​ភ្នំពេញៈ វិនិយោគិន​កូរ៉េ មកពី​ទីក្រុង​ឈុន​ឈ័​ង បាន​ចំណាប់អារម្មណ៍​ចំពោះ​សក្តានុពល​នៃ​ឱកាស​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​មាន​គម្រោង​រៀបចំ​ឱ្យមាន​ជំនួប​ពាណិជ្ជកម្ម​រវាង​ធុរជន​នៃ​ប្រទេស​ទាំង​២ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​២ កាលពី​ឆ្នាំ​២០២២ សម្រេចបាន​ជិត ៧៧៩ ​លាន​ដុល្លារ កើនឡើង​តិចតួច ធៀប​នឹង​ឆ្នាំ​២០២១​។​

​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​សភាពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េង​តិច អគ្គនាយក​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​កូរ៉េ ដឹកនាំ​ដោយ លោក Go Kwangman ប្រធានសភា​ពាណិជ្ជកម្ម​ទីក្រុង​ឈុន​ឈ័ន ប្រទេស​កូរ៉េ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ CCC ឱ្យដឹងថា ជំនួប​ពិភាក្សា​នេះ​ ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​សភាពាណិជ្ជកម្ម​ទាំង​២ និង​សិក្សា​លទ្ធ​ភាពចុះ​អនុស្សរណៈ​នាពេល​អនាគត​។ គណៈប្រតិភូ​ធុរកិច្ច​ទីក្រុង​ឈុន​ឈ័​ង ដែល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ មាននៅ​ក្នុង​វិស័យ​វិស្វកម្ម និង​សំណង់ បណ្តុះបណ្តាល​វិជ្ជាជីវៈ អប់រំ និង​វប្បធម៌ និង​ទេសចរណ៍​។​

​ក្នុងឱកាស​នោះ​ភាគី​ទាំង​២ ក៏បាន​ពិភាក្សាគ្នា​អំពី​ការជំរុញ​ពាណិជ្ជកម្ម​ផលិតផល​សំខាន់ៗ ​របស់​តំបន់​ឈុន​ឈ័​ង និង​ផលិតផល​សក្តានុពល​ក​ម្ពុ​ជា តាមរយៈ​ការផ្សព្វផ្សាយ និង​ការតាំង​ផលិតផល​នៅ​ប្រទេស​ទាំង​២ ព្រមទាំង​រៀបចំ​ព្រឹត្តិការណ៍​ជំនួប​ពាណិជ្ជកម្ម​រវាង​ធុរជន​ប្រទេស​ទាំង​២​។ ភាគី​ទាំង​២ នឹង​បន្ត​សិក្សា​លម្អិត​ទៅលើ​គម្រោង​សហការ​នាពេល​អនាគត​។ នេះ​បើ​យោងតាម CCC​។​

​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ក្នុង​ឆ្នាំ​២០២២ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ មាន​ទឹកប្រាក់​សរុប ៧៧៨,៩២៤​ លាន​ដុល្លារ កើនឡើង ០,៦ ​ភាគរយ​បើ​ធៀប​ឆ្នាំ​២០២១ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កូរ៉េ មាន​ទឹកប្រាក់ ២៣៣,៦៣៨​ លាន​ដុល្លារ កើន ២០,៤​ ភាគរយ និង​ទំនិញ​ពី​កូរ៉េ មក​កម្ពុជា មាន ៥៤៥,២៨៦​លាន​ដុល្លារ ធ្លាក់ចុះ ៦​ភាគរយ​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​២ ខែមេសា ថា ទំនាក់ទំនង​ល្អ​ផ្នែក​ការទូត​បានធ្វើឱ្យ​សកម្មភាព​នៃ​ការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-​កូរ៉េ កើន​ឡើងជា​បន្តបន្ទាប់ ខណៈ​ប្រទេស​ទាំង​២ ក៏មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​(CKFTA) ដែល​ចូល​ជា​ធរមាន​ហើយ​ផងដែរ​។ ការកើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា នឹង​ជួយ​ធ្វើឱ្យ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ រួមទាំង​ប្រទេស​កូរ៉េ កើនឡើង​ខ្ពស់ ​ដែល​កំណើន​សេដ្ឋកិច្ចពិភពលោក​មាន​ភាពល្អ​ប្រសើរឡើង​វិញ​។​

​លោក​បន្ថែមថា ក្រៅពី​ការ​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម​ជាមួយគ្នា ប្រទេស​កូរ៉េ​ក៏បាន​បើកទទួល​ប្រជាជន​កម្ពុជា​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​របស់ខ្លួន​ផងដែរ​។​ លោក​ថ្លែងថា​៖«​កូរ៉េ គឺជា​ទីផ្សារ​នាំចេញ​សំខាន់​មួយ​របស់​កម្ពុជា ដោយមាន​ផលិតផល​ចម្រុះ​ជាច្រើន​ត្រូវបាន​នាំទៅ​ទីនោះ​។ បច្ចុប្បន្ន​ក្រៅពី​ផលិតផល​វាយ​ន​ភណ្ឌ ការនាំចេញ​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ទៅ​កូរ៉េ ក៏មាន​បរិមាណ​កាន់តែ​ច្រើន​ផងដែរ​»​។​

​ព្រឹត្តិបត្រ​ពាណិជ្ជកម្ម​ (iTrade Bulletin) ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ (TTRI) នៃ​ក្រសួងពាណិជ្ជកម្ម សម្រាប់​ខែមីនា ឆ្នាំ​២០២៣ បាន​បង្ហាញថា សាធារណរដ្ឋ​កូរ៉េ បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​១៤ របស់​កម្ពុជា នៅក្នុង​ឆ្នាំ​២០២២​។ ការវិនិយោគ​ផ្ទាល់​របស់​កូរ៉េ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២១ ស្ថិតនៅ​លេខ​៣ ដោយមាន​ទឹកប្រាក់ ២៨៣,៥ ​លាន​ដុល្លារ​។​

​ផលិតផល​កម្ពុជា​នាំចេញ​ទៅ​កូរ៉េ ក្នុង​ឆ្នាំ​២០២២ ភាគច្រើន​គឺជា ស្បែកជើង ស្រោមជើង និង​វត្ថុ​ប្រហាក់ប្រហែល​, សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ធ្វើ​ពី​ក្រណាត់​ចាក់​, ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​, និង​អាលុយមីញ៉ូម និង​វត្ថុ​ធ្វើ​ពី​អាលុយមីញ៉ូម ជាដើម​។ ចំណែក​ទំនិញ​នាំ​ពី​កូរ៉េ មានដូចជា យានយន្ត ភេសជ្ជៈ​ស្រា និង​ទឹកខ្មេះ​, ស្បែក​ឆៅ​, ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី និង​ផលិតផល​បាន​ពី​ការចាក់​ដោយ​ម្ជុល​។​

​យោងតាម iTrade Bulletin សម្រាប់​ច្រក​ទីផ្សារ​កូរ៉េ កម្ពុជា​ទទួលបាន​អត្រាពន្ធ​អនុគ្រោះ​សម្រាប់​ការនាំចេញ​ទៅកាន់​កូរ៉េ ក្រោម​ក្របខ័ណ្ឌ​ចំនួន​៣ រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ (CKFTA) កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​( RCEP) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​កូរ៉េ (AKFTA)៕