ភ្នំពេញៈ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​លើក​ទឹក​ចិត្ត​ដល់​បណ្ដា​ធុរជន សហ​គ្រិន វិនិយោ​គិន និង​អ្នក​ផ្តល់​សេវា​ទាំង​អស់​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ ឱ្យ​ចូល​រួមក្នុង​ពិព័រណ៍​ចិន​-​អាស៊ា​ន លើក​ទី​២០ The 20th China-ASEAN Expo​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​១៦-២០ ​ខែកញ្ញា ឆ្នាំ​២០២៣ ​ខាង​មុខ​នេះ​។​

​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ថ្ងៃទី​៣០​ ខែមីនា ​បាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​លើ​ការ​រៀបចំ​ចូល​រួម​ពិព័រណ៍​ចិន​-​អាស៊ាន​ចំនួន​១៩លើក ​រួច​មក​ហើយ កាល​ពី​ពេល​កន្លង​ទៅ ក្រសួង​ពាណិជ្ជ​កម្ម ​រួម​សហ​ការ​ជា​មួយ​គណៈ​កម្មការ​រៀប​ចំ​ពិព័​រណ៍​ចិន​-​អាស៊ាន​ នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ពាណិជ្ជ​កម្ម​ទៅ​រៀបចំ ចូល​រួម​ដោយ​ផ្ទាល់​ ពិព័រណ៍​ចិន​-​អាស៊ាន​ លើក​ទី​២០«​The 20th China-ASEAN Expo»​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​១៦-២០ ​ខែ​កញ្ញា ឆ្នាំ​២០២៣ ​នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ និង​ពិព័​រណ៍​អន្តរ​ជាតិ នាទី​ក្រុង​ណាន​នីង ​តំបន់​ស្វយ័ត​ក្វាង​ស៊ី សា​ធារណ​រដ្ឋ​ប្រជា​មា​និត​ចិន​។​

​ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា​ ពិព័រណ៍​ចិន​-​អាស៊ាន​ជា​វេទិកា​នៃ​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជ​កម្ម​និង​វិនិយោគ​ដ៏​សំខាន់​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​ អាស៊ាន​ និង​ប្រទេស​ចិន​។ ការ​រៀប​ចំ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​ ក្នុង​ឆ្នាំ​២០២៣ គឺ​ស្រប​ពេល​នៃ​ការបើក​ដំណើរ​ការ​ឡើង​វិញ​នូវ​សង្គម​-​សេដ្ឋកិច្ច របស់​ប្រទេស​ចិន និង​ជា​ឆ្នាំ​គម្រប់​ខួប​អនុស្សា​វរីយ៍​លើក​ទី​២០នៃ​ភាព​ជា​ដៃគូ​យុទ្ធ​សា​ស្តគ្រប់​ជ្រុង​ជ្រោយ​រវាង​ចិន​-អា​ស៊ាន​ និង​ជា​ខួប​គម្រប់​២០​ឆ្នាំ នៃ​ការ​បង្កើត​ពិព័រ​ណ៍​ចិន​-​អាស៊ាន​។​

​លោក ​ប៉ែន សុ​វិជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ពុជា​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២ ​ខែមេសា​ថា ដើម្បី​ស្ដារនិង​ជំរុញ​សកម្ម​ភាព​ពាណិជ្ជ​កម្ម និង​វិនិយោគ​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩ ក្រសួង​ពាណិជ្ជ​កម្ម ​ក្នុង​នាម​ដៃគូ​សហ​ការ​រៀបចំបាន​អញ្ជើញ​ធុរ​ជន ​សហ​គ្រិន វិនិយោ​គិន និង​ផលិត​ករ​កម្ពុជា​ដែល​មាន​បំណង​ត​ភ្ជាប់​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ឡើង​វិញ​ជាមួយ​ពាណិ​ជ្ជករ​ចិន ​និង​អាស៊ាន​ ក្នុង​ការរួម​ពិព័រណ៍​ចិន​-​អាស៊ាន ​លើក​ទី​២០​ ដើម្បី​ជំរុញ​ការ​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជ​កម្ម​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​របស់​កម្ពុជា​។​

​លោក​បាន​ឱ្យ​ដឹង​ទៀតថា គណៈក​ម្មការ​រៀបចំ​ពិព័រណ៍​បាន​អញ្ជើញ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអ​ស់​រួមទាំង​កម្ពុជា រៀបចំ​ដឹក​នាំ​ប្រតិភូ​ពាណិជ្ជ​កម្ម​ដែល​រួម​មាន អ្នក​តាំង​ពិព័រណ៍ អ្ន​កទ​ស្សនា​ពិព័រណ៍​ ដើម្បី​ជួប​ដៃគូ​ពាណិជ្ជ​កម្ម ទៅ​ចូលរួម​ដោយ​ផ្ទាល់ និង​ចូល​រួម​ក្នុង​កម្មវិធី​សំខាន់ៗ​ ដូច​ជា វេទិកា​ធុរ​កិច្ច វិនិ​យោគ​ ទេស​ចរណ៍​កម្ពុជា​-​ចិន និង​វេទិកា​ធុរ​កិច្ច​និង​វិនិយោគ​ចិន​-​អាស៊ាន​ ជា​ដើម​។​

​លោក​ប៉ែន សុ​វិជាតិ បាន​បញ្ជាក់​ថា​៖«​កម្ពុជា មាន​ទំនាក់​ទំនង​យ៉ាង​ល្អ ទាំង​ផ្នែក​នយោ​បាយ និង​សេដ្ឋ​កិច្ច ជាមួយ​ប្រទេស​ចិន ជាពិសេស​ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​និង​ចិន ខណៈ​ដែល​កម្ពុជាក៏​ជា​សមា​ជិក​អាស៊ាន​ដែរ​។ ដូច​នេះ ​ពិព័រណ៍​នេះ នឹង​បង្កើន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​ រវាង​វិស័យ​ឯកជន​និង​វិស័យ​ឯក​ជន​ ដែល​ពាណិជ្ជ​ករ ​ក៏ដូច​ជា​ធុរជន​ យើង​មិន​គួរ​មើល​រំលង​»​។​

​ចំណែក​លោកស្រី​ កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លីក៏បាន​ប្រាប់​ដែរ​ថា ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​២០ ដែល​នឹង​ប្រព្រឹត្ត ទៅ​នៅ​ខែ​កញ្ញា គឺជា​ឱកាស​សម្រាប់​សហ​គ្រិន ធ​រុជននៅ​កម្ពុជា​ ទាំង​ពង្រីក​សក្តានុ​ពល​ទីផ្សារ​ផលិត​ផល​ទៅកាន់​បណ្តា​ប្រទេស​ដទៃទៀត ​ទាំង​ក្នុង​តំបន់​អា​ស៊ាន​ ជា​ពិសេស​ទីផ្សារ​ប្រទេស​ចិន​។​

​លោកស្រី​បាន​ថ្លែងថា​៖«​ព្រឹ​ត្ត​ការណ៍​ពិព័រ​ណ៍​នានា តែង​តែ​បង្កើត​ឱកាស​ឱ្យ​អ្នក​វិនិយោគ​មកពី​បណ្តា​នានាក្នុ​ងការ​ពង្រីក​ដៃគូ​ស​ហ​ការ និង​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល និង​សេវា ដែល​ខ្លួន​មាន​។​វិស័យ​ឯកជន តែងតែ​រីករា​យ​សហការ​ជាមួយ​រដ្ឋាភិ​បាល​ដោយ​ធ្វើយ៉ាង​ណា ជំរុញ​ការ​សហ​ការ​រវាង​ឯក​ជន ​និង​ឯក​ជន ស្រប​តាម​គោល​នយោ​បាយ​របស់​រដ្ឋ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិ​ច្ច​»​។​

​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ថា ការធ្វើ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា​ជា​មួយ​នឹង​បណ្តា​ប្រទេស​នៅ​អា​ស៊ាន ក្នុង​ឆ្នាំ​២០២២ មាន​ទឹក​ប្រាក់​សរុប​ជាង​១៦​ពាន់​លាន​ដុល្លារ​ កើន​ឡើង​តិច​តួច​ បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ២០២១ ​ដោយ​ចំនួន​នេះ គឺ​ស្មើ​នឹង​ជិត​១/៣​នៃ​ទំហំ​ពាណិជ្ជ​កម្ម​អន្តរជា​តិ​កម្ពុជា​។​ ដោយ​ឡែក​ទំហំ​ពាណិជ្ជ​កម្មរវាង​កម្ពុជា និង​ចិន ចាប់ពី​ខែ​មករា ដល់​ខែកុម្ភៈ ឆ្នាំ​២០២៣ ​សម្រេច​បាន​ជាង​ ១ ៧០០​លាន​ដុល្លារ ​ថយ​ចុះ​ជាង​១៥​ភាគ​រយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​៕