
យោងតាមការចេញផ្សាយរបស់វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម ដែលបានបោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin) វ៉ុលទី៣ លេខទី៣ (ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ខែមីនា ឆ្នាំ២០២៣ បានបង្ហាញថា សាធារណរដ្ឋកូរ៉េ បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី១៤ របស់កម្ពុជា នៅក្នុងឆ្នាំ២០២២។
ព្រឹត្តិបត្រពាណិជ្ជកម្មរបស់វិទ្យាស្ថានបានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរបស់ប្រទេសទាំងពីរ សម្រេចបាន ៧៧៩ លានដុល្លារ កើនឡើង ០,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ៧៧៤ លានដុល្លារ។ នៅក្នុងនោះឆ្នាំ២០២២ កម្ពុជា នាំចេញទៅកូរ៉េ សម្រេចបាន ២៣៤ លានដុល្លារ កើនឡើងជាង ២០ ភាគរយ ប្រៀបធៀបឆ្នាំ២០២១ មានទឹកប្រាក់ ១៩៤ លានដុល្លារ ខណៈកម្ពុជានាំចូលពីកូរ៉េមកវិញ មានទំហំទឹកប្រាក់ ៥៤៥លានដុល្លារ ថយចុះ ៦ ភាគរយ បៀបធៀបឆ្នាំ២០២១ មានទឹកប្រាក់ ៥៨០ លានដុល្លារ។
សម្រាប់ច្រកទីផ្សារកូរ៉េវិញ កម្ពុជាទទួលបានអត្រាពន្ធអនុគ្រោះសម្រាប់ការនាំចេញទៅកាន់កូរ៉េ ក្រោមក្របខ័ណ្ឌចំនួន ៣រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងកូរ៉េ (AKFTA)។
ជាមួយគ្នានេះដែរ ផលិតផលរបស់កម្ពុជា នាំចេញទៅកូរ៉េ ស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ៥៤ លានដុល្លារ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ចាក់ ៥២ លានដុល្លារ, ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ៤៥ លានដុល្លារ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ មិនមែនធ្វើពីក្រណាត់ចាក់ ៣៥ លានដុល្លារ និងអាលុយមីញ៉ូម និងវត្ថុធ្វើពីអាលុយមីញ៉ូម ១២ ដុល្លារ។
ដោយឡែកការនាំចូលរបស់កម្ពុជា ពីកូរ៉េមកវិញ យានក្រៅពីអយស្ម័យយានឬអយរថយន្តអគ្គិសនី និងបំណែកភាគ ១៣២ លានដុល្លារ ភេសជ្ជៈស្រា និងទឹក ខ្មេះ ៥២ លានដុល្លារ ម៉ាស៊ីនឧបករណ៍អគ្គិសនី ៣១ លានដុល្លារ និងផលិតផលបានពីការចាក់ដោយម្ជុល ៣៤លាន ដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ថា ការដោះដូរពាណិជ្ជកម្មជាមួយកូរ៉េ មានការកើនឡើងដោយសារតែ កិច្ចព្រមព្រៀងនេះ មានលក្ខខណ្ឌល្អច្រើនជាងកិច្ចព្រមព្រៀងសេរីជាមួយប្រទេសចិនទៅទៀត ជាពិសេសពន្ធលើផលិតផលកសិកម្ម ទទួលបានការអនុគ្រោះច្រើន។
លោកបានបញ្ជាក់ថា៖«កិច្ចព្រមព្រៀងជាមួយកូរ៉េនេះ មានលក្ខណៈបើកទូលាយជាងចិនទៅទៀត ព្រោះថាពន្ធលើផលិតផលកសិកម្មស្ទើរស្មើសូន្យតែម្តង ចំណែកចិន មានផលិតផលកសិកម្មខ្លះនៅជាប់បន្ទុក ដូចជាកៅស៊ូជាដើម ប៉ុន្តែក្រសួងពាណិជ្ជកម្មអះអាងថា នឹងធ្វើបណ្តើរ ចរចាបណ្តើរទៀតជាមួយចិន»។
ទោះជាយ៉ាងណាក៏ដោយ លោកបន្ថែមថា ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលវិស័យឯកជន មានការព្រួយបារម្ភ កិច្ចព្រមព្រៀងជាមួយកូរ៉េនេះ ដោយបញ្ហាទាំងនោះរួមមានដូចជា បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅមានកម្រិត ការអនុវត្តនីតិវិធីនាំចេញនាំចូល ពុំទាន់ស៊ីសង្វាក់ ផលិតកម្មកសិកម្មនៅតូចតាច និងមានលក្ខណៈរាយប៉ាយ ធ្វើឱ្យប៉ះពាល់ដល់និរន្តរភាពនៃការផ្គត់ផ្គង់ គុណភាពផលិតផល និងថ្លៃដើមផលិត ដែលពុំអាចឆ្លើយតបនឹងលក្ខខណ្ឌតម្រូវការទីផ្សារគោលដៅ លក្ខខណ្ឌតម្រូវការទីផ្សារគោលដៅ និងតម្លៃអគ្គិសនីនៅខ្ពស់ ជាដើម៕