​ភ្នំពេញៈ ខណៈ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ ត្រៀម​នឹង​ដាក់ឱ្យអនុវត្ត​នូវ​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ស្តង់ដា (Standard of Loan Agreement) សម្រាប់​លក្ខ​ខណ្ឌ​នៃ​ការផ្តល់ប្រាក់​កម្ចី​ក្នុង​វិស័យ​ហិរញ្ញវត្ថុ អ្នក​នៅក្នុង និង​ក្រៅ​វិស័យ​ហិរញ្ញវត្ថុ​ហាក់​មានគំនិត​ផ្សេងគ្នា​ចំពោះ​ការដាក់ចេញ​នូវ​ស្តង់ដា​រួម​នោះ​។​

​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ស្តង់ដា​នេះ​ត្រូវបាន​ផ្តួចផ្តើម និង​បង្កើត​ដោយ​កិច្ចខិតខំ​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA)​ ក្នុង​ឆ្នាំ​ ២០២២ ហើយ​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ស្តង់ដា​នេះ​មាន​វិសាលភាព​អនុវត្ត​លើ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិ​រញ្ញ​វត្ថុ​ទាំងអស់​រួមមាន ធនាគារ​​ពាណិជ្ជ ធនាគារ​ឯកទេស គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​​បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ភតិសន្យា​។ នេះ​បើតាម លោក សុខ វឿន​។​

​លោក សុខ វឿន ដែលជា​ប្រ​​ធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមា​​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​បរិ​យា​​ប័ន្ន​ហិរញ្ញវត្ថុ​នៃ​សមាគម​ធនា​គារ​នៅ​កម្ពុជា បាន​អះអាងថា កិច្ចសន្យា​ស្តង់ដា​នឹងមាន​ព័​ត៌​មានចែង​ពី​លក្ខខណ្ឌ​គឺ​ដូចគ្នា​ស្ទើរតែ​ទាំងស្រុង​សម្រាប់​លក្ខ​ខណ្ឌ​នៃ​ការខ្ចីប្រាក់​។​

​លោក​ថ្លែងថា​៖ «​ខុស​ត្រង់​ថា អត្រា​ការប្រាក់ ​(Interest Rate)​ អាច​ខុសគ្នា កម្រៃ​សេវា​អាច​ខុសគ្នា​មួយចំនួន ប៉ុន្តែ​លក្ខខណ្ឌ​ទាំងអស់​ក្នុងនោះ​គឺ​ដូចគ្នា​»​។​

​លោក អ៊ិន ចាន់នី ប្រធាន​នា​យក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ប្រាប់ថា ការដាក់ចេញ​លក្ខខណ្ឌ​ស្តង់ដា​តែមួយ​បែប​​នេះ​នឹង​រួមចំណែក​ជួយ​ការពារ​ទាំង​អតិថិជន និង​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ទាំងអស់ ជាពិសេស​គឺ​ការលើកកម្ពស់​ការប្រកួត​ប្រ​ជែង​ដោយ​ស្មើភាព​។​

​លោក​ថ្លែងថា​៖​«​លុបបំបាត់​នូវ​ការប្រកួតប្រជែង​មិន​ស្មើភាព​គ្នា​។ ម្យ៉ាងទៀត កាលណា​យើង​មាន​បទដ្ឋាន និង​ស្តង់ដា​ដូចគ្នា វា​នឹង​ងាយស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ​។ ចំពោះ​ខ្ញុំ​ជា​ប្រតិបត្តិ​ករ​មួយ​ក្នុងចំណោម​ប្រ​តិ​ប​ត្តិ​ករ​ទាំងឡាយ យើង​ឃើញថា វា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​ជួយ​ការពារ​អតិថិជន ក៏ដូចជា​ជួយ​ការពារ​ស្ថាប័ន​ដែលជា​ការពារ​ស្មើភាព​គ្នា​»​។​

​លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​អះអាងថា ការ​ផ្តល់​លក្ខខណ្ឌ​សម្រាប់​ប្រាក់​កម្ចី​គួរតែ​ធ្វើឡើង​តាម​រូបភាព​ផ្សេងៗ​គ្នា តាម​លក្ខខណ្ឌ​ខុសៗ​គ្នា ដើម្បី​បង្កើន​ការប្រកួត​ប្រ​ជែង​ក្នុង​វិស័យនេះ​។​

​លោក​អះអាងថា​៖​«​ស្ថាប័ន​នីមួយៗ​តែងតែមាន​លក្ខខណ្ឌ​ផ្សេងៗ​គ្នា​និង​មាន​ភាពបត់បែន​តាម​ទម្រង់​អាជីវកម្ម​របស់​ពួក​គេ ដោយ​ខ្លះ​មាន​សាខា​ច្រើន ខ្លះ​មាន​សាខា​តិច​។ ស្ថាប័ន​ខ្លះ​មាន​សេវាកម្ម​ខិតជិត​ប្រជាជន អ្នក​ ​[​ស្ថាប័ន​] ខ្លះ​ក៏​មិនមាន​»​។​

​លោក​បន្ថែមថា មែនទែនទៅ​ការផ្តល់​លក្ខខណ្ឌ​កម្ចី គួរ​មានការ​បត់បែន​តាម​ស្ថាប័ន​៕