ភ្នំពេញៈ ក្រុមហ៊ុន Swedfund បាន​បោះទុន​វិនិ​យោគ ១០​លាន​ដុល្លារ​នៅ​ក្នុង​មូលនិធិ​ទីផ្សារ​កំពុង​លូត​លាស់​នៅ​ក្នុង​តំបន់​អាស៊ាន (AFMF) គឺ​ប្រទេស​កម្ពុជា និង​ឡាវ ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) និង​រួម​ចំណែក​ដល់​ការ​បង្កើត​ការងារ និង​ការ​អភិវឌ្ឍ រួម​ទាំង​តាម​រយៈ​ការ​លើក​កម្ពស់​ សមភាព​យេនឌ័រ ភាព​ធន់​នឹង​អាកាស​ធាតុ ស្តង់ដា ESG និង​បរិយា​ប័ណ្ណ​ហិរញ្ញវត្ថុ​ផងដែរ​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ពី Swedfund ​ដែលជា​ក្រុម​ហ៊ុន​ទទួលខុស​ត្រូវមាន​កម្រិត (A.B.) ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​រដ្ឋាភិបាល​ស៊ុយអែត ​នៅ​ថ្ងៃទី​២៧​ ខែមីនា កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​​ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ២០២២ ​មកម្ល៉េះ​។​

ក្រុម​ហ៊ុន​នេះ​លើក​ឡើង​ថា​៖​«​នេះ​គឺជា​ការ​វិនិយោគ​ដំបូង​របស់ ​Swedfund​ នៅក្នុង​មូលនិធិ​ដែល​ផ្តោត​លើ​ប្រទេស​កម្ពុជា និង​ឡាវ​។ AFMF នឹង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ ​Emerging Markets Investment Advisers (EMIA) ដែល​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​មូលនិធិ​ដោយ​ប្រទេស​សិង្ហ​បុរី​ផ្តោត​លើ​បណ្តា​ប្រទេស​អាស៊ាន​ដែល​មាន​សេដ្ឋ​កិច្ច​កំពុង​រីក​លូត​លាស់​»​។​

ប្រទេស​កម្ពុជា និង​ឡាវ គឺ​ជា​ឧទាហរណ៍​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​យោង​ទៅ​តាម​បញ្ជី​របស់​អង្គការ OECD/DAC ស្ថិត​ក្នុង​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​។ AFMF ផ្តល់​ដើមទុន​ដើម្បី​ពង្រឹង និង​ពង្រីក​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​តម្រង់ទិស​ដោយ​កំណើន​ក្នុង​តំបន់ ដែលជា​តួអង្គ​សំខាន់​ក្នុង​វិស័យ​ឯកជន ដើម្បី​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។​

លោកស្រី Sofia Gedeon ប្រធាន​ផ្នែក​និរន្តរភាព​សហគ្រាស​របស់​ Swedfund ​បាន​ឱ្យ​ដឹង​ថា ការ​វិនិ​យោគ​នេះ​នឹង​បង្កើត​ការ​ចូល​រួម​របស់​ពួក​គេ​ជា​មួយ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​AFMF និង​ធ្វើ​ឱ្យ​អាជីវ​កម្ម​ប្រសើរ​ឡើង និង​ការ​បង្កើត​ការងារ​របស់​ពួកគេ​។​

លោកស្រី​ថ្លែង​ថា​៖​«​ការ​វិនិ​យោគ​លើ ​AFMF គឺជា​មធ្យោបាយ​មួយ​សម្រាប់​ពួក​យើង​ដើម្បី​ឈាន​ទៅ​ដល់​ក្រុមហ៊ុន​តូចៗ​ជាច្រើន​ទៀត ​ដែល​អាច​វិនិយោគ និង​បង្កើត​ការងារ​ដែល​មាន​សារៈ​សំខាន់​បំផុត​ នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ វា​គឺជា​បរិបទ​ដ៏​លំបាក​មួយ ដែល​មាន​ន័យ​ថា ប្រទេស​ទាំង​២​ត្រូវ​បាន​កំណត់​ដោយ​ភាព​ក្រីក្រ​ខ្ពស់ និង​តម្រូវការ​ដ៏​ធំធេង ​សម្រាប់​ការ​វិនិយោគ​ដើម្បី​បង្កើត​ការងារ​ជាមួយនឹង​លក្ខខណ្ឌ​ការងារ​សមរម្យ​»​។​

មុន​ពេល​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​កម្ពុជា ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីក​ចម្រើន​រហ័ស​បំផុត ​ក្នុង​ពិភព​លោក​។ ទោះជា​យ៉ាង​ណា​ ប្រទេស​នេះ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូ​វីដ​១៩​ ហើយ​កំណើន​សេដ្ឋកិច្ច​បាន​ជាប់​គាំង​ជាមួយ​នឹង​សក្តានុពល​ដើម្បី​ផ្លាស់ប្តូរ​ការកែ​លម្អ​ថ្មីៗ​នៅ​ក្នុង​ភាព​ក្រីក្រ​។​

Swedfund បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​ងើប​ចេញ​យ៉ាង​ល្អ​ពី​អំឡុង​ពេល​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ហើយ​ទោះ​បី​ជា​នៅតែ​ជា​បរិយាកាស​ប្រកួត​ប្រជែង រួម​ទាំង​ស្ថានភាព​សិទ្ធិ​មនុស្ស​ក៏​ដោយ ការ​ព្យាករ​កំណើន​បាន​បន្ត​ឡើង​វិញ​ផ្តល់​នូវ​ឱកាស​ថ្មី​សម្រាប់​មូលនិធិ និង​ក្រុមហ៊ុន​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​ភាព​ក្រីក្រ និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌​។​

ជាមួយ​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ធនាគារ​សហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SME Bank) ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​។​

ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​គ្រប់គ្រង​ដោយ​រដ្ឋ (SME Bank)​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០ ​ហើយ​ផ្តល់​ប្រាក់​កម្ចី​ដោយ​ផ្ទាល់ និង​តាម​រយៈ​គម្រោង​សហ​ហិរញ្ញប្បទាន​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ (PFI) ចូលរួម​ចំនួន ​៣៣ នាពេល​បច្ចុប្បន្ន​។

គិត​ត្រឹម​ថ្ងៃទី​២៧ ខែធ្នូ ធនាគារ​មួយ​នេះ បាន​ផ្តល់​ប្រាក់​កម្ចី​ជាង ៤៣២​ លាន​ដុល្លារ​ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​យ៉ាង​ហោច​ណាស់​ចំនួន ៣ ២៦០​ ដើម្បី​កុំឱ្យ​ពួកគេ​បិទ​ទ្វារ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ហើយ​ជា​បន្ត​បន្ទាប់​ដើម្បី​ជួយ​ពួកគេ​ឱ្យ​បើក​ដំណើរ​ឡើង​វិញ និង​ពង្រីក​ក្រោយ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ នេះ​បើ​យោងតាម​លោក លឹម អូន​ អគ្គនាយក​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ចុងខែ​ធ្នូ​៕