
ខេត្តបន្ទាយមានជ័យទទួលស្វាគមន៍វត្តមាននៃសាខាថ្មីធនាគារវីង ខណៈពេលធនាគារមួយនេះ កំពុងតែពង្រីកការផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនខ្មែរគ្រប់រូប បានពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀតក្នុងទឹកដីខេត្តបន្ទាយមានជ័យ។
ព្រឹត្តិការណ៍នៃការបើកសម្ពោធសាខាថ្មីនេះ គឺជាដំណើរនៃការវិវឌ្ឍគួរឲ្យកត់សម្គាល់សម្រាប់ធនាគារ វីង ក្នុងការបន្តផ្តល់សេវាកម្មធនាគារឌីជីថល ប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ ទៅដល់ពលរដ្ឋកម្ពុជាគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ទីតាំងរបស់ធនាគារ វីង សាខាខេត្តបន្ទាយមានជ័យ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ព្រះពន្លា នាក្រុងសិរីសោភ័ណ។
ពិធីសម្ពោធនេះ ត្រូវបានរៀបចំធ្វើឡើងដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលនិងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជានិង ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ការដាក់ឲ្យដំណើរការសាខាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ វីង ដើម្បីបម្រើសេវាកម្មជូនដល់ប្រជាពលរដ្ឋគ្រប់រូប មិនថានៅទីណាក៏អាចទទួលបាននូវសេវាកម្មរបស់ធនាគារ វីង ដែលនឹងផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទឆ្លើយតបទៅនឹងតម្រូវការរបស់រូបវន្តបុគ្គល និងម្ចាស់អាជីវកម្ម។
លោក ហាន ប៉េងក្វាង អគ្គនាយក ធនាគារ វីង បានបង្ហាញពីមោទកភាពចំពោះការបើកសម្ពោធសាខាថ្មីក្នុងខេត្តបន្ទាយមានជ័យនេះ។
លោក ហាន ប៉េងក្វាង បានថ្លែងថា៖ «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបើកដំណើរការសាខាថ្មីរបស់យើងនៅក្នុងខេត្តបន្ទាយមានជ័យ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ធនាគារវីង ហើយយើងមានកិត្តិយសដោយបាននាំយកនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុកម្រិតខ្ពស់របស់យើងជូនដល់ប្រជាជនបានកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា។ ចក្ខុវិស័យរបស់ធនាគារ វីង គឺធ្វើយ៉ាងណាដើម្បីបើកលទ្ធភាពដល់ពលរដ្ឋគ្រប់រូបទទួលបាននូវសេវាកម្មធនាគារដែលស្របតាមពាក្យស្លោកថា ''ធនាគារសម្រាប់ប្រជាជនកម្ពុជា''»។
វត្តមានរបស់ធនាគារ វីង គឺមានគោលដៅដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមផ្នែកសេវាកម្មហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា មិនថារស់នៅតាមតំបន់ប្រជុំជន និងនៅតាមតំបន់ជនបទនោះឡើយ។ ធនាគារ វីងជឿជាក់ថា ការផ្តល់លទ្ធភាពឲ្យប្រជាជនគ្រប់រូបទទួលបាននូវសេវាកម្មហិរញ្ញវត្ថុ នោះនឹងមានផលជាវិជ្ជមានយ៉ាងធំធេង ចំពោះជីវភាពរស់នៅរបស់ពួកគាត់។
ហើយជាមួយនឹងការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង មានគោលបំណងរួមចំណែកដល់ការបិតគម្លាតផ្នែកហិរញ្ញវត្ថុតាមរយៈការផ្តល់នូវឧបករណ៍ច្ចេកវិទ្យាឌីជីថល ដែលងាយស្រួលប្រើប្រាស់តួរយ៉ាងគឺកម្មវិធី Wing Bank App ដែលប្រើប្រាស់បាន ២៤ ម៉ោង ក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងសប្តាហ៍ នៅគ្រប់ទីកន្លែង គ្រប់ពេលវេលាទាំងអស់។

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ «យើងចង់ជួយដល់អតិថិជនរបស់យើង ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ហើយសាខាថ្មីនេះបានបង្ហាញពីការបេ្តជ្ញាចិត្តរបស់យើងដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា»។
ធនាគារ វីង ប្តេជ្ញាចិត្តជួយដល់ប្រជាជនខ្មែរគ្រប់រូប ទទួលបានសេវាកម្មធនាគារ ហើយ បានចាត់ទុកបច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាចំណុចស្នូល ដើម្បីជំរុញការប្រើប្រាស់សេវាកម្មធនាគារឲ្យបានកាន់តែទូលំទូលាយ។ តួយ៉ាងកម្មវីធី Wing Bank App ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតដល់អតិថិជនអាចប្រើប្រាស់គណនីយធនាគាររបស់ពួកគេ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក-ភ្លើង និងធ្វើប្រតិបត្តិការជាច្រើនទៀត បានយ៉ាងងាយស្រួលដោយមិនបាច់ចាកចេញពីផ្ទះ។
ជាមួយនឹងចំនួនអ្នកប្រើប្រាស់កម្មវិធី Wing Bank App កើនឡើងដល់ជាង ១ លាននាក់ ហើយភ្នាក់ងារ វីង មានរហូតដល់ទៅជាង ១១.០០០ កន្លែង បានធ្វើឲ្យធនាគារ វីង ក្លាយជាអ្នកផ្តល់សេវាទូទាត់តាមប្រព័ន្ធឌីជីថលនាំមុខគេនៅកម្ពុជា។
ធនាគារ វីង បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស គឺត្រឹមរយៈពេលជិត ២ ឆ្នាំ គិតចាប់តាំងពីធនាគារនេះ បានចាប់ផ្តើមប្រតិបត្តិការជាធនាគារពាណិជ្ជ ដែលរហូតមកដល់បច្ចុប្បន្ន ដោយបានពង្រីកដល់ទៅ ១៥ ទីតាំងដែលសុទ្ធតែជាទីតាំងយុទ្ធសាស្រ្ត នៅក្នុងប្រទេសកម្ពុជា ដោយមានវត្តមានទូទាំង រាជធានីភ្នំពេញ ហើយក៏បានពង្រីកខ្លួនទៅដល់ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។

សាខាខេត្តបន្ទាយមានជ័យរបស់ធនាគារ វីង គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀត ដែលជាមោទកភាពធនាគារក្នុងស្រុក បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ហើយផ្តល់ផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដែលនេះជាគំរូដ៏សំខាន់មួយក្នុងចំណោមប្រព័ន្ធធនាគារនៅកម្ពុជា។
ដោយទទួលបានប្រាក់បញ្ញើជាងកន្លះពាន់លានដុល្លារអាមេរិក ធនាគារ វីង កំពុងវិវឌ្ឍខ្លួនជាស្ថាប័ននាំមុខគេក្នុងវិស័យធនាគារនៅកម្ពុជាដែលមានអត្រាការប្រាក់ ប្រាក់បញ្ញើដ៏គួរឲ្យទាក់ទាញ និងសេវាកម្មកម្ចីឌីជីថលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ បានជួយឲ្យធនាគារ វីង ទទួលបានទំនុកចិត្តកាន់តែច្រើនពីអតិថិជននៅទូទាំងប្រទេសកម្ពុជា។
ធនាគារ វីង ប្តេជ្ញាចូលរួមចំណែកជួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចម្រើន ដោយធ្វើឲ្យប្រាកដថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើងអាចទទួលបានសេវាហិរញ្ញវត្ថុ ដែលជាការរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា៕
ធនាគារ វីង ធនាគារសម្រាប់ប្រជាជនកម្ពុជា!