោគ និង​ការ​នាំចេញ​នៅនឹងកន្លែង ក្រៅពី​ការនាំចេញ​នៅនឹងកន្លែង​ជូន​ចំពោះ​អ្នកទេសចរ មានន័យថា​កម្ពុជា​នឹង​វិនិយោគ​នៅក្នុង​ប្រ​ទេស​មួយចំនួន​ជា​ដំណាំ​ស្រូវ និង​លក់​នៅក្នុង​ទីផ្សារ​ប្រទេស​នោះ​តែម្តង​។​

​លោក​ថ្លែងថា​៖ «​គោលដៅ​ដំបូង​គឺ​នឹង​កំណត់​នៅ​ប្រទេស​គុយបា ដែល​យើង​នឹង​យក​ពូជ​ស្រូវ​ដែលមាន​អាយុ​ទាប​ដើម្បី​ពង្រឹង​សន្តិសុខ​ស្បៀង​នៅ​ប្រ​ទេស​នេះ​។ ជាមួយគ្នានេះ​ប្រ​​ទេស​កូត​ឌី​វ័រ​ក៏​ចាប់អារម្មណ៍​ពូជស្រូវ​កម្ពុជា​យើង​ដែរ​»​។​

​លោក សុង សារ៉ន អគ្គ​នា​យក​ក្រុមហ៊ុន Amru Rice បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ ខែមីនា​ថា ផែនការ​នឹងមាន​ការ​ចាប់អារម្មណ៍​ពី​បណ្តា​រោង​ម៉ា​​ស៊ីន​កិនស្រូវ និង​នាំចេញ​ក្នុងស្រុក ដែល​វា​ជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​វិស័យនេះ ខណៈ​គុយបា​ក៏​ជា​ប្រទេស​នាំចូល​អង្ករ​ច្រើន​ផងដែរ​ក្នុង​ ១ ​ឆ្នាំៗ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​មិនបាន​ដឹង​ច្បាស់​ពី​ស្ថានភាព​ស្រូវ​អង្ករ​នៅ​ប្រទេស​គុយបា​ទេ ប៉ុន្តែ​ខ្ញុំ​ដឹងថា ប្រទេស​គុយបា​បាន​នាំចូល​អង្ករ​ពី​ប្រទេស​នានា​ច្រើន​ដែរ​។ ខ្ញុំ​យល់ឃើញថា វា​ក៏​ជា​ឱកាស​សម្រាប់​វិនិយោគិន​យើង​ក្នុងការ​ទៅ​បង្កើត​រោងចក្រ​វេច​ខ្ចប់ និង​ចែកចាយ​នៅ​ទីនោះ ដោយ​យើង​អាចធ្វើ​ការដឹក​អង្ករ​ពី​យើង​ទៅ​វេច​ខ្ចប់ និង​ចែកចាយ នៅ​ទីនោះ​»​។​

​លោក ឡាយ ឈុន​ហ៊ួ​រ អគ្គ​នាយក​ក្រុមហ៊ុន City Rice Import Export Co., Ltd ដែលជា​ក្រុមហ៊ុន​មាន​រោង​ម៉ា​ស៊ីន​កិនស្រូវ​ធំ​នៅ​ខេត្ត​បាត់​ដំ​បង​បាន​និយាយថា លោក​ធ្លាប់បាន​ជួបប្រជុំ​ជាមួយ​លោក​រដ្ឋ​​មន្ត្រី​ក្រសួងកសិកម្ម និង​ធ្លាប់​បានឮ​អំពី​ការដាំដុះ​ស្រូវ​នៅ​ប្រទេស​គុយបា ប៉ុន្តែ​លោក​ក៏​ពុំទាន់​ទទួល​ព័ត៌មាន​បន្ថែម​លើ​រឿងនេះ​ទេ​។​

​លោក​ប្រាប់ថា​៖ «​ខ្ញុំ​ធ្លាប់​ជួបប្រជុំ​ជាមួយនឹង​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​គាត់​បាន​លើក​ពី​ប្រទេស​គុយបា និង​ជំរុញ​លើកទឹកចិត្ត​ដល់​កម្ពុជា​យើង​ទៅ​ដាំ​ដុះ និង​មាន​ទីផ្សារ​ស្រាប់​នៅ​ទីនោះ ប៉ុន្តែ​សម្រាប់​ខ្ញុំ​គឺ​មិន​ធ្លាប់មាន​បទពិសោធន៍​នៅ​ទី​នោះទេ​ដូចជា​ស្ថានភាព​ដី និង​អាកាសធាតុ​ជាដើម​។ នេះ​គឺជា​ឱកាសល្អ​សម្រាប់​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម បើ​យើង​ទៅ​សិក្សា​នៅ​ទីនោះ ដោយសារ​ខាង​រដ្ឋា​ភិ​បាល​គុយបា​មាន​ទីផ្សារ​ស្រាប់​ដូច្នេះ​យើង​គ្រាន់តែ​ទៅ​វិនិយោគ​ដាំ​ដុះ កិន និង​ចែកចាយ​។ បើតាម​ខ្ញុំ​ដឹង​ទីផ្សារ​គុយបា​បាន​នាំ​ចូល​អង្ករ​ច្រើន ប៉ុន្តែ​ខ្ញុំ​ពុំដែល​បាន​សិក្សា​ពី​ឱកាស​វិនិយោគ​នៅ​ទី​នោះទេ​។ ខ្ញុំ​ដឹងថា លោក​រដ្ឋមន្ត្រី​គាត់​ធ្លាប់​ទៅ​ទស្សនកិច្ច​នៅ​ទីនោះ ដូច្នេះ​វា​ក៏​ជា​ឱកាស​ដែរ ប្រសិន​វិនិយោគិន​យើង​អាច​ទៅ​សិក្សា​បន្ថែម​ព្រោះ​ខាង​រដ្ឋាភិបាល​គុយបា​អាច​នឹង​ផ្តល់​ការអនុគ្រោះ​នានា​សម្រាប់​ការវិនិយោគ​»​។​

​កាលពីដើម​ខែធ្នូ​ឆ្នាំ​ ២០២២ លោក ឌិ​ត ទីណា ក៏បាន​ជួបប្រជុំ​ជាមួយ​លោកស្រី Liurka Rodriguez Barrios ឯកអគ្គ​រដ្ឋទូត​គុយបា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ដែល​ក្នុងជំនួប​នោះ​ភាគី​គុយបា​បានស្នើ​សុំ​ដល់​លោក​រដ្ឋមន្ត្រី​ក្នុងការ​បញ្ជូន​អ្នកជំនាញ​កសិកម្ម​ដើម្បី​ទៅ​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ផែ្ន​ក​កសិកម្ម​ជាពិសេស​ការដាំ​ដុះ​ស្រូវ​ដល់​ប្រទេស​ខ្លួន​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​សន្យាថា នឹង​រៀបចំ​គណៈប្រតិភូ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​ក្នុងការ​ចែករំលែក​បទ​ពិសោធន៍ និង​ស្តាប់​នូវ​ធាតុ​ចូល​នានា​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជា​​ពិសេស​ការដាំដុះ​ស្រូវ​នៅ​ប្រ​ទេស​គុយបា​តែម្តង​៕