
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅទីស្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ រូបថត ក្រសួងទេសចរណ៍
ភ្នំពេញៈ វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី នឹងមានកំណើនកាន់ខ្ពស់ប្រសិនបើប្រទេសទាំង២ អាចមានជើងហោះហើរត្រង់ ជាមួយគ្នា ខណៈមន្ត្រីជាន់ខ្ពស់ប្រទេសនៃទាំង២ បានសន្យានឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំង ព្រមទាំងជំរុញឱ្យមានជើងហោះហើរត្រង់ជាមួយគ្នា។
នៅក្នុងជំនួបជាមួយ លោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅទីស្ដីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាលប្រទេសទាំង ២ និងបានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី ពិចារណាពីការជួយគាំទ្រដល់គម្រោងអភិរក្ស និងអភិវឌ្ឍន៍សត្វផ្សោតទន្លេមេគង្គ ដើម្បីធ្វើឱ្យតំបន់សត្វផ្សោតទន្លេមេគង្គក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរព្រោះបើ«គ្មានសត្វផ្សោត គឺគ្មានទេសចរ» ខណៈកាលពីឆ្នាំ២០០៧-២០១១ អង្គការទេសចរណ៍ពិភពលោក ធ្លាប់បានជួយដល់គម្រោងនេះ តាមរយៈការបង្កើតសហគមន៍ទេសចរណ៍នៅតំបន់ នៅក្នុងគោលដៅផ្លាស់ប្តូរមុខរបរអ្នកនេសាទឱ្យងាកទៅរកការផ្តល់សេវាទេសចរណ៍វិញ។
លោកបន្តថា ក្រៅពីចំណុចខាងលើកម្ពុជាក៏ចង់ឱ្យអូស្ត្រាលី បន្តជួយពង្រឹងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ព្រមទាំងតភ្ជាប់ជើងហោះហើរត្រង់ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ការធ្វើដំណើររបស់ភ្ញៀវ សិស្ស-និស្សិត និងធុរជនរវាងប្រទេសទាំង២ឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ មានភាពធូរស្រាល។
លោក ថោង ខុន បានថ្លែងថា៖«ខ្ញុំសូមស្នើឱ្យលោកឯកអគ្គរដ្ឋទូតជួយជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-អូស្ត្រាលី ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅអូស្ត្រាលី និងនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងសិក្សាយ៉ាងច្រើននៅប្រទេសអូស្ត្រាលី»។
ក្រៅពីចំណុចខាងលើ រដ្ឋមន្ត្រីក៏បានស្នើឱ្យអូស្ត្រាលីជួយផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលនឹងធ្វើឡើងនៅកម្ពុជានាពេលឆាប់ៗនេះផងដែរ។
លោក Justin Kevin Whyatt បានប្ដេជ្ញានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើគ្រប់វិស័យជាមួយកម្ពុជា ពិសេសវិស័យទេសចរណ៍ ដោយលោកសន្យានឹងខិតខំជំរុញឱ្យបានក្នុងអាណត្តិរបស់លោកនៅកម្ពុជា ពិសេសជើងហោះហើរត្រង់កម្ពុជា-អូស្ត្រាលី។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក កម្ពុជា លោក ធួន ស៊ីណាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៣០ ខែមីនា ថា បើកម្ពុជា-អូស្ត្រាលី អាចមានជើងហោះហើរត្រង់ជាមួយគ្នាវានឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់សេដ្ឋកិច្ច ពិសេសវិស័យទេសចរណ៍ប្រទេសទាំង២ ព្រោះបច្ចុប្បន្នចំនួនភ្ញៀវធ្វើដំណើររវាងប្រទេសទាំង២ ក៏មានកំណើនគួរឱ្យកត់សម្គាល់ដែរ។
លោកបន្តថា ដោយសារមិនមានជើងហោះហើរត្រង់ បច្ចុប្បន្នការធ្វើដំណើររវាងប្រទេសទាំង២ ភាគច្រើនត្រូវឆ្លងកាត់តាមព្រលានយន្តហោះរបស់ប្រទេសថៃ សិង្ហបុរី ថៃ ចិន និងវៀតណាម ជាដើម។
លោកលើកឡើងទៀតថា អូស្ត្រាលីជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងប្រជាជនមានប្រាក់ចំណូលច្រើន ដូច្នេះបើកម្ពុជាអាចមានជើងហោះហើរត្រង់ជាមួយ គឺពិតជាអស្ចារ្យណាស់ ព្រោះកម្ពុជាមានតំបន់ទេសចរណ៍ច្រើន ពិសេសតំបន់ប្រាសាទបុរាណ និងតំបន់មាត់សមុទ្រ ដែលជាតំបន់ភ្ញៀវអូស្ត្រាលី ចូលចិត្តដើរកម្សាន្ត។
លោកអះអាងថា៖ «ខ្ញុំជឿថា ការបង្កើតឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទាំង២ នឹងទទួលបានការគាំទ្រច្រើន ហើយខ្ញុំគិតថាការហោះហើរនេះក៏នឹងមិនជួបបញ្ហាដូចជើងហោះហើរពីតំបន់អឺរ៉ុប (មកពីទីក្រុងប៉ារីស) មកកម្ពុជានាពេលកន្លងមកឡើយ»។
លោកបន្ថែមទៀតថា ប្រទេសអូស្ត្រាលី ក៏ជាកន្លែងដែលអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរកម្ពុជាឱ្យទៅកម្សាន្តច្រើនផងដែរ ប្រសិនបើរដ្ឋាភិបាលអូស្ត្រាលីមានការបន្ថូរបន្ថយលើលក្ខខណ្ឌនៃការស្នើសុំទិដ្ឋាការ។
លោក សុន សម្បត្តិ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអូស្ត្រាលី បានប្រាប់ថា លោកពិតជាចង់ឱ្យមានជើងហោះហើរត្រង់កើតឡើង ព្រោះការធ្វើដំណើរឆ្លងកាត់តាមប្រទេសនានាគឺមិនត្រឹមតែចំណាយប្រាក់ច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចំណាយពេលរង់ចាំប្តូរជើងយន្តហោះយូរផងដែរ។
ជាមធ្យមក្នុងការធ្វើដំណើរពីកម្ពុជាទៅប្រទេសអូស្ត្រាលី ដោយឆ្លងកាត់ប្រទេសទាំងនោះ គឺអាចចំណាយពេលប្រហែល ១២ ម៉ោង បើប្រសិនធ្វើដំណើរតាមប្រទេសចិន អាចលើសពីនេះ។
លោកថ្លែងថា៖«ខ្ញុំពិតជាចង់ឱ្យមានការហោះហើរត្រង់ ព្រោះមិនចាំបាច់ចំណាយពេលរង់ចាំប្តូរយន្តហោះ»។
បើតាមលោក សម្បត្តិ បច្ចុប្បន្នតម្លៃសំបុត្រទៅ-មករវាងក្រុងភ្នំពេញ ទៅទីក្រុងមែនប៊ន (ប្រទេសអូស្ត្រាលី) អាចមានតម្លៃយ៉ាងតិចជាង ១ ពាន់ដុល្លារ គឺកើនឡើងពីជាង ៨០០ ដុល្លារ កាលពីមុនមានវត្តមានជំងឺកូវីដ១៩។
ទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ជនជាតិអូស្ត្រាលី ដែលធ្វើដំណើរមកកម្ពុជា មានចំនួនសរុប ៣៧ ៦៧ ៣នាក់ កើនឡើង ២ ៨៥២,៤ ភាគរយធៀបឆ្នាំ២០២១ ដែលមានចំនួន ១ ២៧៦ នាក់។ មុន ពេលវិបត្តិកូវីដ១៩ កម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរអូស្ត្រាលី ប្រមាណជាង ១០ ម៉ឺននាក់ក្នុង ១ ឆ្នាំ៕