កម្ពុជា និងម៉ាឡេស៊ី បានពិភាក្សា​ផ្លាស់ប្តូរ​គំនិត​យោបល់ និងទស្សនទាន​ផ្សេងៗ​ជាច្រើនពាក់ព័ន្ធ​នឹងការគ្រប់គ្រង​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ និងការរៀប​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដើម្បី​បង្កភាព​ងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព។

សេចក្តី​ប្រកាសព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា បានឱ្យ​ដឹង​ថា គណៈ​ប្រតិភូ​នៃអគ្គនាយកដ្ឋាន​ពន្ធដារ បានធ្វើ​ដំណើរ​ទស្សនកិច្ច ទៅប្រទេស​ម៉ាឡេស៊ី រយៈពេល​ពីរ​ថ្ងៃ កាលពី​ថ្ងៃទី ៥-៦ ខែមេសា ឆ្នាំ២០២៣ ដើម្បី​សិក្សា​ស្វែងយល់​អំពីការ​គ្រប់គ្រង និង​ការរៀបចំ​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ របស់​រដ្ឋបាល​សារ​ពើ​ពន្ធ​នៃប្រទេស​ម៉ាឡេស៊ី។

ក្នុងដំណើរ​ទស្សនកិច្ច​នោះ លោក លឹម ដឺលុច អគ្គនាយករង​នៃអគ្គនាយក​ដ្ឋាន​ពន្ធដារ និងប្រធាន​គណៈប្រតិភូ​នៃប្រទេស​កម្ពុជា ក៏បានចែក​រំលែក​បទ​ពិសោធន៍​នៃ​កំណែ​ទម្រង់​របស់កម្ពុជា​ក្នុងការ​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុងការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ជាពិសេស ការផ្តល់​សេវា​ជូន​ដល់​អ្នក​ជាប់ពន្ធ (Call Center, LiveChat, Facebook live, GDT News, Telegram Channel....) ព្រម​ទាំង​កម្មវិធី​វិក្កយបត្រ​នាំសំណាង (GDT L.ucky Draw)។

បន្ថែមពីនេះ​លោក​ក៏បានចែក​រំលែក​នូវ​ការគ្រប់គ្រង​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដែលបាន​និងកំពុង​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ផងដែរ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា៖«ជារួម​ភាគី​នៃប្រទេស​ទាំងពីរ​បានជជែក​ពិភាក្សា​ប្លាស់ប្តូរ​គំនិតយោបល់ និង​ទស្សនទាន​ផ្សេងៗ​ជាច្រើន​ពាក់ព័ន្ធ​ការគ្រប់គ្រង​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ និងការរៀបចំ​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ដើម្បី​បង្កភាព​ងាយស្រួល​ក្នុងការប្រើប្រាស់ និងការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព»។

ប្រភពដដែល​បន្ថែម​ថា ក្នុងដំណើរ​ទស្សនកិច្ច​នេះ​បានបញ្ចប់​ទៅប្រកប​ដោយទទួល​ផលផ្លែផ្កា ជាមួយនឹង​ការទទួលបាន​នូវ​ចំណេះដឹង គំនិត​ច្នៃប្រឌិត​ថ្មីៗ បទ​ពិសោធន៍ សម្រាប់​ជាមូលដ្ឋាន​ក្នុងការ​គ្រប់គ្រង និងរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ ឱ្យ​កាន់តែប្រសើរ​ឡើង។

នៅក្នុងដំណើរ​ទស្សនកិច្ច​សិក្សា​នោះដែរ ថ្នាក់​ដឹកនាំ​រដ្ឋបាល​សារពើពន្ធ​នៃប្រទេស​ម៉ាឡេស៊ី បាន​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​បទ​ពិសោធន៍​ជូន​គណៈប្រតិភូ​នៃប្រទេស​កម្ពុជា​អំពី លិខិត​បទដ្ឋាន​គតិយុត្ត ការស្នើ​សុំ សុពលភាព ក្រម​សីលធម៌ ការធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង និង​ប្រព័ន្ធ​គ្រប់គ្រង​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ៕​