ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា កម្ពុជា​ទទួលបាន​ផល​ប្រ​យោ​ជន៍​ច្រើន​ពី​ការនាំចេញ​ទំនិញ​ទៅ​ចក្រភព​អង់គ្លេស​តាមរយៈ​ការទទួលបាន​អត្រា​អនុគ្រោះ​ពន្ធ​សូន្យ ជាមួយ​នីតិវិធី​សាមញ្ញ និង​វិធាន​ដើមកំណើត​ទំនិញ​ងាយ​បំពេញ​ជាង​មុន​។​

​ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​ចក្រ​ភព​អង់គ្លេស​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​កម្ពុជា (UK''s Developing Countries Trading Schemes in Cambodia)​ ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​សណ្ឋាគារ Himawari កាលពី​ថ្ងៃទី ​២៨ ខែមីនា លោក សំហេង បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពា​​ណិ​ជ្ជ​កម្មបាន​និយាយថា ចក្រ​​ភព​អង់គ្លេស​គឺជា​ដៃគូ​ពាណិជ្ជ​​កម្ម​សំខាន់​របស់​កម្ពុជា ខណៈ​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពា​ណិ​ជ្ជ​កម្មជាប​ន្ត​បន្ទាប់ពី​ចក្រ​ភព​អង់គ្លេស ទោះបី​ប្រទេស​នេះ​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​ក៏ដោយ​។

​លោក​បន្តថា ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ចក្រភព​អង់គ្លេស​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ថ្មី​នេះ កម្ពុជា​នៅតែ​ទទួលផល​ប្រយោជន៍ និង​អាច​នាំ​ចេញទៅ​ចក្រភព​អង់គ្លេស​បាន​ដោយ​ទទួលបាន​អត្រា​អនុគ្រោះ​ពន្ធ​សូន្យ ជាមួយ​នីតិវិធី​សាមញ្ញ វិធាន​ដើមកំណើត​ទំនិញ​ដែល​ងាយ​បំពេញ​ដែល​ងាយ​បំពេញ​ជាង​មុន និង​វិធាន​បូក​បន្ថែម​ដែល​អាច​រួមបញ្ចូល​នូវ​វត្ថុ​ធាតុ​ពី​ប្រទេស​ជាង ៩៥​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី និង​បង្កើន​នូវ​ទំនិញ​មានគុណ​ភាព​ពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស​បាន​កាន់តែច្រើន​ថែមទៀត​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា បើទោះបី​អង់គ្លេស​ចាកចេញ​សហភាព​អឺរ៉ុប ប៉ុន្តែ​អង់គ្លេស​នៅតែ​ជាទី​ផ្សារ​ទទួល​ទិញ​ទំនិញ​ពី​កម្ពុ​ជាច្រើន​រៀង​រាល់​ឆ្នាំ ដោយ​ភាគច្រើន​នៃ​ទំ​និ​ញ​ដែល​អង់គ្លេស​ទិញ​ពី​កម្ពុជា គឺជា សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ និង​កង់​។ ការបន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា​នឹង​ជួយ​ឱ្យ​កម្ពុ​ជាមាន​ទីផ្សារ​កាន់​​តែ​ច្រើន ដោយ​តាមរយៈ​ចក្រ​ភព​អង់គ្លេស​ទំនិញ​មួយចំនួន​ក៏​អាច​ហូរ​បន្តទៅ​ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​ផងដែរ​។​

​លោក​ប្រាប់ទៀតថា កំណើន​ទំនិញ​ដែល​កម្ពុជា​នាំទៅ​អង់​​គ្លេ​ស​ក៏ដោយ​សារ​ទំនិញ​កម្ពុ​ជាមាន​គុណភាព​ស្របតាម​ការ​ចង់បាន​របស់គេ​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ធ្វើឱ្យ​ផលិត​ផល​កម្ពុជា​កាន់តែ​ឧត្តមភាព​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ផ​លត​ផល​ពី​ប្រទេស​នាំចូល​ផ្សេងៗ​ទៀត​»​។​

​លោក​ប្រាប់ទៀតថា សម្រាប់​ទំនិញ​ដែល​កម្ពុជា​នាំ​ពី​ចក្រភព​អង់គ្លេស​វិញ រួមមាន រថយន្ត គ្រឿង​ម៉ាស៊ីន ស្រា​/​ភេសជ្ជៈ និង​ផលិតផល​មួយចំនួន​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ និយាយថា ចក្រភព​អង់គ្លេស មាន​ប្រជាជន​ច្រើន និង​សេដ្ឋកិច្ច​ធំ ដូច្នេះ​បើ​កម្ពុជា​អាច​បង្កើន​សក្តានុពល​ក្នុងការ​​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បើក​រោងចក្រ ដើម្បី​ផលិត​នាំ​ទៅ​ចក្រភព​អង់គ្លេស​គឺជា​ការ​ល្អ ខណៈ​កម្ពុជា​សម្បូរ​កម្លាំង​ពលកម្ម និង​មានច្បាប់​វិនិយោគ​ផ្តល់​ភាពអនុគ្រោះ​ច្រើន​។​

​លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នឹង​ជួយ​ទាក់ទាញ​អ្នក​-វិនិយោគ​ច្រើន​បន្ថែមទៀត​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​»​។​

​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ឆ្នាំ​ ២០២២ ចក្រភព​អង់គ្លេស​ស្ថិតនៅ​លេខ​រៀង​ទី​ ១១ ដែលមាន​ទំហំ​ពា​ណិ​ជ្ជ​កម្ម​ធំជាងគេ​ជាមួយ​កម្ពុជា ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​សរុប​ជិត ៩៧៧,៤៤ ​លាន​ដុល្លារ កើន ២៣,៩៨​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន ៧៨៨,៦៥​ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា ៨៨៦,៤២៤​ លាន​ដុល្លារ កើន​​ឡើង ២១,១ ​ភាគរយ និង​ការ​​នាំចូល​ពី​ចក្រភព​អង់គ្លេស មាន ៩១,០១៦​ លាន​ដុល្លារ​៕