ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​អត្រា ៥,៥​ ភាគរយ​នៅ​ឆ្នាំនេះ​​ ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​ដ៏​រឹងមាំ​នៃ​វិស័យ​ទេសចរណ៍ និង​កំណើន​កាន់​តែ​ខ្ពស់​ក្នុង​វិស័យ​សេវាកម្ម​។​

​បើតាម​ «​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី ​(ADO) ២០២៣» របស់ ADB ដែល​ចេញផ្សាយ​នៅក្នុង​ថ្ងៃទី​ ៤ ខែមេសា ការ​ព្យាករ​នេះ​គឺ​ស្រដៀង​នឹង​មន្ត្រី​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ធ្វើឡើង​កាលពីដើមឆ្នាំ ប៉ុន្តែ​របាយការណ៍​ដែល​ទើប​ចេញផ្សាយ​ថ្មី​របស់​ធនាគារ​ពិភព​លោក​មាន​ចំនួន​ទាប​ជាង​នេះ​បន្តិច​។​

​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​កើន​ក្នុង​អត្រា ៥,៥ ​ភាគរយ​នៅ​ឆ្នាំ ​២០២៣ ​នេះ ដែល​បាន​ពី​ការរួម​ចំណែក​យ៉ាងខ្លាំង​ពី​វិស័យ​ទេសចរណ៍​ដែល​រំពឹងថា​នឹងមាន​កំណើន ៧,៣ ​ភាគរយ ទិន្នផល​ឧស្សាហកម្ម ធ្លាក់​ចុះមក​នៅត្រឹម ៥,៨​ភាគរយ​នៅ​ឆ្នាំនេះ​បើ​ធៀប​នឹង​ជាង​ ៨,៣​ ភាគរយ​កាលពី​ឆ្នាំ​ ២០២២​។ ទន្ទឹមនឹងនេះ​កំណើន​នៅក្នុង​វិស័យ​សំណង់​ត្រូវគេ​រំពឹងថា នឹង​នៅតែ​យឺត ខណៈ​វិស័យ​កសិកម្ម​ត្រូវបាន​ព្យា​ករ​ថា នឹង​កើន ១,១​ ភាគរយ​។​

​របាយការណ៍​របស់ ADB បានឱ្យដឹងថា ទិន្នផល​ឧស្សាហកម្ម​ត្រូវបាន​រំពឹងថា​នឹង​កើន ៥,៨​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ មុននឹង​ហក់​ឡើងដល់ ៧,៨ ​ភាគរយ​នៅ​ឆ្នាំ ​២០២៤​។ កំណើន​វិស័យ​សំណង់​ត្រូវ​រំពឹងថា នឹង​នៅតែ​យឺត ចំណែកឯ​វិស័យ​កសិកម្ម​ត្រូវ​ព្យាករ​ថា នឹង​កើន ១,១​ ភាគរយ​នៅ​ឆ្នាំនេះ និង​ ១,២​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២៤ ដែល​ជំរុញ​ដោយ​ទិន្នផល​សម្រាប់​ការនាំចេញ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ការចេញផ្សាយ​របស់ ADO លោក ​Poullang Doung មន្ត្រី​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់ ADB ទទួលបន្ទុក​បេ​សក​កម្ម​នៅ​កម្ពុជា បានឱ្យដឹងថា ការ​បើក​ដំណើរការ​ឡើងវិញ​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន នឹង​ជំរុញឱ្យមាន​តម្រូវការ និង​កំណើន​ក្នុង​វិស័យ​សំ​ណង់​ដែល​យឺតយ៉ាវ​នៅ​កម្ពុជា​។​

​លោក Poullang ក៏បាន​លើកឡើង​ពី​ព្រឹត្តិការណ៍​ធំៗ​ចំនួន ២ គឺ​ស៊ី​ហ្គេម​លើក​ទី​ ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ​១២ ដែល​ប្រព្រឹត្ត​ទៅក្នុង​ខែឧសភា និង​ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា ដែល​នឹង​ជំរុញឱ្យមាន​ការ​ប្រើប្រាស់​ច្រើន​នៅ​កម្ពុជា​។​

​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​ (ADO) ២០២៣ ឱ្យដឹងទៀតថា សម្ពាធ​អតិ​​ផ​រណា​ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់​ចុះមក​អត្រា​ជា​មធ្យម ៣,០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ និង ៤,០​ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២៤​។​

​លោកស្រី Jyotsana Varma នា​​យិ​កា​ប្រចាំ​ប្រទេស​កម្ពុជា របស់ ADB បាន​ថ្លែងថា​៖ «​ទោះបី​តម្រូវការ​ពិភព​លោក​ចុះខ្សោយ​ក៏​សេដ្ឋកិច្ចកម្ពុជា​មានដំណើ​រ​ការល្អ​នៅ​ឆ្នាំ​ ២០២២ ដែល​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​។ ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​ភាព​វិជ្ជមាន​ជាមួយនឹង​កំណើន​ដ៏​រឹងមាំ​នៃ​ឱនភាព​គណនី​ចរន្ត​ដែល​រួម​តូច និង​កម្រិត​អតិផរណា​មធ្យម​នៅ​ឆ្នាំ​ ២០២៣»​។​

​លោកស្រី Jyotsana Varma បាន​បន្ថែមថា​៖ «​ហានិភ័យ​ដែល​អាចធ្វើឱ្យ​ប្រែប្រួល​ទស្សនវិស័យ​នេះ​រួម​មានកំ​ណើ​ន​ខ្សោយ​នៅ​អាមេរិក និង​អឺរ៉ុប​កម្រិត​ខ្ពស់​នៃ​បំណុល​ឯកជន កំណើន​តិចជាង​ការរំពឹងទុក​នៃ​ការមកដល់​ភ្ញៀវទេសចរ និង​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន តម្លៃ​ថាមពល​ខ្ពស់ និង​អាកាស​​ធាតុ​អាក្រក់​ដែល​ប៉ះពាល់​ដល់​ផលិត​​ភាព​កសិកម្ម​»​។​

​របាយការណ៍​នេះ​រំលេច​ថា ទស្សន​វិស័យសេដ្ឋកិច្ច​កម្ពុជា​ក៏​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​របស់​អាជ្ញាធ​រ​នៅ​ក្នុងការ​​បង្កើន​ការវិនិយោគ​បៃតង​ដើម្បី​ទទួលបាន​សក្ដានុពល​កំ​ណើ​ន​ពេល​វែង​។​

​ការកើនឡើង​នៃ​តម្រូវការ​ខាងក្រៅ​សម្រាប់​ផលិតផល និង​សេវាកម្ម​ទេស​ចរណ៍​របស់​កម្ពុជា​ដែលនាំឱ្យ​មានការ​រស់​ឡើងវិញ​នៃ​តម្រូវការ​អាហារ កន្លែង​ស្នាក់នៅ និង​កំណើន​នៃ​វិស័យ​ដឹក​​ជញ្ជូន និង​ទំនាក់ទំនង​ក្នុងស្រុក​បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅក្នុង​កម្រិត​ប៉ាន់ប្រមាណ ៥,២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២​។ នេះ​បើតាម ADO​។​

​ធនាគារពិភពលោក បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​អត្រា​ ៥,២ ​ភាគរយ​នៅ​ឆ្នាំ​ ២០២៣ ដែល​ជំរុញ​ដោយ​ការបើក​សេដ្ឋកិច្ច​ឡើងវិញ​របស់​ប្រទេស​ចិន ប៉ុន្តែ​បាន​កត់​សម្គាល់ថា សេដ្ឋកិច្ច​ក្នុង​តំបន់​អាច​រង​ផលប៉ះពាល់​ដោយសារតែ​ «​កំណើន សេដ្ឋកិច្ច​ពិភពលោក​យឺត ការ​កើន​ឡើង​តម្លៃ​ទំនិញ និង​ការ​រឹតបន្តឹង​លក្ខ​ខណ្ឌ​ហិរញ្ញវត្ថុ​ក្នុងការ​ឆ្លើយតប​នឹង​អតិផរណា​រយៈពេល​យូរ​»​។​

​របាយការណ៍​ធនាគារ​ពិភពលោក​ក៏បាន​ឱ្យដឹងទៀតថា ការបើក​ដំណើរ​ការឡើង​វិញ​របស់​ប្រទេស​ចិន​ជួយ​ឱ្យ​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។​

​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រ​ចាំ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ​២៥ ខែមករា បាន​និយាយថា រដ្ឋាភិបាល​បានកែតម្រូវ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២៣ ​មក​នៅត្រឹម ៥,៦ ​ភាគរយ​ធៀប​នឹង​ ៦,៦​ ភាគរយ​ដែល​ខ្លួន​បាន​ព្យាករ​កាល​ខែតុលា ឆ្នាំ​ ២០២២ ដោយសារតែ​ភាពមិនច្បាស់លាស់​អំពី​កំណើនសេដ្ឋកិច្ច​ពិភពលោក​ដែល​ជាប់​ទាក់​ទង​នឹង​ជម្លោះ​អ៊ុយ​ក្រែ​ន ការប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩៕