ភ្នំពេញៈ ​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា ក្នុង​រយៈពេល ​៣​ខែ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៣ ការនាំចេញ​ផលិតផល​កាត់ដេរ​សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ ២ ៤៤៩,៤ លាន​ដុល្លារ មានការ​ថយចុះ​ប្រមាណ ៧០៥,៦ លាន​ដុល្លារ​អាមេរិក ត្រូវជា ២២,៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។​

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​វាយ​ន​ភណ្ឌ​សម្លៀកបំពាក់​ស្បែកជើង​និង​ផលិតផល​ធ្វើដំណើរ (TAFTAC) បាន​និយាយថា ការធ្លាក់ចុះ​នេះ គឺ​បណ្តាលមកពី​មូលហេតុ​សេដ្ឋកិច្ច​សកល​ដូចជា វិបត្តិ​អតិផរណា វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​កូ​វីដ​១៩ ជាដើម​។​

លោក​បាន​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា​ វា​នឹង​អាច​បន្ត​ចូលដល់​ត្រីមាស​ទី​២ នេះ​បើតាម​ការធ្វើ​ការអង្កេត​នៅក្នុង​ចំណោម​សមាជិក​របស់​យើង​។​យ៉ាងណាក៏ដោយ គួររំឭកថា​ ស្ថានភាព​នាំចេញ​របស់​យើង​នៅ​ដើម​ឆ្នាំមុន (២០២២) គឺ​ល្អ​មែនទែន ដូច្នេះ​នៅពេល​ស្ថានភាព​អាក្រក់​ដូច​ពេលនេះ​កើតឡើង ការធ្លាក់ចុះ​ក៏​ឃើញ​ខ្លាំង​ដែរ​»​។​

លោក លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​កម្ពុជា បានលើកឡើង​ស្រដៀង​គ្នា​នឹង​លោក កាំ​ង ម៉ូ​នី​កា ដែរ​ថា កត្តា​សំខាន់ ដែល​ធ្វើឱ្យ​ការនាំចេញ​ក្នុង​វិស័យ​កាត់​មានការ​ធ្លាក់ចុះ​នៅ​ដើមឆ្នាំ​នេះ ដោយសារតែ​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​អូសបន្លាយ ខណៈដែល​ធនាគារ​សហ​រដ្ឋ​អាមេរិក បន្ត​ដំឡើង​អត្រា​ការប្រាក់​បន្ថែមទៀត​។

​លោក​ថ្លែងថា​៖«​នៅ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ការបញ្ជាទិញ​មានការ​ធ្លាក់ចុះ ដោយសារតែ​ចំណូល​របស់​ប្រជាជន​នៅក្នុង​ប្រទេស​ទាំងនេះ មានការ​ធ្លាក់ចុះ​ច្រើន​មែនទែន​។​បញ្ហា​វិបត្តិ​អតិផរណា បានធ្វើ​ប្រជាជន​ចាប់ផ្តើម​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់​របស់​ពួកគេ ជាពិសេស​ការចំណាយ​លើ​សម្លៀកបំពាក់ ​ស្បែកជើង​»​។​

លោក​បន្តថា​៖ «​ម្យ៉ាងវិញទៀត ការបញ្ជាទិញ​កាលពីដើម​ឆ្នាំមុន​(២០២២) មាន​ក្រុមហ៊ុន​ខ្លះ​នៅសល់​ក្នុង​ស្តុក​មិនទាន់​លក់​អស់​នៅឡើយ ទើប​មិនមាន​ការបញ្ជាទិញ​ថ្មី ដែលនាំឱ្យ​ដាក់​បញ្ជា​ទិញ​នៅ​ដើមឆ្នាំ​នេះ មានការ​ធ្លាក់ចុះ​»​។​

ចំណែក អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ថ្លែងថា វិបត្តិ​សកល ជាកត្តា​សំខាន់​ដែល​អាច​រុញច្រាន​ឱ្យ​ការនាំចេញ​ផលិតផល​កាត់ដេរ​កម្ពុជា មានការ​ធ្លាក់ចុះ​។​

​លោក លឹម ហេង បាន​ថ្លែងថា​៖«​ការនាំចេញ មាន​សញ្ញា​ថយចុះ​នេះ វា​មាន​កត្តា​២ ដោយ​កត្តា​ទី​១ គឺ​កត្តា​អតិផរណា​នៅ​ទីផ្សារ​ដែល​បាន​បញ្ជា​ទិញ​ពី​យើង ដូចជា​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ក៏ដូចជា​បណ្តា​ប្រទេស​មួយចំនួនទៀត​។​ដោយឡែក​កត្តា​ទី​២ គឺ​កត្តា​ទំនិញ​តាម​រដូវ​កាល មានន័យថា ថ្វីដ្បិតតែ​ដើមឆ្នាំ​នេះ​ការនាំចេញ​ធ្លាក់ចុះ​មែន ប៉ុន្តែ​វា​នឹង​ប្រសើរ​ឡើងវិញ​នៅ​ពាក់កណ្តាល​ឆ្នាំ ឬុ​ចុង​ឆ្នាំនេះ​»​។

​ចំណែកឯ លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិតសភា​កម្ពុជា បានឱ្យដឹង​ដែរ​ថា ការបន្ត​អូសបន្លាយ​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល ជាពិសេស​បញ្ហា​ដែល​កើត​ដោយសារ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​បានធ្វើឱ្យ​សេដ្ឋកិច្ច​អឺរ៉ុប និង​អាមេរិក មាន​ភាព​ទ្រុឌទ្រោម​។​

លោក​ថ្លែងថា ៖ «​ភាព​ទ្រុឌទ្រោម​នេះ វា​មិនមែនជា​ការធ្លាក់ចុះ​យ៉ាងគំហុក​ដូច​ធ្លាក់​ក្នុង​វិបត្តិ​នោះទេ តែ​ជា​ធ្វើឱ្យ​ថមថយ​កម្លាំង​សេដ្ឋកិច្ច​បន្តិច​ម្តងៗ ដែល​ធ្វើឱ្យមាន​ការធ្លាក់ចុះ​នៃ​ការបញ្ជាទិញ​បន្តិច​ម្តងៗ ធ្វើឱ្យមាន​របត់​នៃ​ការផ្លាស់ប្តូរ​ Fashion សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អឺរ៉ុប និង​អាមេរិក ទើប​ការបញ្ជាទិញ​ថយចុះ​បែបនេះ​»៕