
អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ចាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា។ រូបថត ក្រសួងពាណិជ្ជកម្ម
អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន លោក Kunihiko HIRABAYASHI បានបង្ហាញការចាប់អារម្មណ៍ចំពោះការដាំដុះនៅកម្ពុជា ដោយបានលើកឡើងថា ព្រោះមានភាពសម្បូរបែបប្រកបដោយសក្តានុពលខ្ពស់ និងធម្មជាតិ ដោយរក្សាទុករសជាតិដើម និងក្លិន ពិសេស (ស្វាយ ស្វាយចន្ទី និងម្រេច) ជាដើម។
ការបង្ហាញការចាប់អារម្មណ៍របស់លោក Kunihiko HIRABAYASHI ខាងលើនេះ ធ្វើឡើងក្នុងពេលលោកឡើងថ្លែងក្នុងសិក្ខាសាលា ស្តីពី «ផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន» ដែលរៀបចំឡើងដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៣ តាមរយៈកិច្ចសហការរៀបចំរបស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។
បើតាមក្រសួងពាណិជ្ជកម្មក្នុងពិធីនោះ លោក Kunihiko បានថ្លែងថា «ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្ពស់ ផ្តោតសំខាន់លើវិស័យវាយនភណ្ឌ សំណង់ និងទេសចរណ៍ ជាពិសេស វិស័យកសិកម្មមានការដាំដុះគិតគូរដល់និរន្តរភាព វិបុលភាព និងសុខភាព ប្រកបដោយសុវត្ថិភាព និងគុណភាព»។
លោកបញ្ជាក់ទៀតថា មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែច្រើនឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសជប៉ុន ព្រមទាំងលើកកម្ពស់សន្តិភាពក្នុងតំបន់នៃសមាជិកអាស៊ានទាំង ១០ និងប្រទេសជប៉ុនផងដែរ។
លោក កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានលើកឡើងថា ប្រទេសជប៉ុនដែលជាទីផ្សារធំមួយក្នុងតំបន់ ហើយការរៀបចំសិក្ខាសាលានៅពេលនេះ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងផ្ដល់ចំណេះដឹង បទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន ក្រោយវិបត្តិជំងឺកូវីដ១៩។
ពាក់ព័ន្ធនឹងទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន វិញ លោក កៅ កោសល បញ្ជាក់ ក្នុងឆ្នាំ២០២២ មានទឹកប្រាក់ប្រមាណជាង ១,៩៤៨ លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង ១,១៧៣ លានដុល្លារអាមេរិក និងជប៉ុនបាននាំចូលមកកម្ពុជាមានទឹកប្រាក់ប្រមាណជាង ៧៧៥ លានដុល្លារអាមេរិក។
គម្រោងវិនិយោគសំខាន់ៗរបស់ជប៉ុននៅកម្ពុជា រួមមាន វិស័យបង្គុំរថយន្ដ និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
លោក កៅ កោសល បន្ថែមថាក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មាននូវវត្តមាននៃធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១៧០០ ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋានផងដែរ៕ យុត្ថារ៉ូ