ភ្នំពេញៈ ស្ថាប័ន​គ្រប់គ្រង​មូលនិធិ​វិ​និ​​យោគ​អន្តរជាតិ Incofin មាន​មូលដ្ឋាន​នៅ​ប្រទេស​បែលហ្ស៊ិក បាន​អះអាងថា វិស័យ​ធនាគារ​នៅ​កម្ពុជា មាន​ភាពរឹងមាំ​ខ្លាំង​មិន​ងាយ​នឹង​ដួលរលំ​នោះទេ ប៉ុន្តែ​ព័ត៌មាន​អវិជ្ជមាន​កើតឡើង​ម្តងម្កាល​ក៏បាន​ធ្វើឱ្យ​វិនិយោគិន​បរទេស​ខ្លាចរអា និង​ចោទសួរ​ត្រឡប់មកវិញ​ចំពោះ​មូល​និ​ធិ​ដែល​ពួកគាត់​បាន​ទម្លាក់​មក​។​

Incofin គឺជា​ក្រុមហ៊ុន​គ្រប់គ្រង​វិ​និ​យោគ​បរទេស​ដែល​ផ្តល់​កម្ចី​ដល់​ក្រុម​ហ៊ុន​ក្នុង​វិស័យ​កសិកម្ម និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា តាំងពី​ឆ្នាំ ២០១៣ ដោយ​មកដល់ពេលនេះ​បាន​កៀរគរ​ទុន​ប្រមាណ​ ១០០​ លាន​ដុល្លារ​សម្រាប់​ការ​​វិនិយោគ​បន្ត​នៅ​កម្ពុជា​។​

​ក្នុង​បទ​បង្ហាញ​ដល់​អ្នកសារព័ត៌មាន​កា​លពី​ពេល​ថ្មីៗ​នេះ លោកស្រី ជា វុទ្ធី អនុប្រធាន​ថ្នាក់​តំបន់​នៃ​ក្រុមហ៊ុន Incofin បាន​អះអាងថា ការ​កៀរគរ​ទុន​ពី​ក្រៅប្រទេស​ឱ្យមក​វិនិយោគ​ក្នុងប្រទេស​មិនមែនជា​រឿង​ងាយស្រួល​ទេ ព្រោះ​ព័ត៌មាន​ដែល​ផ្ទុះឡើង​អវិជ្ជមាន​នៅលើ​បណ្តាញ​សង្គម ឬ​តាម​មាតិកា​នៃ​សារ​​ព័ត៌មាន​ល្បី​គឺ​ងាយ​នឹង​ទៅដល់​ម្ចាស់​លុយ ដែល​នាំឱ្យមាន​ចំណោទបញ្ហា​ជា​ច្រើន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ចម្ងល់​របស់​ម្ចាស់​មូលនិធិ​។​

​លោកស្រី ជា វុទ្ធី និយាយថា​៖ «​គាត់​មិនមែន​ខ្លាច​ខ្មែរ​យើង​ខ្វះ​លទ្ធភាព​សង​នោះទេ និយាយ​ឱ្យអស់​ទៅ ព្រោះ​របាយ​ការណ៍​ហិរញ្ញវត្ថុ​ធនាគារ​នៅ​កម្ពុជា​រឹង​មាំ​។

របាយការណ៍​របស់​ធ​នាគារ​ជាតិ​ក៏បាន​បង្ហាញ​ដែរ​ថា ធនាគារ​នីមួយៗ​មាន​ដើមទុន​ច្រើន និង​បាន​បំពេញ​តាម​គោល​ការណ៍​របស់​ធនាគារ​កណ្តាល​បាន​ត្រឹម​ត្រូវ​។ បើ​និយាយ​ពី​សកម្មភាព​ហិរញ្ញវត្ថុ​វិញ គាត់​រឹងមាំ​ហើយ ប៉ុន្តែ​បើ​និយាយ​នៅក្នុង​បណ្តាញ​សង្គម​វិញ បើ​ដាក់​មូល​និ​ធិ​វិនិយោគ​នោះមក ស្រាប់តែ​ឃើញ​ព័ត៌មាន​អាក្រក់​វិញ​។ ពិតណាស់​គេ​ខ្លាច គេ​រអា ហើយ​គេ​នឹង​សួរថា មានរឿង​អ្វី​កើតឡើង​? សូម្បី​រឿង​នោះ​ជា​រឿង​តូច​ក៏​យើង​មិនត្រូវ​មើលរំលង​បានដែរ​»​។​

​លោកស្រី​បានលើកឡើង​ផងដែរ​ថា ព័ត៌មាន​លើ​បណ្តាញ​សង្គម និង​នៅលើ​មាតិកា​ព័ត៌មាន​របស់​ក្រុមហ៊ុន​ព័ត៌មាន​អន្តរជាតិ​ល្បីៗ ទោះ​រឿង​តូចតាច ប៉ុន្តែ​វិនិយោគិន​បរទេស​តែង​យកចិត្តទុកដាក់ និង​តម្រូវឱ្យមាន​ការដោះស្រាយ​។​

​លោកស្រី​និយាយថា​៖ «​នៅពេល​ព័​ត៌​មាន​អវិជ្ជមាន​ផ្ទុះឡើង​ចំពោះ​ស្ថាប័ន​ដែល​យើង​ធ្វើ​ការងារ​វិនិយោគ​ជាមួយ បើ​គាត់​មាន​ជាប់​ពាក់ព័ន្ធ តើ​គាត់​មាន​ជំហរ​ដោះស្រាយ​យ៉ាងដូចម្តេច​? យើង​ត្រូវ​ហ៊ាន​ទទួលខុសត្រូវ​»​។​

​កន្លងមក​មាន​របាយ​ការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ពី​ការ​ជំពាក់​បំណុល​វ័ណ្ឌក​របស់​អតិថិជន​ដែល​ប្រើប្រាស់​កម្ចី​ពី​ស្ថាប័ន​គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ថុ ឬក៏​ភ្នាក់ងារឥណទាន​ជនបទ​ដែល​ធ្វើឱ្យ​អ្នក​ជាប់បំណុល​មិនអាច​មានលទ្ធភាព​សង​ត្រឡប់​។​

​លោកស្រី​ក៏​ជឿថា បញ្ហា​អវិជ្ជមាន​មិន​មែន​គ្មាន​សម្រាប់​អតិថិជន​ប្រើប្រាស់​ប្រាក់កម្ចី​រាប់សិប​លាន​នាក់​នោះឡើយ​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ជឿថា អ្នក​ខ្ចីប្រាក់​ទាំង​ប្រមាណ ៣​ លាន​នាក់​នោះ​គ្មាន​បញ្ហា​ទេ​។ តិច ឬ​ច្រើន​គង់តែ​មាន​។ ខ្ញុំ​ឆ្លើយ​សំណួរ​ច្រើន​ទៅ​វិ​និ​យោ​គិ​នប​រទេស ដែល​សួរ​ក្រោយ​ឃើញ​ព័​ត៌​មាន​អវិជ្ជមាន​នោះ​។ គាត់​ត្រូវ​សួរ​មក​យើង ព្រោះ​យើង​ជា​អ្នកគ្រប់គ្រង​មូលនិធិ​សម្រាប់​ពួកគាត់​យកមកប្រើ​ប្រាស់​»​។​

​ជំហរ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​តែង​ត្រូវបាន​ចោទសួរ​ឡើង​នៅពេល​ធនាគារ​ក្រៅប្រទេស​ណាមួយ​ដួលរលំ​។ ជាក់​ស្តែង​កាលពីដើម​ខែមីនា​កន្លង​មក ការ​ប្រកាស​ក្ស័យធន​របស់​ធនាគារ Signature Bank (SBNY.O) និង​ធនាគារ Silicon Valley Bank ដែលមាន​មូល​ដ្ឋា​ន​នៅ​សហរដ្ឋអាមេរិក បាន​រីកសាយ​ភាយ​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅកាន់​ទីផ្សារ​ហិរញ្ញវត្ថុ​សកល​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ពាក់កណ្តាល​ខែមីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ករណី​ដួលរលំ​ធនាគារ​របស់​អាមេរិក​ទាំង ២ មិនបាន​បង្ក​ហានិភ័យ​ដល់​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ឡើយ​។​

​លោក​បន្ថែមថា បញ្ហា​ទាំងនេះ​ធ្លាប់​បានកើត​លើក​ទី​ ១ ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី ឆ្នាំ​ ១៩៩៧ ដោយ​ពេលនោះ​ពិតជា​ច្របូកច្របល់​ក្នុង​ប្រព័ន្ធ​ធនាគារ​នៅតាម​បណ្តា​ប្រទេស​នានា​រាប់ទាំង​កម្ពុជា​ផងដែរ​។

លោក​បន្តថា រហូតដល់​ឆ្នាំ ២០០៨ វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​សកល​ដែល​ផ្តើមចេញពី​ការដួលរលំ​នៃ​ធនាគារ​របស់​អាមេរិក​មួយ​ដែរនោះ វា​អត់​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កម្ពុជា​ឡើយ ហើយ​កម្ពុជា​ក៏បាន​ខិតខំ​ទប់ស្កាត់​ហានិភ័យ​ដោយ​ដំឡើង​អត្រា​កាតព្វកិច្ច​ចុះបញ្ជី​ពី ៧ ទៅ ១២ ភាគរយ​កាលពី​ពេលនោះ​បម្រុង​ទុក​នូវ​ស្ថានភាព​អាក្រក់​។​

​លោក​ថ្លែងថា​៖ «​ឥឡូវនេះ​បន្ទាប់ពី​បណ្តា​ធនាគារ​ចេះ​គ្រប់គ្រង​ហានិភ័យ​ខ្លួនឯង យើង​បាន​កាត់បន្ថយ​ទម្លាក់​អត្រា​ទុនបម្រុង​កាតព្វកិច្ច​មក​ត្រឹម ៧​ ភាគរយ​។ អ៊ីចឹង​ទេ ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​ដែល​បានដាក់​ប្រាក់​នៅក្នុង​ធនាគារ​សូមកុំ​ស្លន់ស្លោ​! ការ​ស្លន់ស្លោ​នឹងធ្វើ​ឱ្យ​យើង​បាត់បង់​ផលប្រយោជន៍​ទៅវិញ​ទេ​»​។​

​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រព័ន្ធ​ធនាគារ​កម្ពុជា មាន​ធនាគារ​ពា​ណិ​ជ្ជ ៥៩ ធនាគារ​ឯកទេស ៩ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៨២ គ្រឹះស្ថាន​ឥណទាន​ជនបទ ២២៤ គ្រឹះស្ថាន​ភ​តិ​​សន្យា​ហិរញ្ញវត្ថុ ១៦ គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ៣៤៕