
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី ៣០ ខែមីនាបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការស្តីពីគម្រោងសិក្សាស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក រវាងក្រសួងពាណិជ្ជកម្ម ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការចុះអនុស្សរណៈនេះគឺដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងការផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ដោយផ្ដោតទៅលើចំណុចសំខាន់ៗចំនួន ៤។ ក្នុងនោះរួមមាន (១) ផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសដល់ការស្រាវជ្រាវក្នុងវិស័យកម្មសិទ្ធិបញ្ញា (២) រៀបចំកម្មវិធីចែករំលែកចំណេះដឹង (៣) ផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និង (៤) ផ្តល់នូវបដិសណ្ឋារកិច្ចដល់ការធ្វើទស្សនកិច្ចសិក្សា។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបេ្តជ្ញាចិត្តរបស់អង្គភាពប្រកាសនីយបត្រតក្កកម្មនៃប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា នៅក្នុងការចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ដែលស្តែងឱ្យឃើញតាមរយៈការចុះអនុស្សរណៈកិច្ចសហប្រតិបត្តិការដែលនឹងចូលជាធរមាននៅថ្ងៃនេះ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងតួនាទីរបស់កម្មសិទ្ធិបញ្ញាដែលចូលរួមជួយកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បន្ថែមទៀត។ លោករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមថា អនុស្សរណៈកិច្ចសហប្រតិបត្តិការត្រីភាគីនេះនឹងរួមចំណែកជួយពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងផ្នែកស្រាវជ្រាវពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងពង្រីកការយល់ដឹងរបស់វិស័យឯកជននៅប្រទេសកម្ពុជាអំពីកម្មសិទ្ធិបញ្ញាជាពិសេស វិធីសាស្ត្រកសាងកេរ្តិ៍ឈ្មោះម៉ាកឱ្យកាន់តែមានភាពល្បីល្បាញ បន្ថែមទៀត។
លោក KOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុនវាយតម្លៃខ្ពស់ចំពោះទំនាក់ទនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងសម្តែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តការនាពេលកន្លងមក ជាពិសេសការឈានមកដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។
លោក KOICHI HAMANO បានលើកឡើងថា ការកសាងម៉ាកផលិតផល និងគំនូរឧស្សាហកម្ម មានសារៈសំខាន់ណាស់ក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ហើយ លោកមានបំណងចង់ឃើញផលិតផលខ្មែរជាច្រើនបន្ថែមទៀតនៅលើទីផ្សារ ហេតុនេះ តាមរយៈអង្គភាពប្រកាសនីយបត្រតក្កកម្ម ប្រទេសជប៉ុន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ដើម្បីជំរុញកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀត។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម៕