ភ្នំពេញៈ ផលិតផល​កសិកម្ម​ចំនួន​ ៨,៦​ លាន​តោន​ដែល​ស្មើ​នឹង​តម្លៃ​សរុប​ជិត ៥​ ពាន់​លាន​ដុល្លារ​ត្រូវបាន​កម្ពុជា​នាំចេញ​ជា​ផ្លូវការ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​វិស័យ​ក​សិ​​កម្មបាន​រួមចំណែក​ជាង ២២ ​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP)​ កម្ពុជា​។ នេះ​បើ​យោងតាម​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​​មា​ញ់ និង​នេសាទ​។​

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​កសិកម្ម រុក្ខា​ប្រ​មា​ញ់ និង​នេសាទ ឆ្នាំ​ ២០២២ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៣ កាលពី​សប្តាហ៍​មុន លោក ឌិ​ត​ ទីណា បានឱ្យដឹងថា ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ និង​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​ ២០២២-២០៣០ ក្រសួង​ក​សិ​កម្មបាន​អនុវត្ត​ប្រកបដោយ​ការ​​ទទួលខុសត្រូវ​ខ្ពស់​នូវ​ផែនការ និង​សកម្មភាព​ការងារ​ដែល​បាន​គ្រោងទុក និង​បាន​ជំរុញ​ការ​អនុ​វត្ត​វិធានការ​ចាំបាច់​ដើម្បី​បង្កើនល្បឿន​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។​

​លោក​បន្តថា ជា​លទ្ធផល​ផលិតកម្ម​ដំណាំ​សម្រេចបាន​ចំនួន ៣៤,៧១ ​លាន​តោន ក្នុងនោះ​ដំណាំ​ស្រូវ ១១,៦២ ​លាន​តោន ដោយមាន​អតិរេក ៦,២៩ ​លាន​តោន ដំណាំ​សាកវប្បកម្ម ៤,៤២​ លាន​តោន និង​ដំណាំ​ឧស្សាហកម្ម​ចំនួន ១៨,៦៧​ លាន​តោន​។​

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ជា​ផ្លូវការ​ផលិតផល​កសិក​ម្ម ដែលមាន​តម្លៃ​សរុប​ប្រមាណ​ជិត ៥ ពាន់​លាន​ដុល្លារ ស្មើ ៨,៦ ​លាន​តោន​ទៅ​ទិសដៅ ៧៤​ ប្រទេស កើន​ឡើង ៧,៨​ ភាគរយ​បើ​ធៀប​ឆ្នាំ​២ ០២១ ដែលមាន​ចំនួន ៧,៩​លាន​តោន​។

នៅ​ក្នុងនោះ​ការនាំចេញ​អង្ករ​សម្រេចបាន ៦៣៧​ ពាន់​តោន កើន ៣,២៣ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២១ និង​កសិផល​ក្រៅពី​ស្រូវ​អង្ករ​ចំនួន ៥,៧៨​ លាន​តោន​កើន​ពី​ចំនួន ៥,០១​ លាន​តោន​»​។ លោក​បន្តទៀតថា​៖ «​ជារួម​វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក ២២,២​ ភាគរយ​ក្នុង​ផលិតផល​សរុប​ក្នុងស្រុក ​(GDP)»​។​

​លោក​បន្តថា ដើម្បី​លើកកម្ពស់​សមត្ថ​ភាព​បង្កបង្កើនផល និង​ធានាបាន​នូវ​សន្តិសុខ​ស្បៀង និង​និរន្តរភាព​នៃ​ការ​​អភិវឌ្ឍ​ក្នុង​ឆ្នាំ ២០២៣ នេះ ក្រសួង​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចម្បងៗ​មួយចំនួន​ដូចជា ការកាត់បន្ថយ​ថ្លៃដើម ​(​ការ​​ប្រើ​ពូជ​សុទ្ធ​ល្អ បច្ចេកទេស​ទំនើប និង​ការ​សន្សំសំចៃ​ថាមពល​), ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​ផលិតកម្ម ​(​ផ្តល់​កម្ចី​អត្រា​ការប្រាក់​ទាប កិច្ចសហការ​ជាមួយ​ដៃគូ​) ការធ្វើ​ពា​ណិ​ជ្ជូ​ប​នីយកម្ម ​(​ការ​ចងក្រង​ជា​បណ្តាញ​របស់​កសិករ និង​ការធ្វើ​កិច្ចសន្យា​កសិកម្ម​) ជាដើម​។​

​អនុប្រធាន​សមាគម​សុ​វត្ថិ​ភាព បន្លែ ត្រី សាច់ លោក សុខ យ៉​ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កំណើន​ការនាំចេញ​ក​សិ​​ផល​បង្ហាញថា ចង្វាក់​ផលិតកម្ម​វិស័យ​កសិក​ម្ម​ដោយ​រាប់បញ្ចូល​ទាំង​ការដាំដុះ ថែទាំ ប្រមូល​ផល សម្អាត និង​វេច​ខ្ចប់​កាន់​តែមាន​ភាពល្អប្រសើរ​តាម​ការចង់បាន​របស់​ប្រទេស​ទទួល​ទិញ​។ ប្រសិន​បើ​អាច​នាំចេញ​បាន​កាន់តែច្រើន នឹង​ជួយ​ធ្វើឱ្យ​ប្រជាកសិករ​ទទួលបាន​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​។​

​លោក​និយាយថា​៖ «​ក្រៅពី​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ប្រាក់ចំណូល​ច្រើន វា​ក៏​ជា​មោទនភាព​មួយ​ផងដែរ​សម្រាប់​វិស័យ​កសិកម្ម​កម្ពុជា​»​។​

​ទោះជា​យ៉ាងណា​លោក​លើកឡើងថា បច្ចុប្បន្ន​ក៏មាន​ផលិតផល​កសិកម្ម​រាប់​ទាំង​បន្លែ ត្រី សាច់​ជាច្រើន​ត្រូវបាន​ក្រុម​​ឈ្មួញ​នាំ​ចូលមក​កម្ពុជា​ទាំង​ស្របច្បាប់ និង​គ្មាន​ច្បាប់​ផងដែរ​។​

​លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុម​ហ៊ុន រី​ច ហ្វា​ម អេ​ស៊ា ដែលជា​ក្រុមហ៊ុននាំចេញ​កសិផល​ក​ម្ពុ​ជា​ជាច្រើន​ប្រភេទ​ទៅ​ទីផ្សារ​អន្តរជាតិ​ថ្មីៗ​នេះ​ថា ការដាក់ចេញ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដើម្បី​ជំរុញ​ផលិតភាព​ក្នុងស្រុក ពិសេស​ការធានាបាន​ស​ន្តិ​សុខ​ស្បៀង និង​ឈានទៅ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ បានធ្វើឱ្យ​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​កើន​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹង​គុណភាព​កាន់តែ​ល្អ បរិមាណ​នាំចេញ​ក៏មាន​កាន់តែច្រើន​ដែរ​។

​លោក​ប្រាប់ទៀតថា កំណើន​នៃ​បរិមាណ​នាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​ក៏​ទទួល​​បានការ​ចូលរួម​គាំទ្រ​ពី​វិស័យ​ដឹកជញ្ជូន និង​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុងការ​បើក​ទីផ្សារ​ថ្មីៗ​តាមរយៈ​ចំណង​ការទូត និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី និង​ពហុភាគី​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​នានា​។​

​លោក​និយាយថា​៖ «​ស្ថានភាព​ការ​នាំចេញ​កសិផល​ពី​កម្ពុជា​បាន​កើន​​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ វា​នឹង​បន្ត​ភាព​វិ​ជ្ជ​មាន​បន្ថែមទៀត​នាពេលខាងមុខ​»​។​

​បើតាម​លោក ហ៊ុន ឡាក់ ចំនួន​ក្រុម​​ហ៊ុន​ដែល​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម នៅ​កម្ពុជា​ក៏​កើនឡើង​ដែរ​ពេលនេះ​។​

​ទិន្នន័យ​ក្រសួងកសិកម្ម កន្លងមក​ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​ប្រមូលបាន​ប្រាក់ ៣ ៩៥៨​ លាន​ដុល្លារ​ពី​ការ​នាំចេញ​កសិផល​មាន​វិញ្ញាបនបត្រ និង​ ៩៥៩​ លាន​ដុល្លារ​ពី​ការនាំចេញ​ក​សិ​ផល​ដោយ​គ្មាន​វិញ្ញាបនបត្រ​៕