​ភ្នំពេញៈ គម្រោង​វិនិយោគ ៥ ដែលមាន​ទុន​សរុប ១០៣,៣​ លាន​ដុល្លារ និង​អាចបង្កើត​ការ​ងារ​បាន ១ ១៦៨ កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) អនុម័ត​ឱ្យ​វិនិយោគ​។ នេះ​បើតាម​បណ្តាញ​សង្គម​ផ្លូវ​ការ​របស់ CDC​។​

CDC នៅ​ថ្ងៃទី​ ១៧ ខែមេសា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា តាម​សំណើ​វិនិយោគ​របស់​ក្រុមហ៊ុន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ឱ្យ​គម្រោង​វិនិយោគ ៥ រួមមាន គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ និង​គោ​សាច់​ខ្នាត​ធំ​របស់​ក្រុម​ហ៊ុន Eastern Rubber (Cambodia) Co., Ltd នៅ​ស្រុក​ស្នួល ខេត្តក្រចេះ មាន​ទុនវិនិយោគ ៧៣,៤​ លាន​ដុល្លារ​, គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​ឧស្សាហកម្ម ​(​ដើម​កៅស៊ូ​) និង​សាងសង់​រោងចក្រ​កែច្នៃ នៃ​ក្រុម​​ហ៊ុន Rithy Rubber (Cambodia)Co., Ltd នៅ​តំបន់​ប្រើប្រាស់ ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ នៅក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ មាន​ទុនវិនិយោគ ១២ ​លាន​ដុល្លារ​, និង​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​របស់​ក្រុមហ៊ុន GE New Energy Technology (Cambodia) Co., Ltd នៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំ​ពេញ ទុនវិនិយោគ ៧​ លាន​ដុល្លារ​។​

​ចំណែក​គម្រោង ២ ទៀត​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​របស់ Jingmaoguoji (Cambodia) Gar-ment Co., Ltd នៅ​ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ ៥,៧​ លាន​ដុល្លារ​, និង​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារ​អេឡិចត្រូនិក របស់​ក្រុម​ហ៊ុន​ Ebelno (Cambodia) Co., Ltd នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ ៥,២​ លាន​ដុល្លារ​។​

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋ​​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែមេសា ថា ការមកដល់​របស់​គ​ម្រោ​ង​វិនិយោគ​ថ្មីៗ​ជា​បន្តបន្ទាប់ គឺ​ដោយសារ​កម្ពុជា​ជា​ប្រទេស​មាន​ទីផ្សារ​អន្តរជាតិ​ច្រើន​នៅចាំ​ទទួល​ទិញ​ទំនិញ​របស់ខ្លួន នៅក្រោម​លក្ខខណ្ឌ​ពិសេស​ដោយមាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ធំៗ​ដូចជា GSP ពី​អាមេរិក EBA ពី​សហភាព​អឺរ៉ុប និង​ថ្មីៗ​នេះ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ដែល​កម្ពុជា​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ចិន កូរ៉េ និង​កិច្ច​ព្រម​ព្រៀង​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) មាន​ប្រទេស​សមា​ជិ​ក​ចំនួន ១៥ ក៏បាន​ចូល​ជា​ធរមាន​ផងដែរ​។ លោក​បន្តថា រឿង​មួយទៀត​ដែលជា​សក្តានុពល​ក្នុងការ​ទាក់ទាញ​ក្រុម​អ្នកវិនិយោគ​ឱ្យ​ចូលមក​បណ្តាក់​ទុន​នោះ គឺ​កម្ពុ​ជាមាន​ប្រភព​នៃ​ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​សម្បូរបែប និង​សម្បូរ​កម្លាំង​ពលកម្ម​។​

​លោក​បញ្ជាក់ថា​៖ «​នេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ដំបូង​ប៉ុណ្ណោះ​បន្ទាប់ពី​សេដ្ឋកិច្ចពិភពលោក​ងើប​ចេញពី​វិបត្តិ​កូ​វីដ​ ១៩​។ សម្ទុះ​នេះ​នឹងមាន​ចលនា​កាន់តែខ្លាំង​នៅពេលដែល​ស្ថានភាព​កំពុង​កើត​ក្នុង​ពេលនេះ ​(​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​ធំៗ​) វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។​

​លោក​បន្តថា ក្រៅពី​ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ ច្បាប់​វិនិយោគ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ភាពល្អប្រសើរ កម្ពុជា​ក៏​ជា​ប្រទេស​ដែលមាន​ខឿនសេដ្ឋកិច្ច​រឹងមាំ​ផងដែរ​។​

​លោក វណ្ណៈ អះអាងថា​៖ «​ការមកដល់​របស់​គ​ម្រោ​ង​វិនិយោគ គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​បាន​កាន់តែច្រើន​ផងដែរ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា មូល​ហេតុដែល​កម្ពុជា​នៅតែ​ទទួលបាន​ការបណ្តាក់ទុន​ថ្មីៗ គឺ​ដោយសារ​កម្ពុ​ជាមាន​ភាព​អនុគ្រោះ​ច្រើន​សម្រាប់​អ្នក​​វិនិយោគ​។ អ្នកវិនិយោគ​មុន​សម្រេច​ចិត្ត​បណ្តាក់ទុន​នៅ​កន្លែង​ណាមួយ​គេ​តែង​សិក្សា​យ៉ាង​លម្អិត​លើ​លក្ខខណ្ឌ​ទាំងអស់នោះ ដូច្នេះ​កំណើន​ក្រុមហ៊ុន​ដែល​អនុម័ត CDC ឱ្យ​វិនិយោគ គឺ​មិនមែនជា​រឿង​ចៃដន្យ​ឡើយ​។​

​លោក​បន្តថា ការខិតខំ​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការរៀបចំ​ច្បាប់ និង​កិច្ច​សហ​ការល្អ​ជាមួយនឹង​បណ្តា​ប្រទេស​នានា​កំពុងផ្តល់​ផល​វិជ្ជមាន​កាន់តែច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លោក​បញ្ជាក់ថា​៖ «​នេះ​ជាស​មិទ្ធ​ផល​ដែល​បាន​ពី​ការខិតខំ​របស់​រដ្ឋា​ភិ​បាល ក៏ដូចជា​ផ្នែក​ឯកជន​ក្នុងការ​ទាក់​ទាញ​អ្នកវិនិយោគ​ឱ្យ​សម្លឹង​ឃើញ​ពី​កាលានុវត្តភាព​នៅ​កម្ពុជា​»​។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​សប្តាហ៍​មុន​ក៏បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ ៦ ដែលមាន​ទុនវិនិយោគ​សរុប ៧៣,៩​ លាន​ដុល្លារ និង​បង្កើត​ការងារ ១ ៧២១ ​កន្លែង​ផងដែរ​៕