​ភ្នំពេញៈ​ ហ្គោល​ដេ​ន ទ្រី (Golden Tree) ​ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​សញ្ញា​បណ្ណ​បៃតង​ដំបូង​គេ ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​រាយការណ៍​ពី​ដំណើរការ​អាជីវកម្ម​ដ៏​ល្អ​កាលពី​ឆ្នាំមុន ​ចំពេល​មាន​ភាព​តាន​តឹង​​ផ្នែក​សេដ្ឋកិច្ច​ ដែល​បណ្តាលមកពី​ការអូសបន្លាយ​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ក្រុមហ៊ុន Golden Tree Co Ltd (GT) នៅ​ថ្ងៃទី​១៩​ខែមករា បាន​ចុះបញ្ជី «​សញ្ញា​បណ្ណ​បៃតង​» លើកដំបូង​នៅលើ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) ដោយ​ប្រមូល​មូលនិធិ​បាន​ចំនួន ​៦,០៧២១ ពាន់​លាន​រៀល (១,៤៦​ លាន​ដុល្លារ​) ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។​

​យោងតាម​ឯកសារ​របស់​ក្រុមហ៊ុន ​GT ផ្ញើ​ទៅ CSX នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ អត្រា​កាន់កាប់​ជា​មធ្យម​របស់​ក្រុមហ៊ុន​មាន​ចំនួន ៨៣ ​ភាគរយ ​បើ​ប្រៀបធៀប​ទៅនឹង​ឧស្សាហកម្ម​ចំនួន ៧២ ​ភាគរយ ខណៈដែល​ក្រុមហ៊ុន​​បាន​រក្សា​ប្រាក់ចំណេញ​មុនពេល​បង់​ការប្រាក់ ការបង់ពន្ធ និង​ការសង​បំណុល ​( EBITA)​ របស់ខ្លួន​លើសពី ​៧០ ភាគរយ​ ខណៈពេលដែល​ទទួលយក​គំនិត​ផ្តួចផ្តើម​ជាច្រើន ​ដើម្បី​រក្សា​អត្ថប្រយោជន៍​ប្រកួតប្រជែង​របស់​ពួកគេ​។​

​លោក ហុង អ៊ុយ អភិបាល​ប្រតិបត្តិការ ក្រុមហ៊ុន Golden Tree Co.,Ltd ​បានឱ្យដឹងថា នៅក្នុង​ឯកសារ​នោះ​ថា ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ ក្រុមហ៊ុន ហ្គោល​ដេ​ន ទ្រី បាន​ពង្រឹង​នូវ​អភិបាលកិច្ច​សាជីវកម្ម និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដើម្បី​បង្កើនបាន​នូវ​កំណើន​ប្រកបដោយ​និរន្តរភាព និង​ដើម្បី​បង្កើន​ទំនុកចិត្ត​ជាមួយ​វិនិយោគិន​សាធារណៈ​ឱ្យបាន​ប្រសើរឡើង​។​

​លោក​ថ្លែងថា​៖ «​យើង​ចាប់ផ្ដើម​ផ្ដោតលើ​និរន្តរភាព ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។ អគារ​បៃតង និង​ធ្វើឱ្យមាន​លំហូរ​ខ្យល់​គ្រប់គ្រាន់ និង​ផាសុកភាព​សម្រាប់​អតិថិជន ដែល​បាន​ជួល​អគារ​របស់​យើង​ទាំងអស់ ដែលជា​ផ្នែក​សំខាន់​មួយ​ដែល​អតិថិជន​ត្រូវការ​បំផុត​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីដ​១៩»​។ លោក​បន្តថា​៖ «​ការផ្តោត​ទៅលើ​និរន្តរភាព​បរិស្ថាន ធ្វើឱ្យ​យើង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត ដែល​មិនបាន​គ្រោងទុក ហើយ​វា​បានផ្ដល់​ផល​វិជ្ជមាន​ច្រើន​មក​យើង​។

យើង​កំពុង​បន្តដំណើរ​ឆ្ពោះទៅរក​និរន្តរភាព ដោយ​រួមបញ្ចូល​យុទ្ធសាស្ដ្រ​ហិរញ្ញប្បទាន​និរន្តរភាព​។ យើង​បាន​បោះផ្សាយ​មូល​ប​ត្រ​បំណុល​បៃតង ជា​សាធារណៈ ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​១៩ ខែមករា​ឆ្នាំ​២០២៣»​។​

​លោក គុយ វ៉ាត ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Golden Tree​ ក៏បាន​ថ្លែង ​នៅក្នុង​ឯកសារ​នោះ​ថា ឆ្នាំ​២០២២ គឺជា​ឆ្នាំ ​ដែល​គួរឱ្យកត់សម្គាល់​មួយ​សម្រាប់​ក្រុមហ៊ុន Golden Tree ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​សំខាន់ៗ​​មួយចំនួន ដូចជា ខែមីនា​ឆ្នាំ​២០២២ អគារ​ពាណិជ្ជកម្ម​រប​ស់​យើង វី​ត្រាស់​ថៅ​វើ បានទទួល​វិញ្ញាបនបត្រ EDGE ​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ជា​អគារ​បៃតង​។

ខែតុលា ឆ្នាំ​២០២២ មូល​ប​ត្រ​បំណុល​បៃតង​ដំបូង​គេ​ ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​របស់​ក្រុមហ៊ុន ហ្គោល​ដេ​ន ទ្រី ត្រូវបាន​អនុម័ត​ដោយ​និយតករ​មូល​ប​ត្រ​កម្ពុជា (​ន​មក​) និង​ចុះបញ្ជី​នៅ​ថ្ងៃទី​១៩ ខែមករា​ឆ្នាំ​២០២៣ ហើយ​នៅ​ខែធ្នូ ឆ្នាំ​២០២២ យើង​បាន​ពង្រីក​អាជីវកម្ម​ទៅក្នុង​វិស័យ​អា​ផាត​មិន​សេវាកម្ម ដោយបាន​ទិញ​អគារ អម​រ៉ា រេ​ស៊ី​ដេ​ន​។​

​លោក​លើកឡើងថា​៖ «​ក្នុងឆ្នាំនេះ ​យើង​បានសម្រេច​សមិទ្ធផល​ជាច្រើន បើទោះជា​សេដ្ឋកិច្ ច​នៅ​កម្ពុជា​ ទើបតែ​ចាប់ផ្ដើម​ប្រសើរ​ឡើងវិញ​ក៏ដោយ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​ក៏បាន​ត្រៀមខ្លួន​រួម​ជាស្រេច ដើម្បី​ចាប់យក​ឱកាស​ថ្មីៗនៅក្រោយ​ពេល ដែល​ស្ថានភាព​សេដ្ឋកិច្ច​ត្រឡប់មក​ដំណើរការ​ល្អប្រសើរ​ឡើង​វិញ​។ ម្យ៉ាងវិញទៀត យើង​តែងតែ​ប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​ហានិភ័យ​សេដ្ឋកិច្ច​ ដែល​អាច​នឹង​កើតឡើង​គ្រប់ពេលវេលា​។ បច្ចុប្បន្ននេះ​អតិ​ផរ​ណា​​ខ្ពស់ អត្រា​ការប្រាក់​ខ្ពស់ និង​លំហូរ​នៃ​ការផ្គត់ផ្គង់​ការិយាល័យ​ថ្មី​បន្ថែមទៀត អាច​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​លើ​អត្រា​ជួល និង​ហិរញ្ញប្បទាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​»​។​

​លោក​បញ្ជាក់ថា​៖ «​ទោះបី​ជាមាន​បញ្ហា​ប្រឈម​ទាំងនោះ​ក៏ដោយ​ក៏​វា​បាន​បង្កើតឱ្យមាន​ឱកាស​សម្រាប់​អ្នក​ដែល​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បំប្លែង​បញ្ហា​ឱ្យទៅជា​កាលានុវត្តន៍​ភាព​ថ្មីៗ​។ យើង​បានកំណត់​ផែនការ​ធុរកិច្ច យុទ្ធសាស្ដ្រ និង​គោលនយោបាយ​របស់​យើង ឱ្យមាន​ភាព​អាច​បត់បែន​បាន និង​សម្រប​ទៅគ្រប់​ស្ថានការណ៍ ដើម្បី​ធានាបាន​នូវ​ការរីកលូតលាស់​ជា​ចីរភាព​។ យើង​មាន​ទំនុកចិត្ត​ថា ឆ្នាំ​២០២៣ នឹង​នាំមក​នូវ​ភាពជោគជ័យ​បន្ថែមទៀត​»​។​

​យោងតាម​របាយការណ៍​ពី​ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ខុន​ដូ​ថ្មី​ប្រមាណ​ ១៥០០ ​យូ​នី​ត និង​វីឡា​ថ្មី​ចំនួន​ ២០០ ​ត្រូវបាន​គេ​រំពឹងថា​ នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​ស្ពាន​ដែល​រំពឹងទុក​ខ្លាំង​បំផុត ដែល​ត​ភ្ជាប់​​កោះ​ពេជ្រ​ទៅ​កោះនរា ​ទំហំ ១២៥ ​ហិកតា គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣​។​

​ការដាក់ឱ្យ​ដំណើរការ​នៃ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​ថ្មី​ចំនួន​ ៩​ នៅ​ឆ្នាំ​២០២២​ បានធ្វើឱ្យ​ផ្ទៃក្រឡា​លក់រាយ​សរុប​នៅក្នុង​រាជធានី​ភ្នំពេញ ​កើនឡើង​ដល់​ជាង ​៦១៣ ០០០ ​ម៉ែត្រការ៉េ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។​

​អគារ​ថ្មីៗ​ បាន​បន្ថែម​ផ្ទៃក្រឡា​លក់រាយ​ជាង​ ២០០ ០០០ ​ម៉ែត្រការ៉េ​ នៅក្នុង​រាជធានី​ភ្នំពេញ កើនឡើង ១៧៩ ​ភាគរយ ​ធៀប​នឹង​គម្រោង​ចំនួន ៧​ ដែលមាន​ផ្ទៃក្រឡា​សរុប​ជាង ​៧៣ ០០០ ​ម៉ែត្រការ៉េ ដែល​បានបញ្ចប់ និង​ដាក់​លក់​នៅលើ​ទីផ្សារ​ក្នុង​ឆ្នាំ​២០១៩៕