
ប៉ៃលិនៈ ក្រសួងពាណិជ្ជកម្មបានបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥” ក្នុងខេត្តប៉ៃលិនកាលពីថ្ងៃទី ៣០ មីនា ខណៈដែលរដ្ឋាភិបាលបានត្រៀមចេញយុទ្ធសាស្ត្រជាតិសំខាន់ៗ ក្នុងអាណត្តិខាងមុខ ដើម្បីជំរុញ និងគាំទ្រដល់វិស័យកសិកម្ម។
លោកអ៊ុន ប៊ុនលី អភិបាលរងខេត្តប៉ៃលិនបានថ្លែងថា ដំឡូងមីគឺជាដំណាំកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលបន្ទាប់ពីដំណាំពោតក្រហម ស្វាយ និងមៀនប៉ៃលិន។ លោកក៏បានជម្រាបជូនអង្គសិក្ខាសាសាពីគោលដៅសំខាន់ចំនួន ៣ ដែលបានកំណត់ក្នុងឯកសារគោលនយោបាយនេះដែរ។ ក្នុងនោះរួមមាន ១) ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណី ឬគ្រួសារ ទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម ២) ការទាក់ទាញការវិនិយោគមកបង្កើតរោងចក្រកែច្នៃផលិតផលដំឡូងមី និង ៣) លើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មតាមរយៈការជ្រៀតចូលទីផ្សារ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
លោកសុខ សុធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនបានថ្លែងក្នុងឱកាសនោះថា ក្នុងឆ្នាំ ២០២២ កន្លងមក ទីផ្សារដំឡូងមីក្នុងខេត្តប៉ៃលិន មានក្រុមហ៊ុនស៊ីភីខេមបូឌាចំកាត់បានទទួលក្នុងការចុះកិច្ចសន្យាទិញវត្ថុធាតុដើមពីសមាគមអ្នកនាំចេញដំឡូងមីក្នុងខេត្តប៉ៃលិនមានចំនួន ៤៨ សៃឡូ។ ក្រុមហ៊ុននេះ មានតម្រូវការបរិមាណបញ្ជាទិញពោតក្រហមមានចំនួន ៦០ ០០០ តោន និងដំឡូងមីស្ងួត ចំនួន ១០០ ០០០ តោន ដើម្បីកែច្នៃទៅជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោករាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានថ្លែងថា ដើម្បីធានាបាននូវវឌ្ឍនភាព សង្គតិភាព និងភាពជោគជ័យនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយនេះ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគឺជាយន្តការមួយដ៏ចាំបាច់ដែលត្រូវរៀបចំឡើង និងអនុវត្តជាប្រចាំ ដែលមានក្រសួងពាណិជ្ជកម្មជាតួអង្គសម្របសម្រួល។
លោកក៏បានមានប្រសាសន៍ផងដែរថា រដ្ឋាភិបាលកម្ពុជា បានត្រៀមដាក់ចេញនូវយុទ្ធសាស្ត្រជាតិសំខាន់ៗ ក្នុងអាណត្តិខាងមុខ ដើម្បីជំរុញ និងគាំទ្រដល់វិស័យកសិកម្ម។ ក្នុងនោះរួមមាន១) ការបង្កើនកញ្ចប់ថវិកាជូនអន្តរក្រសួងពាក់ព័ន្ធ និងធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម ២) ការយកចិត្តដោះស្រាយលើតម្លៃនៃការដឹកជញ្ជូន និងអគ្គិសនី ៣) ផ្តល់អ្នកជំនាញកសិកម្មនៅតាមភូមិឃុំ ដើម្បីផ្តល់ការណែនាំ និងប្រឹក្សាយោបល់ ៤) ជំរុញឱ្យមានការចុះកិច្ចសន្យាកសិកម្មរវាងអ្នកលក់និងអ្នកទិញដើម្បីរក្សាស្ថិរភាពថ្លៃ ៥) បន្តបង្កើនការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងថ្នាក់តំបន់ និងទ្វេភាគីបន្ថែមទៀត។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕