ភ្នំពេញៈ រដ្ឋាភិបាល​បារាំង​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD) បាន​សន្យា​ផ្តល់​ហិរញ្ញប្បទាន ៤០០ ​លាន​អឺរ៉ូ​សម្រាប់​ប្រទេស​កម្ពុជា​ សម្រាប់​ការគាំទ្រ​ក្នុងការ​ផ្លាស់ប្តូរ​កាបូន​ទាប​ដើម្បី​ធ្វើឱ្យ​កាន់តែ​មាន​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាស​ធាតុ ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមា​ហ​រណកម្ម​ក្នុង​តំបន់ និង​សមត្ថ​​ភាព​ប្រកួតប្រជែង និង​លើក​កម្ពស់​សេដ្ឋកិច្ច​បៃតង និង​ការ​គ្រប់គ្រង​ទឹក​ដោយ​និរន្តរភាព​។​

​គម្រោង​នេះ​បាន​ចុះ​ហត្ថ​លេខា​កាលពី​ថ្ងៃទី​ ២៩ ខែមីនា រវាង លោក វ​ង្ស៊ី វិសុទ្ធ រដ្ឋលេខា​ធិ​ការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក Cyrille Bellier ប្រធាន​នាយក​ដ្ឋា​ន​អឺរ៉ុប​ខាងកើត មជ្ឈិមបូព៌ា និង​អាស៊ី នៅ​ទីស្នាក់ការ​កណ្តាល​របស់​ AFD នៅ​ទីក្រុង​ប៉ារីស​។

​ការចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សន​កិច្ច​របស់លោក វិសុទ្ធ ទៅកាន់ AFD ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ ៦ ដើម្បី​ពិភាក្សា​អំពី​ទិសដៅ​យុទ្ធសាស្ត្រ​របស់​ AFD នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់ AFD ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន នៅ​ថ្ងៃទី​ ៣០ ខែមីនា​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានឱ្យដឹងថា តាមរយៈ​កិច្ច​ព្រម​ព្រៀង ដែល​បាន​ចុះហត្ថលេខា​នេះ AFD បាន​រំឭក​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​របស់​កម្ពុ​ជា តាមរយៈ​ការសន្យា​ផ្តល់​ហិរញ្ញប្បទាន​រហូតដល់​ ៤០០ ​លាន​អឺរ៉ូ​នៃ​គម្រោង​សម្រាប់​ឆ្នាំ ២០២៣-២០២៤ ជាមួយនឹង​អាទិភាព​លើ​វិស័យ​ទឹក អ​នា​ម័​យ កសិកម្ម ថាមពល និង ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​យុទ្ធសាស្ត្រ​នេះ​ឆ្លើយតប​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​ (SDGs) និង​មាន​រួមបញ្ចូល​បញ្ហាសំខាន់​ដូចជា​នវានុវត្តន៍ យេនឌ័រ ការ​ប្រែ​ប្រួល​អាកាសធាតុ ប្រសិទ្ធភាព​ថាមពល និង​វិធីសាស្ត្រ «​សុខ​​ភាព​តែមួយ​»​។​

​នាយក AFD ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Sandrine Boucher ឱ្យដឹងថា ការប្តេជ្ញា​ចិត្ត​នៃ​ហិរញ្ញប្បទាន​កំពុង​ឆ្លុះ​បញ្ចាំង​ពី​ភាពជា​ដៃគូ​រយៈពេល​វែង​រវាង​បារាំង និង​កម្ពុជា​។​

​លោកស្រី​ថ្លែងថា​៖ «​ក្នុង​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៣០ នៃ AFD នៅ​កម្ពុជា យើង​មាន​ក្តី​​សោមនស្ស​រីករាយ​ក្នុងការ​ស្វា​គម​ន៍​ដៃគូ​កម្ពុជា​របស់​យើង​មកកាន់​ទីស្នាក់ការ​កណ្តា​ល​របស់ AFD​។ គោលបំណង​នៃ​ការ​បង្កើន​ការប្តេជ្ញាចិត្ត​ថ្មី​របស់​យើង​ទ្វេដង​ចំពោះ​កម្ពុជា​គឺ​រហូតដល់ ចំនួន ៤០០ ​លាន​អឺរ៉ូ​សម្រាប់​ឆ្នាំ ២០២៣-២០២៤ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាពជា​ដៃគូ​យូរអង្វែង​របស់​យើង ដោយ AFD ឆ្លើយ​តប​ទៅនឹង​តម្រូវការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជា​អាទិភាព ដែល​បង្ហាញ​ដោយ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​។

​លោក វ​ង្ស៊ី វិសុទ្ធ បានឱ្យដឹងថា កញ្ចប់​ហិរញ្ញប្បទាន​នេះ​ពិតជា​ឆ្លើយតប និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អាទិភាព​។​

​លោក​ថ្លែងថា​៖ «​យើង​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​បានឃើញ​ការពង្រីក​ប្រតិបត្តិការ​របស់ AFD នៅ​កម្ពុជា​។ នៅពេលដែល​យើង​ផ្លាស់ប្តូរ​ទៅកាន់​ដំណាក់កាល​មួយទៀត នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម យើង​កំពុង​មើលឃើញ​ឱកាស​សហការ​ជាច្រើន​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​បន្ត និង​អនាគត​រួមគ្នា​។ យើង​ក៏មាន​ក្តី​សោមនស្ស​រីករាយ​ផងដែរ ដែល​កត់សម្គាល់​ស្របគ្នា​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រៀងៗ​ខ្លួន និង​វិស័យ​អាទិភាព ពិសេស​លើ​វិស័យ​ទឹក និង​អនាម័យ កសិកម្ម ថាមពល និង​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​»៕