
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ រូបថត សហការី
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ជាស្ថាប័នអប់រំឯកជនឈានមុខមួយក្នុងប្រទេសកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់លើការអប់រំប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។
ដោយឃើញពីសម្ទុះនៃការរីក ចម្រើន និងមានការវិវឌ្ឍទៅមុខឥតឈប់ឈរ ចាប់តាំងពីការបើកក្រុមហ៊ុនលើកដំបូង ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ ប្រកបដោយផែនការច្បាស់លាស់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយ ដើម្បីដឹកនាំ ក្រុមហ៊ុនឱ្យកាន់តែមានវិសាលភាពក្នុងការបោះជំហានចូលក្នុងទីផ្សារមូលបត្រកម្ពុជា ទើបក្នុងឆ្នាំ២០១២អ្នកឧកញ៉ា បានរៀបចំក្រុមហ៊ុនរួច ជាស្រេច ដើម្បីត្រៀមខ្លួនឈាន ចូលក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភាពជោគជ័យរបស់ក្រុមហ៊ុនបានបង្ហាញពីសក្ខីភាពរបស់ក្រុមហ៊ុនក្នុងការឈានជើងចូលក្នុងទីផ្សារមូលបត្រនៅកម្ពុជា។ ដោយមានការរៀបចំផែនការយុទ្ធសាស្ដ្រអាជីវកម្មនាពេលអនាគត មានគោលដៅច្បាស់លាស់ និងឆន្ទៈរបស់ អ្នកឧកញ៉ា វេជ្ជណ្ឌិត គួច ម៉េងលី បានពង្រីកភាពខ្លាំងលើវិស័យអប់រំនៅកម្ពុជា គឺធ្វើយ៉ាងណាឱ្យស្ថាប័នអប់រំមួយនេះ មានរចនាសម្ព័ន្ធបុគ្គលិកស្ដង់ដា ការគ្រប់គ្រងច្បាស់លាស់ មានថ្នាក់ដឹកនាំមានជំនាញនិងវិជ្ជាជីវៈខ្ពស់ និងមានក្រុមប្រឹក្សាភិបាលត្រឹមត្រូវក្នុងក្រុមហ៊ុន។
ស្របពេលនោះ អ្នកឧកញ៉ាក៏បានគ្រោងធ្វើសំណើស្នើសុំខាងនិយ័តករមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុនជាផ្លូវការផងដែរ តែត្រូវបានពន្យារពេលសិន ដោយសារប្រទេសកម្ពុជាពេលនោះ បានរងនូវវិបត្ដិខ្លាំងពីជំងឺកូវីដ១៩។
លុះក្រោយមកក្នុងឆ្នាំ២០២៣ បន្ទាប់ពីវិបត្ដិកូវីដនៅប្រទេសកម្ពុជាត្រូវបានបញ្ចប់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចជាផ្លូវការក្នុងការស្នើសុំទៅខាងនិយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការ ខណៈពេលក្រុមហ៊ុនកំពុងតែមានសម្ទុះខ្លាំងក្នុងការរីកចម្រើនទៅមុខ។
នៅក្នុងដំណាក់កាលនេះដែរ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅតែបន្ដភាពខ្លាំងក្លារបស់ខ្លួន ក្នុងការឈរលើវិស័យអប់រំមួយនេះដដែល ដោយបច្ចុប្បន្នក្រុមហ៊ុន មានសាខាសរុបចំនួន ១៥ ក្នុងរាជធានី-ខេត្ត ក្រុង មានសិស្សជាង ២០.០០០ នាក់ បុគ្គលិក ២.១៤៩ នាក់ និង មានអតីតសិស្សជាង ៥០.០០០ នាក់ កំពុងសិក្សានិងធ្វើការនៅជុំវិញពិភពលោក។
អ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមហ៊ុននឹងបើកដំណើរការសាខាថ្មី សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ សាខាជាច្រើនបន្ថែមទៀតក្នុងនោះរួមមាន សាខាសែនសុខ, សាខាច្បារអំពៅ,សាខាកំពង់ចាម, សាខាតាកែវ និងសាខាបាត់ដំបង។
បន្ទាប់ពីនិយ័តករមូលបត្រកម្ពុជាបានធ្វើការពិនិត្យ និងសិក្សាច្បាស់លាស់ លើសំណើស្នើសុំដាក់ពាក្យចូលក្នុងបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូ ខេសិន និងបានឃើញពីវិសាលភាព ការរីកចម្រើន និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ទើបនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា បានឯកភាពលើសំណើដាក់តម្លៃ ២.០៨០ រៀល ក្នុង ១ ភាគហ៊ុន របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ស្របពេលជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សា អាជ្ញាធរ សេវា ហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន អ. ស.ហ និងឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។

ក្រុមហ៊ុនមានសាខាសរុប ១៥ នៅក្នុងរាជធានី-ខេត្ត ហើយគ្រោងនឹងពង្រីកច្រើនសាខាទៀត។ រូបថត សហការី
បន្ទាប់ពីការធ្វើបទបង្ហាញជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បានផ្ដល់ការអនុញ្ញាតជាគោលការណ៍ លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដោយក្រុមហ៊ុនត្រូវ បន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។
ជុំវិញបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នក-ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងពីឆន្ទៈ និងគោលដៅក្នុងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងបានដាក់ក្តីរំពឹងទុកបែបនេះថា៖
សូមជម្រាបថា ដើម្បីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជាផ្លូវការបាន ក្រុមហ៊ុនត្រូវតែទទួលបានការអនុញ្ញាតឱ្យបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈពីនិយ័តករមូលបត្រកម្ពុជា និងត្រូវទទួលបានការបញ្ជាក់យល់ព្រមជាមុនពីផ្សារមូលបត្រកម្ពុជា អំពីការកំណត់ថ្លៃលក់មូលបត្រ និងបំពេញបាននូវលក្ខខណ្ឌចុះបញ្ជីទាំងឡាយបន្តទៀតរបស់ផ្សារមូលបត្រកម្ពុជាពាក់ព័ន្ធនឹងមូលបត្រកម្មសិទ្ធិ។
១-ព័ត៌មានទូទៅអំពី MJQE IPO:
-ចំនួនភាគហ៊ុនបោះផ្សាយ (IPO Shares): ១៩.៦០៦.៦០០ភាគហ៊ុន (៥,៨៨% នៃ ភាគហ៊ុន ក្រុមហ៊ុន សរុប)
-តម្លៃភាគហ៊ុន (IPO Price perShare): ២០៨០រៀលក្នុងមួយភាគហ៊ុន
-តម្លៃបោះផ្សាយសរុប (IPO Proceed): ១០.០០០.០០០ដុល្លារ
-ការធានាភាគលាភ (Guaranteed Dividend): ៦% សម្រាប់រយៈពេល ២ឆ្នាំ
២-កាលវិភាគទិញលក់ (PUBLIC SUBSCRIPTION):
-ថ្ងៃចាប់ផ្តើម: ១០ មេសា ២០២៣
-ថ្ងៃបញ្ចប់: ០៩ មិថុនា ២០២៣
៣- ថ្ងៃចូលផ្សារភាគហ៊ុនជាផ្លូវការ៖ ២៨ មិថុនា 2023/
៤- ពាក្យស្លោក: (វិនិយោគជាមួយក្រុមហ៊ុនម៉េងលីជេ. គួច អេឌ្យូ ខេសិន ម.ក វិនិយោគដើម្បីវិស័យអប់រំនៅកម្ពុជា និងអនាគតកូនៗ របស់លោកអ្នក)។
សូមបញ្ជាក់ជូនដែរថា បច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនមានស្ថាប័ននួន ៤ធំៗ គឺ
១. មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាល ភាសាអង់គ្លេស ចិន និងភាសាថៃ។
២- សាលារៀន អន្តរទ្វីបអាមេរិកាំង AIS មានកម្មវិធីសិក្សាច្បាស់ លាស់ និងសម្បូរបែបចាប់ពីថ្នាក់ ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរអាមេរិកាំងដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ស្រមតាមក្រសួង អប់រំ យុវជន និងកីឡា។
៣- SOGO សេវាកម្មទៅសិក្សានិងទស្សនកិច្ចនៅក្រៅប្រទេស។
៤-i-Learn កម្មវិធីសិក្សាភាសាអងគ្លេសតាមរយៈប្រព័ន្ធអនឡាញ៕