
វិភាគដោយ៖ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី

តម្លៃមាស ឡើងខ្ពស់ជិតដល់តម្លៃជួញដូរពេលថ្ងៃត្រង់នៅថ្ងៃចន្ទ។ តម្លៃមាសកំពុងទទួលបានការជំរុញពីការធ្លាក់ចុះនៃរបាយការណ៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក តម្លៃប្រេងឆៅខ្ពស់ខ្លាំង សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកទាប និងការធ្លាក់ចុះទិន្នផលរតនាគាររបស់សហរដ្ឋអាមេរិក។ តម្លៃមាសបានកើន ឡើង ២១ ដុល្លារ ធ្វើឱ្យមាសមានតម្លៃ ១ ៩៩០ ដុល្លារ (ក្នុង ១ អោនស៍)។
ក្រៅពីការកាត់បន្ថយផលិតកម្មប្រេងឆៅរបស់អង្គការ OPEC+ មកត្រឹមតែ ១ លាន បារ៉ែលក្នុង ១ ថ្ងៃ ដែលជាចំណុចក្តៅនៃទីផ្សារដើម្បីចាប់ផ្តើមសប្តាហ៍ជួញដូររបាយការណ៍ផលិតកម្ម ISM ខែមីនា របស់សហរដ្ឋអាមេរិក ក៏បានបង្ហាញពីសកម្មភាពធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែឧសភា ឆ្នាំ ២០២០។
ក្នុងក្រាហ្វតម្លៃជួញដូរវិញ វាបង្ហាញ «រាងត្រីកោណ» ដែលត្រូវបានផ្សំឡើងដោយបន្ទាត់និន្នាការឡើងចុះ ដែលដើរតួជាកម្រិតតម្លៃទាប ១ ៩០០ដុល្លារ និងកម្រិតតម្លៃខ្ពស់ ២ ០១០ដុល្លារ។
តាមលក្ខណៈបច្ចេកទេស មាសមានទំនោរកើនឡើងក្នុងរយៈពេលខ្លី ជាមួយទិសដៅកើនឡើងនៃតម្លៃប្រចាំថ្ងៃ។ គោលដៅបន្ទាប់សម្រាប់អ្នកទិញមាសគឺការកើនឡើងដល់កម្រិតខ្ពស់ក្នុងខែមីនា ក្នុងតម្លៃ ២ ០១៤ ដុល្លារ ស្របពេលអ្នកលក់ចង់ឱ្យមានកម្រិតតម្លៃទាប ១ ៩០០ ដុល្លារ។
សម្រាប់ការវិភាគជួញដូរក្នុងសប្តាហ៍នេះ កម្រិតតម្លៃខ្ពស់របស់មាសទី១ គឺ ២ ០០០ ដុល្លារ និងទី២ គឺ ២ ០១៤ ដុល្លារ។ សម្រាប់កម្រិតតម្លៃទាបវិញ ទី១ គឺ ១ ៩៧៥ ដុល្លារ និងទី២ គឺ ១ ៩៥០ ដុល្លារ៕
