
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរុស្ស៊ី ប្រចាំកម្ពុជា លោក Anatoly Borovik បានអះអាងថា ទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ីក្នុងវិស័យជាច្រើននៅតែបន្តលើកកម្ពស់ ជាពិសេសវិស័យពាណិជ្ជកម្ម។ រ៉ាន់ រើយ
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរុស្ស៊ី ប្រចាំកម្ពុជា លោក Anatoly Borovik បានអះអាងថា ទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ីក្នុងវិស័យជាច្រើននៅតែបន្តលើកកម្ពស់ ជាពិសេសវិស័យពាណិជ្ជកម្ម។
នៅក្នុងសន្និសីទសារព័ត៌មានផ្ទាល់លើកដំបូងជាមួយអ្នកសារព័ត៌មាននៅកម្ពុជានៅថ្ងៃទី៣១ ខែមីនា ក្រោមប្រធានបទ ទំនាក់ទំនងរវាងរុស្ស៊ីនិងកម្ពុជា ព្រមទាំងប្រធានបទសំខាន់ៗនៃគោលនយោបាយការបរទេសរុស្ស៊ី ឯកអគ្គរដ្ឋទូតរុស្ស៊ី បានលើកឡើងនូវទំនាក់ទំនងការទូតដ៏យូរអង្វែងដែលរហូតដល់ពេលនេះមានអាយុ ៦៧ ឆ្នាំ លើវិស័យជាច្រើន។
លោក Anatoly Borovik បញ្ជាក់ថា រុស្ស៊ី និងកម្ពុជា សហការគ្នាក្នុងវិស័យផ្សេងៗ ជាពិសេស ទំនាក់ទំនងរវាងមន្ទីរ ក្រសួងកំពុងអភិវឌ្ឍយ៉ាងសកម្ម ជាប្រពៃណី។
លោកអះអាងថា៖"យើងយកចិត្តទុកដាក់ច្រើនចំពោះការអភិវឌ្ឍការសន្ទនានយោបាយ ឧទាហរណ៍រវាងគណបក្សកាន់អំណាច។ ប្រទេសរបស់យើងបន្តអន្តរកម្មក្នុងវិស័យការអប់រំ វប្បធម៌ ការតស៊ូដើម្បីសន្តិភាព និងសន្តិសុខ រួមទាំងនៅវេទិកាអន្តរជាតិ ដោយឡែក អង្គការសហប្រជាជាតិ តាមរយៈរចនាសម្ព័ន្ធអាស៊ាន"។
លោកបន្តថា ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរយកចិត្តទុកដាក់ដល់បទពិសោធន៍របស់រុស្ស៊ីក្នុងការទប់ទល់នឹងបញ្ហាប្រឈម និងការគំរាមកំហែងថ្មីៗ រួមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និង ឧក្រិដ្ឋកម្មក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន។
ការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រូវបានជំរុញយ៉ាងខ្លាំង ប៉ុន្តែទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក និងលោកខាងលិចបានបង្កភាពស្មុគស្មាញដល់អន្តរកម្មដែលត្រូវបានបង្កើតពីមុនមក។ នេះបើតាមការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតរុស្ស៊ី។
លោក និយាយថា៖"យើងចាត់ទុកការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាកិច្ចការដែលមានសារៈសំខាន់ណាស់។ ទិសដៅនេះ គឺមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ រីឯស្ថានទូតយើងខ្ញុំជួយអ្នកតំណាងធុរកិច្ចនៃប្រទេសទាំងពីរក្នុងការបង្កើតទំនាក់ទំនង"។
លោកបន្ថែមថា ជាការពិតណាស់ ទន្ទឹមនឹងនេះ ក្រុមហ៊ុនរុស្ស៊ីនៅតែបន្តរក្សាទំនាក់ទំនងជាមួយដៃគូនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើសពីនេះទៅទៀតចំនួនដៃគូកំពុងកើនឡើង៕
រូបថត រ៉ាន់ រើយ