ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយ​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ចលនា​ភូមិ​ ១ ផលិតផល​ ១ ជំ​រុញឱ្យ​ក្រសួងពាណិជ្ជកម្ម ក្រសួង​ព័ត៌មាន ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​សហការគ្នា​រៀបចំ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​ប្រារព្ធ និង​ផ្សព្វផ្សាយ​សកម្មភាព ឬ​ព្រឹត្តិការណ៍​នានា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផលិតផល​ក្នុងស្រុក និង​ការពង្រីក​ទីផ្សារ​ជូន​ប្រជា​ផលិតករ​នៅក្នុង​ស្រុក​។

លោក យឹម ឆៃលី ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ ​១ ផលិតផល​ ១ ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ លើក​ទី​៦ នា​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​ ៩ មេសា ឆ្នាំ​ ២០២៣ ក្រោម​ប្រធានបទ «​រួមគ្នា​ទិញ​ផលិតផល​ខ្មែរ បង្កើន​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​»​។​

លោក​ថ្លែងថា លោកនាយក​រដ្ឋមន្ត្រី បានផ្ដល់​អនុសាសន៍​មួយចំនួន​ដើម្បី​ជំរុញ​និង​បំផុស​តាម​មូលដ្ឋាន​ឱ្យមាន​ការកែច្នៃ​ផលិតផល​នានា ដែលមាន​លក្ខណៈ សម​ស្របតាម​ភូមិឋាន​។​ពិសេស​ស្រូបយក​ផលិតផល​កសិកម្ម កែច្នៃ​ជា​ចំណីអាហារ​ឬ​របស់​ប្រើប្រាស់​ផ្សេងៗ សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅប្រទេស ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​ប្រជាជន ឱ្យ​កាន់តែ​ល្អ​ប្រសើរឡើង​ស្របតាម​គោលនយោបាយ​ជាតិ​ស្តីពី​ការជំរុញ​ចលនា​ភូមិ​១ ផលិតផល​១​។

តាមរយៈ​សារលិខិត លោក យឹម ឆៃលី បាន​បញ្ជាក់ថា​៖«​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ក្រសួងពាណិជ្ជកម្ម ក្រសួង​ព័ត៌មាន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​សហការគ្នា​រៀបចំ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​ប្រារព្ធ និង​ផ្សព្វផ្សាយ​សកម្មភាព ឬ​ព្រឹត្តិការណ៍​នានា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ផលិតផល​ក្នុងស្រុក និង​ការពង្រីក​ទីផ្សារ​ជូន​ប្រជា​ផលិតករ​របស់​យើង​»​។

លោក​ថ្លែងថា គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១​រាជធានី ខេត្ត​ទាំងអស់ ត្រូវ​បន្ត​សហការ ជាមួយនឹង​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ក្នុងការ​ចងក្រង​បណ្តាញ​សមាជិក ចលនា​ភូមិ​១ ផលិតផល​១ ឱ្យបាន​ទូលំទូលាយ និង​កៀរគរ​ដៃគូ​នានា​សហការ​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍ តាំង​បង្ហាញ និង​លក់​-​ទិញ​ផលិតផល​ខ្មែរ តាម​ទីកន្លែង​ដែលមាន​សក្តានុពល​ទូទាំងប្រទេស​។

ម្យ៉ាងវិញទៀត​ត្រូវ​បញ្ជ្រាប​សមាសភាព​ខ្លួន​ទៅក្នុង​ក្រុមប្រឹក្សា ឬ​គណៈកម្មាធិការ​ផ្សេងៗ ដែលមាន​បេសកកម្ម​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការផលិត​កែច្នៃ​ផលិតផល ឬ​សេវាកម្ម​នានា​សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ទីផ្សារ​។ នេះ​បើតាម​ការបន្ថែម​ពី​លោក យឹម ឆៃលី​។​

កញ្ញា ប៊ុន សៀង តំណាង​កសិដ្ឋាន​ភូមិ​កសិផល​ធម្មជាតិ និង​បាន​យក​ផលិតផល​បន្លែ និង​ផ្លែឈើ​របស់ខ្លួន​ទៅ​ដាក់​បង្ហាញ​នៅក្នុង​ព្រឹ​ត្ត​ការណ៍​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ខេត្តស្វាយរៀង ដែរនោះ បាន​ប្រាប់​ឱ្យដឹងថា ព្រឹត្តិការណ៍​នេះ ជា​ឱកាសល្អ​សម្រាប់​ផលិតករ​ក្នុងស្រុក​ទាំង ក្នុង​ការដាក់​បង្ហាញ​ពី​ផលិតផល ដែល​ខ្លួន​ផលិត​បាន​ជូន​ដល់​សាធារណជន ឱ្យបាន​ដឹងថា​ផលិត​មួយចំនួន ខ្មែរ​ធ្វើបាន​ល្អ​ជាង​ផលិត​នាំចូល​ទៅទៀត​។​

កញ្ញា​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ភូមិ​កសិផល​ធម្មជាតិ ស្ទើរតែ​មិនដែល​ខកខាន​ឡើយ ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលិត​ក្នុងស្រុក ពិសេស​ប្រភេទ​បន្លែ​ផ្លែឈើ​សរីរាង្គ ដែល​កសិករ​ខ្មែរ​ដាំ​ដុះ​បាន​។​ខ្ញុំ​ឃើញ​មាន​ផលិតផល​ខ្មែរ​យើង​កាន់តែច្រើន ដែល​បាន​តាំង​បង្ហាញ​និង​ដាក់លក់ ក្នុង​ព្រឹត្តិការណ៍​ទាំងនោះ ដែល​នេះ​ជា​មោទនភាព​មួយ​ដែរ ព្រោះថា ខ្មែរ​យើង​អាច​ផលិត​បាន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ មិន​ចាញ់​ផលិត​នាំចូល​ឡើយ​»​។​

សូម​ជម្រាបជូន​ថា ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ និង​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ខេត្តស្វាយរៀង ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២៣ នៅលើ​បរិវេណ​សួន​វិមានឯករាជ្យ ខេត្តស្វាយរៀង​។​

ក្រៅពី​ការរៀបចំ​ការតាំងពិព័រណ៍​ផលិតផល​ខ្មែរ គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​១ ផលិតផល​១ ក៏មាន​រៀបចំ​ព្រឹត្តិការណ៍​អម​ជាច្រើន​ទៀត ដូចជា ការ​ដង្ហែ​ក្បួន​ទូងស្គរ​ផ្សព្វផ្សាយ​ផលិតផល​សំខាន់ៗ វេទិកា​ផ្គូផ្គង​អ្នកទិញ​-​អ្នកលក់ ការប្រគំ​តន្ដ្រី​នៅតាម​ដងផ្លូវ​មាត់​ព្រែក​កំពង់ចម្លង និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ទៀតផង​ដែរ​៕