វ៉ាស៊ីនតោនៈ មន្ត្រីជាន់ខ្ពស់​របស់​មូ​ល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ បាន​អះអាងថា ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស រួមទាំង​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​បំណុល​ដោយសារតែ​ការកើនឡើង​នៃ​អត្រា​ការប្រាក់​អន្តរជាតិ​របស់​ប្រទេស​អភិវឌ្ឍន៍​។​

​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភព​លោក​ចុងក្រោយ​របស់ IMF ឱ្យដឹងថា ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ​គឺ​ផ្តោតលើ​ប្រទេស​អភិ​វឌ្ឍន៍ ពិសេស​តំបន់​ចាយប្រាក់​អឺរ៉ូ និង​ចក្រភព​អង់គ្លេស ដែល​កំណើន​ត្រូវគេ​រំពឹងថា នឹង​ធ្លាក់​ចុះមក​ត្រឹម ០,៨​ ភាគរយ និង ០,៣​ ភាគរយ​នៅ​ឆ្នាំ​ ២០២៣​ នេះ មុនពេល​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​អត្រា ១,៤​ ភាគរយ និង ១​ ភាគរយ​រៀង​គ្នា​។

​ផ្ទុយទៅវិញ​ទោះបី​មានការ​កែតម្រូវ​ការធ្លាក់​ចុះ ០,៥​ ភាគរយ ក៏​ទីផ្សារ​រីក​ចម្រើន​រហ័ស និង​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​កំពុង​កើនឡើង ដោយ​កំណើន​ឆ្នាំ​ ២០២៣ នឹង​កើន​ឡើងដល់ ៤,៥ ​ភាគរយ ពី ២,៨ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២​។ កំណើនសេដ្ឋកិច្ច​កម្ពុជា មាន​អត្រា ៥,៨ ​ភាគ​​រយ​នៅ​ឆ្នាំ​ ២០២៣ និង ៦,២ ​ភាគរយ​នៅ​ឆ្នាំ ​២០២៤​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅឯ​ទស្សនវិស័យ​សេដ្ឋកិច្ចពិភពលោក​នៅ​ទីស្នាក់ការ​កណ្តាល​របស់ IMF នាទី​ក្រុង Washington DC សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​ ១១ ខែមេសា លោក Pierre Olivier Gourinchas ប្រធាន​សេដ្ឋវិទូ និង​ជានា​យក​ផ្នែក​ស្រាវជ្រាវ​របស់ IMF បាន​លើកឡើងថា IMF មើលឃើញថា មាន​ប្រទេស​មួយចំនួន​កំពុង​ប្រឈមមុខ​នឹង​ស្ថាន​​ភាពលំបាក​យ៉ាងខ្លាំង ជាពិសេស​នៅពេល​និយាយ​អំពី​បំណុល​។​

​លោក​ថ្លែងថា​៖ «​នោះ​គឺជា​អ្វីដែល​បានបញ្ជាក់​រួចមកហើយ​កាលពី​ឆ្នាំមុន នៅពេលដែល​យើង​បង្កើន​តម្លៃ​ប្រាក់​​ដុល្លារ​អាមេរិក ហើយ​នៅ​ទីនោះ​ក៏ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ចលនា​ដ៏​ធំ​នៃ​លំហូរ​មូលធន និង​ការកើនឡើង​សម្ពាធ​។ វា​មិនមាន​លក្ខណៈ​ទូលំ​ទូ​លាយ​សម្រាប់​ប្រទេស​ដែលមាន​ប្រាក់​ចំណូល​ទាប​ឡើយ ប៉ុន្តែ​មាន​ភាពខុស​ប្លែក​គ្នា​ខ្លាំង​ជាមួយ​ប្រទេសមួយ​ចំនួន​ដែល​កំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​លំបាក​ខ្លាំង ដូច្នេះ​យើង​កំពុង​ប៉ាន់​ប្រ​មាណ​ថា នៅពេលនេះ​ចំនួន ៦០ ​ភាគ​​រយ​នៃ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​មាន​បញ្ហា​បំណុល ឬ​ហានិភ័យ​ខ្ពស់​ចំពោះ​វិបត្តិ​បំណុល និង​ប្រហែល ២៥ ​ភាគរយ​នៃ​ប្រទេស​មាន​ទីផ្សារ​រីក​ចម្រើន​រហ័ស​ក៏​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ផងដែរ​។ ស្ថានភាព​បែបនេះ​ត្រូវតម្រូវ​ឱ្យមាន​ការចាត់​វិធាន​ការ​។ ជាការ​ពិត​ក្នុង​ករណីខ្លះ​មានការ​ចែកចាយ​តាម​កម្រិត​នៃ​ប្រទេស​ដោយ​សារ​លក្ខខណ្ឌ​របស់​ពួកគេ​នៅមានកម្រិត​ចំពោះ​ទំហំ​សារពើពន្ធ ហើយ​មួយចំនួន​នៃ​តម្រូវការ​អ្វីមួយ​គឺ​ត្រូវ​ពិភាក្សា​ជាមួយ​ម្ចាស់បំណុល​ពី​របៀប​ដោះស្រាយ​បញ្ហា​ដំណើរ​ផ្លូវ​ទៅមុខ​»​។​

​លោក​បន្ថែមថា​៖ «​ជាការ​ពិតណាស់​មូលនិធិ ​(IMF) ក៏មាន​ការពាក់ព័ន្ធ​ការពិភាក្សា​ជាច្រើន ហើយ​យើង​មាន​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ព្យាយាម​សម្របសម្រួល និង​ពិភាក្សា​ដើម្បី​ស្វែងរក​ក្របខ័ណ្ឌ​រួម​ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ​ ២០២០​។ វា​មិនទាន់មាន​ប្រយោជន៍​ទូលំទូលាយ​នៅឡើយ​ទេ ប៉ុន្តែ​វា​បានទទួល​ផ្លែផ្កា​។ យើង​មានការ​ពិភាក្សា​លើ​មធ្យោបាយ​នេះ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​បន្តិចទៀត ហើយ​មានការ​រីកចម្រើន​ខ្លះ​»​។​

​លោកស្រី ជា សិរី ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​កាលពី​សប្តាហ៍​មុន​ថា ការកើនឡើង​អត្រា​ការប្រាក់​នៅ​ទីផ្សារ​អន្តរជាតិ​ប៉ះពាល់​ដល់​ធនាគារ​ក្នុងស្រុក ត្រូវ​ទប់ស្កាត់​ផលប៉ះពាល់​ដល់​ប្រតិបត្តិ​​ការ​របស់​ពួកគេ​។​

​លោកស្រី​ថ្លែងថា​៖ «​កន្លងមក​ខ្ញុំ​បាន​ពន្យល់​ពី​មូល​ហេតុដែល​ធនាគារ​មួយចំនួន​ដំឡើង​អត្រា​ការប្រាក់​ឥណទាន​។ ការដំឡើង​គឺ​ដោយសារ​អត្រា​ការប្រាក់​លើ​ទីផ្សារ​អន្តរជាតិ​កើនឡើង ហើយ​ធនាគារ​នៅ​កម្ពុជា​ក៏ត្រូវ​រង​ឥទ្ធិពល​ពី​ការកើនឡើង​នេះដែរ ដែល​ធ្វើឱ្យ​តម្លៃ​ដើមទុន​គាត់​ខ្ពស់ជាង​មុន​។ ធនាគារ​ដែល​ខ្ចីប្រាក់​ពី​បរទេស​ត្រូវ​បង់ការ​​ប្រាក់​ខ្ពស់ជាង​មុន ហើយ​ធនាគារ​ដែល​ការប្រាក់​ខ្ពស់ជាង​មុន​ឱ្យ​អ្នក​ដាក់​ប្រាក់​បញ្ញើ​។ បើ​យើង​សង្កេតមើល​អត្រា​ប្រាក់​បញ្ញើ គឺមាន​ការកើនឡើង​សឹង​គ្រប់​ធនាគារ​។ អ្នក​ដាក់​លុយ​ចង់បាន​ការប្រាក់​ខ្ពស់ ឯ​អ្នក​ខ្ចី​ចង់បាន​ការប្រាក់​ទាប​។ ដូចនេះ​ធនាគារ​មួយចំនួន​ក៏បាន​សម្រេចចិត្ត​ដំឡើង​អត្រា​ការប្រាក់​លើ​ឥណទាន​អតិថិជន​របស់ខ្លួន​»​។

​លោកស្រី​បាន​ពន្យល់ថា​៖ «​សំណួរ​សួរថា តើ​ធ្វើ​នេះ​ខុស ឬ​ត្រូវ​? ខ្ញុំ​ក៏​មិនដឹងថា កិច្ចសន្យា​នីមួយៗ​បាន​សរសេរ​យ៉ាងដូច​ម្តេច​ដែរ​។ វា​អាស្រ័យ​លើ​ការ​ឯកភាពគ្នា​រវាង​ភាគី​ទាំងសងខាង​។ កិច្ចសន្យា​ខ្លះ​គឺ​ផ្អែកលើ​អត្រា​ការប្រាក់​អណ្តែត​អន្តរជាតិ​។ បានន័យថា បើ​អត្រា​ការប្រាក់​អន្តរជាតិ​កើន​អត្រា​ការ​ប្រាក់​ឥណទាន​ក៏​កើនឡើង ហើយ​បើ​អត្រា​ការប្រាក់​អន្តរជាតិ​ធ្លាក់ចុះ អត្រា​ការប្រាក់​ឥណទាន​ក៏ត្រូវ​បន្ទាប​តាម​ហ្នឹង​ដែរ​។ ប៉ុន្តែ​ក៏មាន​កិច្ចសន្យា​ឥណ​ទាន​ខ្លះ អត្រា​ការប្រាក់​ត្រូវបាន​កំ​​ណ​ត់​ទុកជាមុន​ក្នុង​រយៈពេល​សរុប​នៃ​ការខ្ចី​។ នៅក្នុង​ករណីនេះ​ធនាគារ​ត្រូវ​ចរចា​ឡើងវិញ​ជាមួយ​អតិថិជន បើ​មានការ​ប្រែប្រួល​លក្ខខណ្ឌ​»​។​

​លោកស្រី​បន្តថា​៖ «​ដូច្នេះ​សូម​បង​​ប្អូន​ពិនិត្យមើល​កិច្ចសន្យា​ខ្លួន​ឱ្យបាន​ហ្មត់ចត់​មុននឹង​ចុះហត្ថលេខា ហើយ​ត្រូវ​យល់​ពី​សិទ្ធិ និង​កាតព្វកិច្ច​ខ្លួនឯង​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ចៀសវាង​ជម្លោះ​នៅ​ថ្ងៃក្រោយ​»​។

​លោកស្រី​ឱ្យដឹងទៀតថា ទោះ​យ៉ាង​ណា​យោងតាម​បទ​ប្ប​ញ្ញ​តិ​ជា​ធរមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​កាតព្វកិច្ច​បំភ្លឺ​រាល់​ចម្ងល់​អតិថិជន និង​បង្ហាញ​រាល់​លក្ខខណ្ឌ​ទាំងឡាយ​ដោយ​សុចរិត និង​តម្លាភាព​។​

​យោងតាម IMF កំណើន​នេះ​នឹង​ធ្លាក់​ចុះមក​នៅត្រឹម ២,៨ ​ភាគរយ​នៅ​ឆ្នាំនេះ​មុនពេល​កើនឡើង​តិចតួច​ដល់ ៣​ ភាគរយ​នៅ​ឆ្នាំក្រោយ ពោល ០,១ ​ភាគរយ​ទាប​ជាង​ការ​ព្យាករ​កាលពី​ខែ​​មករា​។ អតិផរណា​សកល​នឹង​ធ្លាក់ចុះ ទោះបីជា​យឺត​ជាង​ការរំពឹងទុក​ដំបូង​ក៏ដោយ ពី ៨,៧​ ភាគរយ​កាលពី​ឆ្នាំ​មុន មក​នៅ ៧​ ភាគរយ​នៅ​ឆ្នាំនេះ និង ៤,៩​ ភាគរយ​នៅ​ឆ្នាំ​ ២០២៤៕