​ភ្នំពេញ​៖​ ក្រុមហ៊ុន ខេ (​ខេ​ម​បូ​ឌា​) ​បានដាក់​សម្ពោធ​ជា​ផ្លូវការ​រោងចក្រ​ដំឡើងរថយន្ត ISUZU នៅ​ខេត្តកំពង់ស្ពឺ ក្នុង​គោលបំណង​ដើម្បី​ពង្រីក​វត្តមាន​របស់ខ្លួន​នៅ​កម្ពុជា និង​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​កំពុងមាន​ស​ម្ទុះ​កើនឡើង​ផងដែរ​។​

​វត្តមាន​នៃ​រោងចក្រ​ដំឡើងរថយន្ត​ម៉ាក ISUZU គឺជា​រោងចក្រ​ទី​៧​ហើយ ដែល​បើក​ដំឡើង​ដោយផ្ទាល់​នៅ​កម្ពុជា​។ កាលពី​ខែមិថុនា ឆ្នាំមុន ក្រុមហ៊ុន RMA Cambodia ដែលជា​អ្នក​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ម៉ូ​ដែល Ford បាន​បើក​រោងចក្រ​ដំឡើងរថយន្ត Ford ដែលមាន​ទឹកប្រាក់​វិនិយោគ​ចំនួន ២១​ លាន​ដុល្លារ​ នៅ​ខេត្តពោធិ៍សាត់ បាន​ដាក់ឱ្យ​ដំណើការ​នៅ​ខេត្តពោធិ៍សាត់ ។​

​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​រោងចក្រ​ដំឡើងរថយន្ត ISUZU របស់​ក្រុមហ៊ុន ខេ (​ខេ​ម​បូ​ឌា​) ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ បានលើកឡើង​ថា ការសម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ​លើ​រោងចក្រ​ដំឡើងរថយន្ត​នេះ​ឡើងគឺបង្ហាញ​ពី​ជំនឿ​ទុកចិត្ត​របស់​ក្រុមហ៊ុន​លើ​រាជរដ្ឋាភិបាល​ក្នុងការ​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​។

នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC លើកឡើងថា​៖ «​រោងចក្រ​ដំឡើងរថយន្ត​នេះ គឺជា​ឧទាហរណ៍​មួយ​ឆ្លុះបញ្ចាំង​ពី​ចក្ខុ វិស័យ​របស់​រាជរដ្ឋាភិបាល ដែល​បានសម្រេច​ឱ្យមាន​ការធ្វើ​ការសិក្សា​អំពី​របៀង​កំណើនសេដ្ឋកិច្ច រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ កាលពី​ប្រមាណ ​២០​ ឆ្នាំ មុន ដោយ​ក្រសួងពាណិជ្ជកម្ម និង​អង្គការ JICA របស់​ជប៉ុន​។

វត្តមាន​នៃ​គម្រោង​វិនិយោគ​នេះ ​នៅ​ខេត្តកំពង់ស្ពឺ ក៏​ជា​ជោគជ័យ​នៃ​គោលនយោបាយ​ពង្រាយ​រោងចក្រ​នៅតាម​បណ្តា​ខេត្ត​ផងដែរ​។ ជាក់ស្តែង ក្នុងអំឡុង​រយៈពេល ៣​ ឆ្នាំ ​ចុង​ក្រោយនេះ ប្រមាណ ​៦០% នៃ​គម្រោង​វិនិយោគ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ទីតាំង​នៅតាម​បណ្តា​ខេត្ត​នានា ក្រៅពី​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​។

​បើ​យោងតាម​លោក សុខ ចិន្តា​សោភា បច្ចុប្បន្ន កម្ពុ​ជាមាន​រោងចក្រ​ដំឡើងរថយន្ត ដែលជា​ម៉ាក​ល្បីៗ​ជាច្រើន ដូចជា Hyundai, Kia, Ssangyong,Soueast, Dongfeng,Ford, និង Toyota ហើយ​ថ្ងៃនេះ​ម៉ាក​យីហោ​ដ៏​ល្បី​មួយទៀត គឺ ISUZU បាន​បោះទុន​បង្កើត​រោងចក្រ​ដំឡើង​នៅ​កម្ពុជា ដែល​សបញ្ជាក់​ពី​ជំនឿ​យ៉ាង​មុតមាំ​ពី​សក្តានុពល​នៃ​ទីផ្សារ​រថយន្ត​កម្ពុជា ​ដែលមាន​ការកើនឡើង​ជា​លំដាប់​ស្រប​នឹង​កំណើនសេដ្ឋកិច្ច និង​កម្រិតជីវភាពរ​បស់​ប្រជាពលរដ្ឋ​។

រោងចក្រ​ដំឡើងរថយន្ត ISUZU របស់​ក្រុមហ៊ុន ខេ (​ខេ​ម​បូ​ឌា​) ដែលមាន​ទីតាំង​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។ រូបថត CDC

​អគ្គនាយក​ក្រុមហ៊ុន RMA Cambodia លោក ង​ន សាំង បាន​ថ្លែង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​រោងចក្រ Ford ថា រោងចក្រ​នេះ​ ត្រូវបាន​សាងសង់ឡើង​នៅលើ​ផ្ទៃដី​ប្រមាណ​ជាង ៥ ​ហិកតា ស្ថិតក្នុង​ភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹង​ទុនវិនិយោគ​ចំនួន​ ២១​ លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​ជំនាញ​បាន​ជាង ៥០០​ កន្លែង និង​មាន​សមត្ថភាព​អាច​ដំឡើងរថយន្ត​បាន​ចំនួន​ប្រមាណ ៩ ០០០​ គ្រឿង ក្នុង ​១ ​ឆ្នាំ​។​

​លោក​បាន​ថ្លែងថា​៖«​តាមរយៈ​កំណើនសេដ្ឋកិច្ច និង​កម្រិត GDP របស់​ប្រជាជន​កម្ពុជា​កើនឡើង​ខ្ពស់​ជា​បន្តបន្ទាប់ បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​ងាក​មកប្រើប្រាស់​រថយន្ត​ថ្មី​មានការ​កើនឡើង​ជា​លំដាប់​។ ការប្រើប្រាស់​រថយន្ត​ថ្មី​ម៉ាក ​FORD មាន​កំណើន​កាន់តែ​ច្រើនឡើង និង​បាន​ក្លាយជា​ជម្រើស​ឈានមុខ​គេ​របស់​អតិថិជន​នៅ​កម្ពុជា​។

​លោក​សុខ ចិន្តា​សោភា បាន​គូសបញ្ជាក់ថា ក្រៅពី​រោងចក្រ​ដំឡើងរថយន្ត កម្ពុជា​ក៏មាន​ការវិនិយោគ​ក្នុង​ការផលិត​គ្រឿងបន្លាស់ និង​គ្រឿង​បង្គុំ​រថយន្ត​ជាច្រើន​ផងដែរ ដូចជា​រោងចក្រ​ផលិត​ខ្សែភ្លើង​ក្នុង​រថយន្ត កៅអី ប្រព័ន្ធ​អគ្គិសនី និង​ម៉ូ​ទ័​រ​នានា​នៅក្នុង​រថយន្ត​។ ជាងនេះទៅទៀត បច្ចុប្បន្ន​កម្ពុ​ជា មាន​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​ចំនួន​ ២ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ឈី​លូ នៅ​ខេត្តស្វាយរៀង និង​តំបន់​សេដ្ឋ​កិច្ច​​ពិសេស ​ក្រុងព្រះសីហនុ ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ ៨៧១​ លាន​ដុល្លារ​អាមេរិក ដែល​នឹងមិន​ត្រឹមតែ​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​ទីផ្សារ​ដល់​កៅស៊ូ​កម្ពុជា​ផងដែរ​។

​លោក​បាន​ថ្លែងថា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​យានយន្ត​ឱ្យ​ឈានឡើង​មួយកម្រិត​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​ការអភិវឌ្ឍ​វិស័យ​យានយន្ត និង​អេឡិចត្រូនិក​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២២ កន្លងទៅ​។

ដោយឡែក​ច្បាប់​វិនិយោគ​ថ្មី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ត្រូវ​បានដាក់​ឱ្យប្រើ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២១ បានកំណត់​នូវ​វិស័យ​អាទិភាព​នានា ដែល​ទទួលបាន​ការលើក​ទឹកចិត្ត​វិនិយោគ និង​ការលើកទឹកចិត្ត​នានា រួមទាំង​ការលើកទឹកចិត្ត​សម្រាប់​ការទិញ​ធាតុ​ចូល​ផលិតកម្ម​ដែល​ផលិត​ក្នុងស្រុក និង​ការលើកទឹកចិត្ត​ ចំពោះ​សកម្មភាព​មួយចំនួន ដូចជា​ការផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​ដល់​កម្មករនិយោជិត​ខ្មែរ ការផ្តល់​ការលើកកម្ពស់​សុខុមាល​ភាព​ដល់​កម្មករនិយោជិត​ខ្មែរ​តាមរយៈ​ការផ្តល់​មធ្យោបាយ​ដឹកជញ្ជូន​ប្រកបដោយ​ផាសុកភាព កន្លែង​ស្នាក់នៅ កន្លែង​បរិភោគ​អាហារ​។​ល​៕